បាតុករស្រែកតវ៉ាបដិសេធច្បាប់ដ៏ចម្រូងចម្រាសស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ សម្រែកនេះលាន់កងរំពងមុខរដ្ឋសភាជាតិកាលពីព្រឹកថ្ងៃអង្គារនេះ ខណៈពេលដែលគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាធ្វើការសម្រេចលើសេចក្តីព្រាងច្បាប់នេះ។
សកម្មជនដីធ្លី សិទ្ធិមនុស្ស បុគ្គលិកអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋប្រហែល៣០០នាក់ ព្រមទាំងព្រះសង្ឃជាច្រើនអង្គ បានដង្ហែញត្តិជូនរដ្ឋសភាដើម្បីស្នើឲ្យច្រានចោលសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ ដោយពួកគាត់យល់ថា នេះជាការដាក់កំហិត និងការរឹតបន្តឹងដំណើរការរបស់អង្គការសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា។ ហើយសមាគម និងអង្គការតូចៗថ្នាក់មូលដ្ឋានប្រហែល២៥.០០០អាចនឹងបិទទ្វារ ប្រសិនបើសេចក្តីព្រាងច្បាប់នេះអនុម័តដោយមិនមានការពិគ្រោះយោបល់ឲ្យបានហ្មត់ច៉ត់នោះ។
ដោយកាន់បដារពណ៌ក្រហម លាយស និងខ្មៅលាយក្រហម ដែលរំលេចពាក្យថា «ចូរនិយាយទេ! ច្បាប់សហជីព សមាគមនិងអង្គការ» មិនមែនរដ្ឋាភិបាល ក្រុមបាតុករបានថ្លែងចំៗនៅមុខរដ្ឋសភាថា ពួកគាត់នឹងមិនបោះឆ្នោតជូនគណបក្សណាដែលលើកដៃគាំទ្រ អនុម័តសេចក្តីព្រាងច្បាប់ដែលមានចេតនាដាក់កំហិតលើសេរីភាពរបស់ពួកគាត់នេះទេ។
តាមរយៈឧបករណ៍បំពងសំឡេង ពួកគេបានថ្លែងយ៉ាងដូច្នេះថា៖ «យើងជាប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោត សូមជំរាបទៅតំណាងរាស្ត្រទាំង១២៣រូបឲ្យដឹងថា យើងនឹងមិនបោះឆ្នោតឲ្យគណបក្សណាដែលលើកដៃអនុម័តច្បាប់ចំពោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាល!»។
លោកមី សុវណ្ណ បុគ្គលិករបស់សមាគមការពារសិទ្ធិលំនៅដ្ឋាន សមាគមធាងត្នោតដែលចូលរួមដាក់ញត្តិកាលពីព្រឹកថ្ងៃអង្គារនេះ បាននិយាយថា បុគ្គលិកស្ទើរតែទាំងអស់របស់សមាគមបានចូលរួមដាក់ញ្ញត្តិទាមទារឲ្យសភាបញ្ឈប់ដំណើរការអនុម័តសេក្តីព្រាងច្បាប់នេះ។ លោកមី សុវណ្ណបានបញ្ជាក់ពីក្តីបារម្ភថា សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះនឹងធ្វើឲ្យបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលនិងសង្គមស៊ីវិលជាច្រើនបាត់បង់ការងារនាពេលខាងមុខ។
«ខ្ញុំគិតថា អង្គការមួយចំនួននឹងត្រូវបិទទ្វារ ហើយបុគ្គលិកមានការបាត់បង់ការងារបណ្តើរៗ ពេលដែលច្បាប់នេះចេញមក។ ណាមួយទៀត ទាក់ទងនឹងជំនួយពីបរទេសផ្សេងៗនឹងមានការរឹតត្បិតផងដែរក្នុងការជួយទៅអង្គការសង្គមស៊ីវិលផ្សេងៗ»។
កាលពីសប្តាហ៍កន្លងទៅ និងកាលពីថ្ងៃច័ន្ទម្សិលមិញនេះ តំណាងអង្គការធំៗជាង១០បានចូលជួបសម្តែងក្តីបារម្ភរបស់ខ្លួនទាក់ទិននឹងច្បាប់នេះប្រាប់លោកកឹម សុខា និងសម រង្ស៊ី មេដឹកនាំគណបក្សជំទាស់ដែលមានសំឡេងភាគតិចក្នុងសភា។ អង្គការសង្គមស៊ីវិលទាំងនោះ រួមមានវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាហៅកាត់ថា NGO Forum អង្គការតម្លាភាពកម្ពុជា TI មជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR និងអង្គការ Pact Cambodia ជាដើម។ អង្គការធំៗជាង១០នោះគឺជាតំណាងអង្គការជាង៣០០រយផ្សេងទៀតដែលចូលរួមធ្វើយុទ្ធនាការបញ្ឈប់ និងស្នើឲ្យមានកិច្ចពិភាក្សាយោបល់ឲ្យបានច្រើនលើសេចក្តីព្រាងច្បាប់មួយនេះ។
បន្ទាប់ពលរដ្ឋធ្វើការឈរតវ៉ាជាង២ម៉ោងនាមុខរដ្ឋសភា លោកសុន ឆ័យសមាជិករដ្ឋសភាពីគណបក្សជំទាស់ និងជាប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានចេញមកទទួលញ្ញត្តិពីក្រុមអ្នកតវ៉ា។ លោកបានប្រាប់អ្នកសារព័ត៌មានថា ប្រធានក្រុមភាគតិចរបស់លោកគឺលោកសម រង្ស៊ីបានចូលរួមប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាដើម្បីជជែកអំពីច្បាប់ដ៏ចម្រូងចម្រាសនេះ។
លោកបានថ្លែងថា៖ «ខ្ញុំយល់ថា មានការយកចិត្តទុកដាក់ជាងមុន ដែលទម្លាប់ពីដើមចំពោះការធ្វើច្បាប់ដែលប៉ះពាល់ដល់ប្រយោជន៍សង្គម ឬក៏ច្បាប់នានាដែលរដ្ឋាភិបាលបញ្ជូនមកគឺមានការប្រញាប់ប្រញាល់គ្មានការពិគ្រោះយោបល់ជាមួយនរណាទេ។ លើកនេះហាក់ដូចជាមានការយកចិត្តទុកដាក់ដែរ ហើយមានការសង្ឃឹមថា នឹងមានការសួរនាំគណបក្សសង្គ្រោះជាតិដែរ»។
លោកសុន ឆ័យក៏បានបញ្ជាក់ពីជំហររបស់គណបក្សសង្គ្រោះជាតិសាជាថ្មី ដូចអ្វីដែលប្រធានគណបក្សសង្គោះជាតិនិយាយថា នឹងព្យាយាមរិះរកវិធីសាស្ត្រដើម្បីទប់ស្គាត់សេចក្តីព្រាងច្បាប់នេះ ឬព្យាយាមការពារសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ក៏ដូចជាអង្គការសង្គមស៊ីវិល ឲ្យបានច្រើនទាក់ទិននឹងសេចក្តីព្រាងច្បាប់នេះ។
ទោះបីជាមានការតវ៉ាយ៉ាងនេះក៏ដោយ ក៏គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ដែលមានសមាជិកនិងប្រធានចំនួន១៣រូប បានសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសនេះទៅគណៈកម្មការទី៥នៃរដ្ឋសភាដែលនិងត្រូវធ្វើការសិក្សា និងវាយតម្លៃលើសេចក្តីព្រាងច្បាប់នេះ មុនពេលសម្រេចថា តើត្រូវដាក់ចូលកិច្ចប្រជុំពេញអង្គរដ្ឋសភាឬបង្វិលជូនរដ្ឋាភិបាលវិញ។
លោកឈាង វុន អ្នកនាំពាក្យរដ្ឋសភា និងជាប្រធានគណៈកម្មការទី៥នៃរដ្ឋសភាដែលនឹងធ្វើការលើសេចក្តីព្រាងនេះ បានប្រាប់វីអូអេខេមរភាសាថា លោកនឹងធ្វើការពិភាក្សាជាមួយភាគីដែលពាក់ព័ន្ធមុនពេលសម្រេចដាក់ឲ្យមានកិច្ចពិភាក្សាមួយ ឬច្រើននៅពេលខាងមុខ។ លោកបានលើកឡើងថា សមាជិកសភាមិនមានក្តីកង្វល់ចំពោះការគំរាមនិងការធ្វើបាតុកម្មតវ៉ាមុខរដ្ឋសភានាព្រឹកថ្ងៃអង្គារនេះទេ ដោយពួកគាត់គ្រាន់តែតំណាងឲ្យចំនួនអង្គការភាគតិចតែប៉ុណ្ណោះ៕