ទីក្រុងវ៉ាស៊ីនតុន៖ ដោយមានពលរដ្ឋរបស់ខ្លួនជិតមួយភាគប្រាំត្រូវការជំនួយស្បៀងអាហារ រដ្ឋាភិបាលកុម្មុយនីស្តរបស់កូរ៉េខាងជើង កំពុងចាត់វិធានការដើម្បីធ្វើឲ្យប្រសើរឡើងនូវផលិតកម្មអាហារ ហើយស្របពេលជាមួយគ្នានេះដែរ កែប្រែការខូចខាតផ្នែកបរិស្ថានមួយចំនួន ដែលបានធ្វើឲ្យបញ្ហាគ្រោះទុរ្ភិក្សដ៏រ៉ាំរ៉ៃកាន់តែធ្ងន់ធ្ងរឡើងថែមទៀត។ ការកាប់បំផ្លាញព្រៃឈើ បានរួមចំណែកធ្វើឲ្យមានទឹកជំនន់ធំៗជាច្រើនលើក នៅប្រទេសកូរ៉េខាងជើង ក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ។ ប៉ុន្តែ ឥឡូវនេះ រដ្ឋាភិបាលកំពុងគាំទ្រដល់កិច្ចប្រឹងប្រែងតូចមួយតែកំពុងរីកធំឡើង ដើម្បីស្តារឡើងវិញនូវជម្រាលខ្ពង់រាបសម្រាប់ដាំដើមឈើហូបផ្លែ និងយកគ្រាប់។
រយៈពេលជាង៤ទសវត្សរ៍បន្ទាប់ពីការបង្កើតប្រទេសនេះ ក្រោយពីសង្គ្រាមលោកលើកទីពីរមក ប្រទេសកូរ៉េខាងជើងបានពឹងផ្អែកលើសម្ព័ន្ធមិត្តកុម្មុយនីស្តរបស់ខ្លួន គឺសហភាពសូវៀត ក្នុងការផ្តល់ជីសម្រាប់កសិកម្ម។ នៅពេលដែលសហភាពសូវៀតបានដួលរលំក្នុងឆ្នាំ១៩៨៩ ផលិតកម្មអាហារនៅកូរ៉េខាងជើងបានធ្លាក់ចុះយ៉ាងច្រើន។
លោក ម៉ាឃឺស ណូឡិន (Marcus Noland) នាយករងនៃវិទ្យាស្ថានសេដ្ឋកិច្ចអន្តរជាតិ ភីធឺសុន (Peterson) មានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតុន បានសិក្សាពីកូរ៉េខាងជើង ចាប់តាំងពីឆ្នាំ១៩៩៥ម៉្លេះ។ លោកមានប្រសាសន៍ថា ខណៈដែលផលិតកម្មអាហារបានធ្លាក់ចុះ ព្រៃឈើនៅតំបន់ភ្នំ ត្រូវបានកាប់ឆ្ការដើម្បីយកដីដាំដំណាំបន្ថែម។
«ហើយ ខណៈដែលដើមឈើត្រូវបានកាប់នៅតាមជម្រាលខ្ពង់រាប ប្រការនោះបានរួមចំណែកដល់ការហូរច្រោះដី និងដីល្បប់ទន្លេ ដែលធ្វើឲ្យបញ្ហាទឹកជំនន់តាមរដូវ កាន់តែធ្ងន់ធ្ងរឡើង។ ដូច្នេះ នៅទីបំផុត ជនជាតិកូរ៉េខាងជើង បានជួបប្រទះនូវបញ្ហាបរិស្ថានដ៏ពិតប្រាកដមួយ »។
ទឹកជំនន់ធំៗ បានធ្វើឲ្យលិចលង់កូរ៉េខាងជើងក្នុងឆ្នាំ២០០៧ ហើយម្តងទៀត កាលពីរដូវក្តៅនេះ។ ប៉ុន្តែ បញ្ហាបរិស្ថាននេះ បានទាញការយកចិត្តទុកដាក់ពីសំណាក់រដ្ឋាភិបាល ជាលើកដំបូងក្នុងឆ្នាំ១៩៩៥ ដែលនៅពេលនោះទឹកជំនន់ដ៏មហន្តរាយ បានបំផ្លាញវាលស្រែរបស់ប្រទេសនេះ ចំនួនប្រហែល៤០ភាគរយ ហើយបានរួមចំណែកដល់គ្រោះទុរ្ភិក្ស ដែលបានសម្លាប់មនុស្ស២លាននាក់ បើតាមការប៉ាន់ស្មាន។
«បន្ទាប់មក រដ្ឋាភិបាលបាននិយាយថា ឥឡូវនេះ! យើងត្រូវតែធ្វើកិច្ចការអ្វីមួយ»។
នេះ គឺសំដីរបស់លោក ស៊ូ ជៀនជូ (Xu Jianchu) អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់នៅមជ្ឈមណ្ឌលក្សេត្រសាស្ត្រព្រៃឈើពិភពលោក (World Agroforestry Center) ដែលជាស្ថាប័នស្រាវជា្រវសកល យ៉ាងធំមួយ។
លោកស៊ូ មានប្រសាសន៍ថា ក្រសួងផ្សេងៗគ្នារបស់រដ្ឋាភិបាល មានគំនិតប្លែកគ្នាស្តីពីអ្វីដែលត្រូវធ្វើ ទាក់ទងនឹងទឹកជំនន់។ នៅតាមកន្លែងជាច្រើន ពលរដ្ឋបានកាប់ព្រៃឈើចោលដើម្បីដាំដំណាំធ្វើជាអាហាររបស់ពួកគេ។ លោកស៊ូ បានឲ្យដឹងទៀតថា ក្រសួងកសិកម្មចង់បានដើមឈើនៅតាមជើងភ្នំមកវិញ ហើយផលដំណាំរបស់ពលរដ្ឋត្រូវយកចេញពីកន្លែងទាំងនោះ។
ប៉ុន្តែលោកបានបន្ថែមថា ក្រសួងបរិស្ថាន ប្រកាន់យកទស្សនៈផ្សេងទៅវិញ។ ដោយបានធ្វើកិច្ចសហប្រតិបតិ្តការជាមួយទីភ្នាក់ងារផ្តល់ជំនួយរបស់ប្រទេសស្វីស ក្រសួងនេះបានចាប់ផ្តើមគម្រោងសាកល្បងតូចមួយ ក្នុងឆ្នាំ២០០២ ដើម្បីដាំដើមឈើហូបផ្លែ និងយកគ្រាប់ ព្រមទាំងព្រៃឈើសម្រាប់ផលិតឳសថ នៅតាមជម្រាលខ្ពង់រាប ជាប់ជាមួយនឹងផលដំណាំរបស់ពលរដ្ឋ។
«យើងបាននាំយកដើមឈើត្រឡប់មកវិញ ហើយទីពីរទៀត យើងក៏បានបំពេញសេចក្តីត្រូវការផ្នែកអាហារ របស់ពលរដ្ឋតាមមូលដ្ឋានដែរ»។
មជ្ឈមណ្ឌលក្សេត្រសាស្ត្រព្រៃឈើពិភពលោក បានចូលរួមក្នុងផែនការនេះក្នុងឆ្នាំ២០០៨។ កាលពីដើមទសវត្សរ៍នេះ ទីក្រុងព្យុងយ៉ាង (Pyongyang) បានចាប់ផ្តើមបន្ធូរបន្ថយការគ្រប់គ្រងដ៏តឹងរ៉ឹងទៅលើផលិតកម្មស្បៀងអាហាររបស់ប្រទេស។ លោកស៊ូ បាននិយាយថា រដ្ឋាភិបាលបានរៀបចំគ្រួសារនីមួយៗចូលទៅក្នុងក្រុមអ្នកប្រើប្រាស់ ដែលត្រូវបានផ្តល់សិទ្ធិស្វ័យភាពដើម្បីជ្រើសរើសថាតើប្រភេទឈើណាមួយដែលត្រូវដាំ។ លោកស៊ូ បានឲ្យដឹងទៀតថា ប្រការនោះគឺមានសារៈសំខាន់ ដោយសារតែនៅក្នុងចំណុចមួយនោះ រដ្ឋាភិបាលបានផ្តល់តែដើមស្រល់ ដើមស្ងាវ និង ដើមឈើ ផបផ្លា(poplar) សម្រាប់ដាំនៅតាមជម្រាលខ្ពង់រាប។
«ប្រភេទឈើទាំងបីនេះ កសិករពិតជាមិនចង់បានសោះ។ ប្រភេទឈើនោះ មិនពាក់ព័ន្ធទៅនឹងសន្តិសុខស្បៀងរបស់ពួកគេទេ»។
ក្រុមអ្នកប្រើប្រាស់ ត្រូវបានអនុញ្ញាតឲ្យបង្កើតសួនបណ្តុះដើមឈើហូបផ្លែ ដើម្បីពង្រីកផលិតផល។ ដោយជួយធ្វើឲ្យមានដីជម្រាលដល់ខ្ពង់រាបដ៏ចោទខ្លាំង និងធ្វើឲ្យប្រសើរឡើងនូវការធ្វើកសិកម្មរបស់ពួកគេ លោកស៊ូ បានឲ្យដឹងទៀតថា ផលិតកម្មស្បៀងអាហារបានកើនឡើង ហើយកសិករក៏បានលក់ផលិតផលលើសពីសេចក្តីត្រូវការរបស់ពួកគេ នៅតាមទីផ្សារក្នុងមូលដ្ឋានទៀតផង។
ប៉ុន្តែ ការទទួលបាននូវតួលេខច្បាស់លាស់ស្តីពីថាតើពួកគេផលិតបានច្រើនប៉ុនណា គឺមានការលំបាក។ លោកស៊ូ បានថ្លែងថា ប្រជាពលរដ្ឋច្រើនតែចង់និយាយថា ពួកគេបានផលដាំដំណាំតិចជាងចំនួនដែលខ្លួនបានដាំ ដោយសារតែពួកគេជឿថា រដ្ឋាភិបាលនឹងប្រមូលយកផលិតផលលើសពីសេចក្តីត្រូវការរបស់ពួកគេ។
«ពួកគេតែងតែព្យាយាមរាយការណ៍ឲ្យទាបជាងអ្វីដែលពួកគេប្រមូលផលបាន ដោយសារតែជួនកាល ពួកគេនៅតែភ័យខ្លាចថា រដ្ឋាភិបាលនឹងយកផលិតផលនោះ ប្រសិនបើពួកគេ ផលិតបានច្រើនពេក»។
ខណៈដែលគោលនយោបាយនេះ នៅមានភាពចម្រូងចម្រាស់នៅឡើយ លោកស៊ូ បានថ្លែងបន្តថា គោលនយោបាយនេះ កំពុងបានទទួលការគាំទ្រនៅក្នុងរដ្ឋាភិបាល។ លោកនិយាយថាសញ្ញាណដ៏ប្រសើរបំផុត ដែលផែនការនេះកំពុងដំណើរការ គឺថាគោលនយោបាយនេះកំពុងរីកដុះដាល។
«លោកអ្នកអាចមើលឃើញអ្នកជិតខាងផ្សេងៗទៀតយ៉ាងច្បាស់ ពួកគេព្យាយាមធ្វើឲ្យមានក្រុមអ្នកប្រើប្រាស់ថ្មីៗ និងតម្រូវឲ្យពួកគេចុះឈ្មោះ។ វាប្រៀបដូចជាឥទ្ធពលកំពុងរីកដោយស្វ័យប្រវត្តិ»។
អ្វីដែលបានចាប់ផ្តើមពីចំនួនបីក្រុម ឥឡូវនេះបានកើនឡើងរហូតដល់ចំនួន៦០ក្រុម ដែលគ្របដណ្តប់លើផ្ទៃដីច្រើនរយហិកតា។
បើយោងតាមរបាយការណ៍របស់លោកស៊ូ ដែលជាសហនិពន្ធលើប្រធានបទនេះថា តួលេខនេះជាចំណែកតូចមួយ ក្នុងចំណោមផ្ទៃដីប្រហែលកន្លះលានហិកតា នៅតាមជម្រាលភ្នំ ដែលព្រៃឈើត្រូវបានកាប់បំផ្លាញ ដើម្បីធ្វើកសិកម្ម។
ប៉ុន្តែ លោក ម៉ាឃិស ណូឡិន នៃវិទ្យាស្ថានភីធឺសុន មានប្រសាសន៍ថា នេះជាការចាប់ផ្តើមដ៏ល្អមួយ។
«ខ្ញុំមិនប្រាកដទេថាតើ គោលនយោបាយដែលពួកគេកំពុងអនុវត្តឥឡូវនេះទៅលើគម្រោងទាំងនេះ ជាគោលនយោបាយល្អបំផុតឬដូចម្កេចទេ ប៉ុន្តែគំនិតដែលថា យ៉ាងហោចណាស់ ពួកគេកំពុងព្យាយាមដាំដើមឈើឡើងវិញ និងផ្លាស់ប្តូរដំណើរការនេះមួយចំនួន គឺជាសញ្ញាណដ៏ល្អមួយ»។
ប៉ុន្តែលោកណូឡិន បានបន្ថែមទៀតថា ការកាប់បំផ្លាញព្រៃឈើ គឺគ្រាន់តែជាបញ្ហាមួយប៉ុណ្ណោះ ក្នុងបណ្តាបញ្ហាផលិតកម្មស្បៀងអាហារធំជាច្រើន ដែលកូរ៉េខាងជើងបានប្រឈមមុខ។ លោកបានថ្លែងថា ប្រទេសនេះនឹងត្រូវធ្វើឲ្យរស់ឡើងវិញនូវសេដ្ឋកិច្ចទាំងមូលរបស់ខ្លួន ដើម្បីបញ្ចប់បញ្ហាដ៏រ៉ាំរ៉ៃនៃគ្រោះទុរ្ភិក្សរបស់ប្រទេស៕
ប្រែសម្រួលដោយ លី សុខ ឃាង