អ្នកតវ៉ារាប់រយនាក់ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងមូស្គូ កាលពីថ្ងៃអាទិត្យ ក្នុងអំឡុងពេលដែលមានការធ្វើបាតុកម្មប្រឆាំងនឹងលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ដែលត្រូវជាថ្ងៃប្រារព្ធទិវាបង្រួបបង្រួមជាតិរុស្ស៊ី។
យោងតាមគេហទំព័រ OVD-Info ដែលតាមដានការបង្ក្រាបទៅលើបាតុកម្ម មនុស្សចំនួន៣៦០នាក់ត្រូវបានចាប់ខ្លួននៅក្នុងការធ្វើបាតុកម្មនានានៅទូទាំងប្រទេស ត្រឹមម៉ោង៥ល្ងាច កាលពីថ្ងៃអាទិត្យ។ ប៉ូលិស មូស្គូ ថា តួលេខអ្នកដែលត្រូវបានចាប់ខ្លួននៅក្នុងរដ្ឋធានីមានចំនួន២៦០នាក់។
ទីភ្នាក់ងារសារព័ត៌មាន Tass បានឲ្យដឹងថា អ្នកតវ៉ាជាច្រើននៅក្នុងទីក្រុង មូស្គូ មានកាំបិតនិងស្នាប់ដៃ។
អ្នកតវ៉ានៅក្នុងបាតុកម្មនោះ ត្រូវបានគេជឿថា មានជាប់ពាក់ព័ន្ធជាមួយនឹងអ្នកនយោបាយជាតិនិយមនិងលោក Vyacheslav Maltsev ដែលជាអ្នករិះគន់រដ្ឋាភិបាលក្រុង ក្រឹមឡាំង ហើយនិងចលនាត្រៀមកាំភ្លើងរបស់លោក។ ក្រុមនេះត្រូវបានគេប្រកាសថាជាក្រុមជ្រុលនិយមនិងត្រូវបានហាមឃាត់ក្នុងប្រទេសរុស្ស៊ី។
លោក Maltsev ដែលបាននិរទេសខ្លួនឯងទៅក្រៅប្រទេស បាននិយាយលើបណ្តាញសង្គម YouTube ថា រុស្សីដល់ពេលធ្វើ «បដិវត្តន៍» ហើយនៅចុងសប្តាហ៍នេះ។
លោក Putin បានប្រកាសយកថ្ងៃទី២៤ ខែវិច្ឆិកា ដើម្បីប្រារព្ធទិវាបង្រួបបង្រួមជាតិ កាលពីឆ្នាំ២០០៥ ដើម្បីរំឭកជ័យជម្នះរបស់រុស្សីទៅលើប្រទេសប៉ូឡូញ ក្នុងឆ្នាំ១៦១២៕