លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានប្រកាសជាសាធារណៈនៅថ្ងៃចន្ទនេះថា លោកនឹងដកស័ក្តិក្មួយប្រុសរបស់លោកគឺលោកហ៊ុន ជា ដែលលោកថា កំពុងមានស្នេហាលួចលាក់ជាមួយនារីម្នាក់ ទាំងមិនទាន់លែងលះប្រពន្ធដើម។
នៅក្នុងពិធីប្រកាសសាងសង់ស្ពានទន្លេមេគង្គក្នុងស្រុកចិត្របុរីខេត្តក្រចេះ លោកហ៊ុន សែនបានលើកឡើងពីច្បាប់ឯកពន្ធភាព ដែលអាចបើកផ្លូវឲ្យមានការដកឋានៈឧត្តមសេនីយ៍ប៉ូលិសរបស់លោកហ៊ុន ជា។
លោកហ៊ុន សែនថ្លែងថា៖ «ឥឡូវវាប៉ូលិសស្រាប់ ហៅអញ្ជើញអាជាទៅ។ ហ្ហែងចង់ពាក់ផ្កាយហ្នឹងតទៅទៀត ឬហ្ហែងចង់អស់ផ្កាយ? និយាយគ្នាឲ្យច្បាស់ និយាយគ្នាឲ្យច្បាស់។ ហើយនាងហ្នុងក៏បង្ហោះ អ្ហីឈ្មោះគង់ បញ្ញា។ ខ្ញុំវាយនេះដែរ! អ្ហី! វាអន់ចិត្តដែរ ....ធ្វើឪត្រកូលហ៊ុនខ្ញុំមានសិទ្ធិឈឺឆ្អាល ខ្ញុំមានសិទ្ធិឈឺឆ្អាលជាមួយនឹងរឿងត្រកូលហ៊ុន ព្រោះមិនអ៊ីចឹងទេ ទៅរញ៉េរញ៉ៃ។ អ្ហេ៎! ខូចអានេះ»។
លោកបន្ថែមថា៖ «អាជា ក្រែងប៉ូលិសអ្ហេ! អ្ហើ! ហៅអាជាទៅសួរមើល ដោះស្រាយគ្នាយ៉ាងម៉េចអាហ្នឹ? នេះច្បាប់ឯកពន្ធភាព...ប្រយ័ត្នអនុវត្តច្បាប់ឯកពន្ធភាពអស់ស័ក្តិ។ អត់មានយោគយល់រឿងក្មួយអីទេ....និយាយឲ្យ ...ប្រកាសមួយប្រទេសឲ្យដឹងហ្មងថា អាជាខូច»។
បន្ថែមពីការថ្លែងជាសាធារណៈ លោក ហ៊ុន សែន ក៏បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកផងដែរ។ សារនេះត្រូវបានអ្នកមួយចំនួនរិះគន់ថា លោក ហ៊ុន សែន មិនគួរយកចិត្តទុកដាក់ និងបង្ហោះសាររឿងរ៉ាវនេះឡើយ។
វីអូអេព្យាយាមសុំការអត្ថាធិប្បាយពីលោកហ៊ុន ជាតាមទូរស័ព្ទ តែមិនអាចទាក់ទងលោកបានទេ។ ចំណែកអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឆាយ គឹមខឿន មិនឆ្លើយតបសំណួររបស់សំឡេងសហរដ្ឋអាមេរិកដែលបានផ្ញើតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមទេ។
កាលពីឆ្នាំ២០១៨ លោក ហ៊ុន ជា ធ្លាប់ត្រូវបានគេរាយការណ៍ថា ត្រូវបានចាប់ខ្លួនដោយកម្លាំងមានសមត្ថកិច្ចចំពោះអំពើបាញ់បោះសេរីរបស់លោក។ ហើយកាលពីឆ្នាំ២០១២ លោកហ៊ុន ជា និងលោក ហ៊ុន តូ ដែលជាបងប្អូនជីដូនមួយនឹងគ្នា ត្រូវបានគេរាយការណ៍ថា បានជាប់ចោទពីករណីបាញ់បោះ ដែលធ្វើឲ្យរបួសមនុស្ស២នាក់។ ប៉ុន្តែក្រោយមកករណីបាញ់បោះនេះត្រូវបានទម្លាក់ ចោល ដោយសារគ្មានភស្តុតាងគ្រប់គ្រាន់។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូលោកអំ សំអាតយល់ថា សារព្រមានរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនទៅលើក្មួយប្រុសបង្កើតរបស់លោកអាចជាការដាស់តឿនដល់បុគ្គលផ្សេងទៀតកុំឲ្យមានការប្រព្រឹត្តទង្វើអសីលធម៌ ដោយសារការមានស្រីកំណាន់ក្នុងពេលកំពុងមានប្រពន្ធកូន។ លោកថា ច្បាប់ឯកពន្ធភាពត្រូវបានបង្កើតឡើងក្នុងបំណងបម្រើផលប្រយោជន៍នយោបាយច្រើនជាងបម្រើផលប្រយោជន៍សង្គម៕