ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ក្នុង​សង្កាត់​ក្បាលកោះ​ហ៊ាន​តតាំង​ជាមួយ​អាជ្ញាធរ​ដែល​ដេញ​ពួកគាត់​ពី​បរិវេណ​ការិយាល័យ​បោះឆ្នោត


ប្រជា​ពលរដ្ឋ​រង់ចាំ​តាមដាន​លទ្ធផល​នៃ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​​អណត្តិទី៤​ នៅសង្កាត់​ក្បាល​កោះ​, នៅជាយរាជធានី​ភ្នំពេញ​, នៅ​ថ្ងៃ​ទី០៤​ ខែមិថុនា​ ឆ្នាំ២០១៧។​ (ហ៊ាន ​សុជាតា/ VOA)
ប្រជា​ពលរដ្ឋ​រង់ចាំ​តាមដាន​លទ្ធផល​នៃ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​​អណត្តិទី៤​ នៅសង្កាត់​ក្បាល​កោះ​, នៅជាយរាជធានី​ភ្នំពេញ​, នៅ​ថ្ងៃ​ទី០៤​ ខែមិថុនា​ ឆ្នាំ២០១៧។​ (ហ៊ាន ​សុជាតា/ VOA)

ក្រុម​ប្រជាពល​រដ្ឋ​ក្នុង​ឃុំ​ក្បាលកោះ​បាន​អះអាង​ថា​ពួកគាត់​នឹង​នៅ​រង់​ចាំ​មើល​លទ្ធផល​បោះ​ឆ្នោត​ដោយ​ផ្ទាល់​ ​នៅ​កន្លែង​ដែល​ធ្លាប់​មាន​បញ្ហា​ចម្រូង​ចម្រាស់​​ជាមួយ​អ្នក​បោះឆ្នោត​ដែល​គេ​ចោទ​ថា​ជន​​ជាតិ​វៀតណាម។​​

​ក្រុម​ប្រជាពល​រដ្ឋ​យ៉ាង​ហោចណាស់​ ​១០០​នាក់​ ​ក្នុង​សាលា​បឋម​សិក្សា​វត្ត​ចំប៉ា​ សង្កាត់​ក្បាល​កោះ​ ខណ្ឌ​ច្បារអំពៅ​ តតាំង​ជាមួយ​ប៉ូលិស​ ដែល​បណ្តេញ​ពួកគាត់​ចេញ​ពី​បរិវេណ​ការិយាល័យ​បោះឆ្នោត​ ​ដោយ​សារ​តែ​ពួក​គេ​នឹង​រារាំង​មិន​ឲ្យ​អ្នក​បោះឆ្នោត​ដែល​គេ​ចោទ​ថា​ជា​ជនជាតិ​វៀតណាម​ ​ចូល​បោះ​ឆ្នោត​នោះ​ទេ​ ក្នុង​ការ​បោះឆ្នោត​ឃុំ-សង្កាត់ថ្ងៃអាទិត្យ​នេះ។

​ក្រុម​ប្រជាពល​រដ្ឋ​ក្នុង​ឃុំ​ក្បាលកោះ​ ​ក៏បាន​អះអាង​ផង​ដែរ​ថា​ពួកគាត់​នឹង​នៅ​រង់​ចាំ​មើល​លទ្ធផល​បោះ​ឆ្នោត​ដោយ​ផ្ទាល់​ ​នៅ​កន្លែង​ដែល​ធ្លាប់​មាន​បញ្ហា​ចម្រូង​ចម្រាស់ជាមួយ​អ្នក​បោះឆ្នោត​ដែល​គេ​ចោទ​ថា​ជនជាតិ​វៀតណាម។

​នាង​ ​វង្ស ច័ន្ទផលគុណ​ ​រស់​នៅ​ក្នុង​ឃុំក្បាលកោះ​ ​បាន​ថ្លែងប្រាប់​ VOA​ ​ថាពលរដ្ឋ​និង​នាង​ ​មិន​ទាន់​ចង់​ទៅ​ផ្ទះវិញ​ទេ​ ​ទោះ​ជា​បោះឆ្នោត​រួចហើយ​ក្តី​ ​ដោយ​ចង់​នៅ​ឃ្លាំមើល​ ​លទ្ធផល​ឆ្នោត​ និង​រារាំង​មិន​ឲ្យ​ជនជាតិ​វៀតណាម​ចូល​បោះឆ្នោត។

«ពួក​ខ្ញុំ​នៅ​ឈរ​ទៅ​នេះ​ទាំង​អស់គ្នា​ទាំង​បង​ប្អូន​ទាំងអស់​ដែល​ជា​ម្ចាស់​ឆ្នោត​គឺ​មាន​ឆន្ទៈ​តែមួយ​គត់​គឺ​នៅ​ឈរ​រង់​ចាំ​មើល​សន្លឹក​ឆ្នោត​រហូត​ទាល់​តែ​គេ​ប្រកាស់​ចប់​បាន​នាំ​គ្នា​ទៅ​ផ្ទះ​វិញ​រៀងៗ​ខ្លួន»។

​ពលរដ្ឋ​ជា​ស្ត្រី​ម្នាក់​ទៀត​ដែល​អង្គុយ​លើ​ម៉ូតូ​ថ្លែង​ប្រាប់​ VOA​ ​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា​ ​នាង​ក៏​មិន​ទៅ​វិញ​ដែរ​ ​ដោយ​រង់ចាំ​ផ្ទៀងផ្ទាត់​និង​ស្តាប់​ការ​រាប់​សន្លឹកឆ្នោត​ជា​មួយ​ ​អ្នក​ភូមិ​ផ្សេង​ទៀត។​ ស្រ្តី​ដដែល​បាន​រៀបរាប់​ថា​នេះ​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ដែល​អាជ្ញាធរ​មិនមាន​សិទ្ធិ​បណ្តេញ​ពល​រដ្ឋ​មិន​ឲ្យ​ចូល​រួម​សង្កេត​ការណ៍​ទេ។

​លោក​ ​អនុសេនីយ៍ទោ​ ​អ៊ុន ប៊ុនណា​ ​នាយក​បុស្តិ៍ប៉ូលិស​សង្កាត់​ក្បាលកោះ​ ​បាន​ ​ឲ្យ​ដឹង​ថា​ លោក​គ្រាន់​តែ​អនុវត្តន៍​តាម​ការ​ណែនាំ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្នាក់​ឃុំ​តែ​ប៉ុណ្ណោះ​ ​ដែល​ចង់​ឲ្យ​ពលរដ្ឋ​ដែល​បោះ​ឆ្នោត​រួច​ចេញ​ ​ចម្ងាយ​៣០ម៉ែត្រ។​ តែ​លោក​ថា​នៅ​ពេល​ពលរដ្ឋ​មិន​ចេញ​ ​លោក​ក៏​មិន​ដឹង​ធ្វើ​ ​យ៉ាង​ណា​ដែរ។

ប្អូនស្រី​ វង្ស ច័ន្ទផលគុណ​ ​និង​អ្នក​ភូមិ​មិន​បាន​ធ្វើ​អ្វី​ដែល​ខុស​ច្បាប់​ហើយ​បង្ក​ ​ជា​អំពើ​ហិង្សា​ ឬ​រំខាន​ ​ការ​បោះឆ្នោត​នោះ​ទេ​ ​ក៏​ប៉ុន្តែ​ពួកគេ​មិន​ធ្វើ​តាម​អាជ្ញាធរ​ ប៉ូលិស​ដែល​ចង់​ដេញ​នាង​និង​អ្នក​ភូមិ​ចេញ​ពី​បរិវេណ​បោះឆ្នោត​ចម្ងាយ​៣០ម៉ែត្រ​ដែរ។

នៅ​ពេល​សួរ​ថា​ហេតុអ្វី​បាន​ជា​លើក​នេះ​មិនមាន​ការ​ប្រទាញ​ប្រទង់​ដូច​ការ​បោះឆ្នោត​មុនៗ​ជា​មួយ​ជនជាតិ​វៀតណាម​ដែល​មាន​អត្ត​សញ្ញាណ​ប័ណ្ណ​ខ្មែរ​នោះ​ ​ប្អូនស្រី​ផល​គុណ​បាន​អះអាង​ថា​ ​ភាព​ស្ងប់ស្ងាត់​នេះ​ ​ដោយ​សារ​គ្មាន​ជនជាតិ​ផ្សេង​មក​បោះឆ្នោត។

​«អត់​ទេ​បង​ ​ព្រោះ​អី​អ្នក​ដែល​មក​បោះឆ្នោត​នេះ​ ​ទោះ​ជា​គាត់​ចូល​សញ្ជាតិ​ខ្មែរ​ ​ក៏​ខ្ញុំអត់​ឲ្យ​បោះ​ដែរ​ ព្រោះ​គាត់​ជា​វៀតណាម»។

​ប្អូនស្រី​ចាត់​ទុក​ថា​នេះ​ជា​ ​ការ​បោះឆ្នោត​របស់​ខ្មែរ​ ដែល​ជនជាតិ​ផ្សេង​មិនអាច​ បោះឆ្នោត​បាន​ ដោយ​ហាក់​ដូច​ជា​មិន​អើ​ពើ​នឹង​ច្បាប់​ដែល​ចែង​ថា​អ្នក​កាន់​អត្តសញ្ញាណ​ខ្មែរ​មាន​សិទ្ធិ​បោះឆ្នោត​នោះ។

ក្រុមប្រជាពល​រដ្ឋ​ប្រមាណ​ជិត​១០០​នាក់​នៅ​ក្នុង​សង្កាត់​ក្បាល​កោះ​ ​ខណ្ឌច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ ​បាន​ប៉ះទង្គិចពាក្យ​សំដី​ជា​មួយ​មន្ត្រី​ប៉ូលិស​សន្តិសុខ​ ​ក្រោយ ពេលក្រុមប៉ូលិស​ចង់​ឲ្យ​ពួក​គាត់​ចេញ​ឲ្យ​ផុត​ចម្ងាយ​៣០ម៉ែត្រ​ពី​បរិវេណ​បោះឆ្នោត។

​លោក​ ​អ៊ុង សុខន​ ​មន្ត្រី​រដ្ឋបាល​ថ្នាក់​ឃុំ-សង្កាត់​នៃ​គណៈកម្មា​ធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​ បាន​ឲ្យ​ ដឹង​ថា​បញ្ហា​ប្រទាញ​ប្រទង់​មិន​បាន​កើត​មាន​ដោយ​សារជន​ ​ជាតិវៀតណាម​ ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ ​មិនបាន​មក​បោះ​ឆ្នោត។

«តាម​ខ្ញុំ​ដឹង​មាន​តែ​ម្នាក់​ឬ​ ២​នាក់​ទេ​ ​តែ​ប្រហែល​ជា​គាត់​មិន​មក​បោះ​ឆ្នោត​នៅ​ ​ពេល​នេះ​ទេ។​ ​តែ​ដូច​ជា​អត់​មាន​បញ្ហា​ដោយ​សារ​អញ្ចឹង​ទេ»។

សាន់ ចាន់ណា ​អ្នក​ស្រុកម្នាក់​ទៀត​ ​ដែល​ឈរ​នៅ​ជាមួយ​នឹង​ពលរដ្ឋ​ដែល​មិន​ ចេញ​ទៅ​ផ្ទះ​ដែរ​នោះ​ ​បាន​និយាយ​ថា​អ្នកស្រី​ចង់​ឲ្យ​មេ​ឃុំ​ថ្មី​បំបាត់​អំពើ​ពុករលួយ​ ​និង​ ​បំបាត់​គ្រឿង​ញៀន។

​«អញ្ចឹង​ខ្ញុំ​សូម​សំណូម​ពរ​ថា​ ​សង្ឃឹម​ថា​បោះឆ្នោត​លើក​នេះ​ ​បំបាត់​អំពើ​ពុករលួយ​ ​ទី១​ហើយ​ទី២​ ឲ្យ​ចេះ​អភិវឌ្ឃន៍ភូមិ​ ​ឃុំ​នេះ​ផង។​ ហើយ​មន្ត្រី​រាជការ​នៅ​ក្នុង​ ​សង្កាត់​នេះ​ ​ត្រូវ​ឲ្យ​មាន​តម្លាភាព​ព្រោះអី​មាន​ការ​កៀប​សង្កត់​ណាស់»។

គណៈ​កម្មាធិការ​ជាតិរៀបចំ​ការ​បោះឆ្នោត​ ​បាន​ជូន​ដំណឹង​ពី​ការ​ប្រកាស​លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ ​នៅ​ម៉ោង​៥ល្ងាច​ថ្ងៃ​អាទិត្យ​នេះ​ ​ក្រោយពេល​បិទ​ការិយាល័យ​នៅ​ម៉ោង​៣ រសៀល។​ ​ប្រទេស​កម្ពុជា​មាន​ការិយាល័យ​បោះឆ្នោត​ជាង​២​ម៉ឺន​នៅ​ក្នុង​ឃុំ-សង្កាត់​ចំនួន​១.៦៤៦ ទូទាំង​ប្រទេស។​ គណក្ស​នយោបាយ​ទាំង​១២​ចូលរួម​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​ ដែល​កាន់​អំណាច​ជាង​៣០ឆ្នាំ។

បេក្ខជន​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​នីមួយៗ​ ​បាន​សន្យា​ ​និង​ប្តេជ្ញាចិត្ត​រៀងខ្លួន​ថា​ ​នឹង​អភិវឌ្ឍ​មូលដ្ឋាន​ ដូច​ជា​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេងៗ​ និង​ជួយ​សម្រួល​កិច្ចការ​នានា​ជូន​ពលរដ្ឋ​ម្ចាស់​ឆ្នោត​តាម​គោលនយោបាយ​របស់​គណបក្ស​គេ​រៀងៗ​ខ្លួន។​

​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុនសែន​ ​ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចេញ​ទៅ​បោះឆ្នោត​ នៅ​ការិយាល័យ​មួយ​ក្នុង​ក្រុង​តាខ្មៅ​ខេត្ត​កណ្តាល​រួច​ហើយ​នា​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ។​ ​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ បាន​ចេញ​ទៅ​បោះឆ្នោត​នៅ​ចាក់អង្រែលើ រាជធានី​ភ្នំពេញ​នៅព្រឹកនេះ​ដែរ។ ដោយ​ឡែក​មេដឹកនាំ​គណបក្ស​ដទៃទៀតបាន​ចេញ​ទៅ​បោះ​ឆ្នោត​នៅ​តាម​បណ្តា​ខេត្ត​ក្រុង​ផ្សេងៗ។​

គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​អាសនៈ​ជា​មេឃុំ​ ​ចៅ​សង្កាត់​ ​ជាង​១.៥៩០​ឃុំ​សង្កាត់កាល​ពី​ការ​បោះឆ្នោត​ឆ្នាំ​២០១២​ នៅ​អាណត្តិទី៣។​ គណបក្ស​ជំទាស់​ទទួល​បាន​តែ​៤០​អាសនៈជា​មេឃុំ​និង​ចៅ​សង្កាត់​តែ​ប៉ុណ្ណោះ។

ក្រុម​មេ​ដឹកនាំ​គណបក្ស​នយោបាយ​ និង​អង្គការ​សង្គម​ស៊ីវិល​បាន​ចាត់ទុក​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ ​ជា​ការ​បោះឆ្នោត​សំខាន់​សម្រាប់​ការ​ផ្លាស់ប្តូរ​ជីវភាព​ ​និង​ការ​អភិវឌ្ឍ​ហើយអ្វី​ដែល​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ទាំងអស់​ដើរ​តួនាទី​សំខាន់​ផងដែរ​នោះ​គឺ​នឹង​ក្លាយ​ទៅ​ជា​អង្គ​បោះឆ្នោត​ជ្រើស​រើស​សមាជិក​ព្រឹទ្ធសភា​ ​ក្រុម​ប្រឹក្សា​ខេត្ត​និង​ស្រុក​ជាដើម៕​

XS
SM
MD
LG