ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន​ សែន ចង់​ទៅ​ក្រុង​វូហាន​ ខណៈ​កម្ពុជា​អះអាង​ថា​ពលរដ្ឋ​ខ្មែរ​នៅ​ចិនមិន​មាន​ឆ្លង​កូរ៉ូណាវីរុស​​ទេ


រូប​ឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងអំពីស្ថានភាពនៃការរីករាលដាលនៃកូរ៉ូណាវីរុស ដែលផ្ទុះឡើងនៅប្រទេសចិន នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។ លោក​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​កុំចលាចលអំពីការឆ្លងមេរោគនេះ ដែលនៅកម្ពុជាទើបតែមានមួយករណីប៉ុណ្ណោះ។
រូប​ឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងអំពីស្ថានភាពនៃការរីករាលដាលនៃកូរ៉ូណាវីរុស ដែលផ្ទុះឡើងនៅប្រទេសចិន នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។ លោក​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​កុំចលាចលអំពីការឆ្លងមេរោគនេះ ដែលនៅកម្ពុជាទើបតែមានមួយករណីប៉ុណ្ណោះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ ដែល​កំពុង​បំពេញ​ទស្សន​កិច្ច​នៅ​កូរ៉េ​ខាង​ត្បូង​បាន​បញ្ជាក់​ជំហរ​ជា​ថ្មីថា​ លោក​គ្មាន​ផែនការ​ជម្លៀស​ពលរដ្ឋ​ខ្មែរ​ចេញ​ពី​ប្រទេស​ចិន​នោះ​ទេ​ ហើយ​លោក​ថា​នឹង​ទៅ​ក្រុង​វូហាន​ បើ​រដ្ឋាភិបាល​ចិន​អនុញ្ញាត​នោះ។

យោង​លើទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន ​នៅ​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ​នេះ​ លោក​បញ្ជាក់​ម្តង​ទៀត​ថា​ លោក​នឹង​ទៅ​សួរ​សុខទុក្ខ​ក្រុម​និស្សិត​ខ្មែរ​នៅ​ក្រុង​វូហាន​ នៅ​ថ្ងៃទី​៥​ខែ​កុម្ភៈ​ស្អែកនេះ​ ហើយលោក​កំពុង​រង់​ចាំ​ការ​បញ្ជាក់ ​និង​សម្រេច​ពី​ភាគី​ចិនថា នឹង​អនុញ្ញាត​ឲ្យ​លោក​ទៅ​ក្រុង​នោះ​ឬ​យ៉ាងណា។

រហូត​មក​ដល់​ពេល​នេះ គ្មាន​ករណី​នៃ​ការ​ឆ្លង​កូរ៉ូណាវីរុស​ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ដែល​ស្ថិត​នៅ​ប្រទេស​ចិន​នោះ​ទេ។ នេះ​ជា​ការ​ថ្លែង​បញ្ជាក់​របស់​ក្រសួង​ការ​បរទេស​និង​សហប្រតិបតិ្តការ​អន្តរជាតិ​កម្ពុជា។

ការ​ថ្លែង​បញ្ជាក់​របស់​ក្រសួង​ការបរទេស​កម្ពុជា​ធ្វើឡើង​ នៅ​ថ្ងៃ​តែ​មួយ​ដែល​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ជួប​សហគមន៍​ខ្មែរ​រស់​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ទី​ដែល​លោក​បាន​លើក​ឡើង​ម្តង​ទៀត​ថា​ លោក​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​បិទ​ជើង​ហោះហើរ​ពី​ប្រទេស​ចិន​ ហើយ​ក៏​គ្មាន​ការ​ជម្លៀស​ក្រុម​និស្សិត​ខ្មែរ​ចេញពី​ក្រុង​វូហាន​ នៃ​ខេត្ត​ហ៊ូប៉ី​ប្រទេស​ចិន​នោះ​ដែរ។

នៅ​ក្នុង​សេចក្តីប្រកាស​មួយ​ចេញ​ផ្សាយ​កាល​ពី​យប់​ថ្ងៃ​ច័ន្ទនេះ​ ក្រសួង​ការបរទេស​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖«មក​ដល់​បច្ចុប្បន្ន​នេះ​ ពុំ​មាន​ករណី​ឆ្លង​វីរុស​នេះ​លើ​ពលរដ្ឋ​ខ្មែរ​ទេ»។

ក្រសួង​ការ​បរទេស​កម្ពុជា​បាន​អះអាង​ថា ខ្លួន​បាន​ទទួល​ការ​បញ្ជាក់​ប្រកប​ដោយ​ភាព​កក់ក្តៅ​ដែល​ថា​ សាកល​វិទ្យាល័យ​ចិន​បាន​ឧបត្ថម្ភ​ស្បៀង​ និង​សម្ភារៈ​ចាំបាច់​នានា​ដល់​និស្សិត​ ហើយ​បាន​សំណូមពរ​ឲ្យ​អនុវត្ត​ និង​គោរព​តាម​វិធានការ​បង្ការ​និង​ទប់ស្កាត់​ដែល​អាជ្ញាធរ​ចិន​បាន​ដាក់​ចេញ​ ដើម្បី​ធានា​នូវ​សុវត្ថិភាព​ និង​សុខភាព​ផ្ទាល់​ខ្លួន​ផង​និង​សាធារណៈ​ផង។

មក​ដល់​ពេល​នេះ​ ​កូរ៉ូណាវីរុស​ថ្មី​ (2019-nCoV) បាន​សម្លាប់​មនុស្សចំនួន​ប្រមាណ​ជាង​ ៤០០​ នាក់​ ហើយ​អ្នក​ដែល​ឆ្លងវីរុស​នេះ ​មាន​ចំនួន​ជាង​២ម៉ឺន​នាក់ ខណៈ​ដែល​មេរោគ​នេះ​បាន​ឆ្លង​រាល​ដាល​ហួស​ពី​ប្រទេស​ចិន​ទៅ​ដល់​ជិត​៣០​ប្រទេស។

អង្គការ​សុខភាព​ពិភពលោក​ប្រកាស​ថា​ កូរ៉ូណាវីរុស​ថ្មី​នេះ​ជា​បញ្ហា​អាសន្ន​របស់​ពិភពលោក​និង​ក្រើន​រំឭក​ឲ្យ​ប្រទេស​នានា​ចាត់​វិធានការ​ក្នុងស្រុក​រៀងៗ​ខ្លួន​ ដើម្បី​បញ្ឈប់​ការ​រីករាល​ដាល​នៃ​មេ​រោគ​នេះ។

ខណៈ​នៅ​ប្រទេស​កូរ៉េខាង​ត្បូង​ដើម្បី​ចូលរួម​ការ​ប្រជុំ​កំពូល​ពិភពលោក​ឆ្នាំ​២០២០​ និង​ការ​ប្រជុំ​ផ្សេង​ទៀត​លោក​ ហ៊ុន សែន​ បាន​និយាយ​ថា​លោក​គ្រោង​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​វូហាន ​ខេត្ត​ហ៊ូប៉ី ​ប្រទេស​ចិន​ ដែល​ជា​កន្លែង​ផ្ទុះ​ការ​ឆ្លង​រាល​ដាល​កូរ៉ូណាវីរុស​ដើម្បី​សួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ។

ក្នុង​ជំនួបជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ លោក ហ៊ុន សែន មាន​ប្រសាសន៍​វាយ​បក​ទៅ​អ្នក​ចំអក​លោកថា​ ឲ្យ​លោក​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​វូហាន ប្រសិន​បើ​លោក​យក​ចិត្ត​ទុក​ដាក់​ស្ថានភាព​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ទី​នោះ។ លោក​ ហ៊ុន សែន​ អះអាង​ក្នុង​ជំនួប​ថ្ងៃទី​៣ ខែកុម្ភៈ​ថា​ លោក​នឹង​ទៅ​ក្រុង​វូហាន​ បើ​មាន​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​ប្រទេស​ចិន។

«អ៊ីចឹង​ទេ​ មាន​អាអ្នក​ចូល​មកឌឺថា​ សុំ​ឲ្យ​លោក​ហ៊ុន សែន​ ដែល​យក​ចិត្ត​ទុក​ដាក់​ប្រជាជន​គ្រប់​ទី​កន្លែង​ ទៅ​សួរ​សុខ​ទុក្ខ​ប្រជាជន​ខ្មែរ​នៅ​ក្រុង​វូហាន​ ប្រទេស​ចិន​ សុំ​ឆ្លើយ​ទៅវិញ​ ហ៊ុន សែន​នឹង​ទៅ​ ប្រសិន​បើ​រដ្ឋាភិបាល​ចិន​អនុញ្ញាត»។

លោក ​ហ៊ុន សែន​ ដែល​ស្ថិត​ក្នុង​អំណាច​ជាង​បី​ទសវត្សរ៍​មក​នោះ​បាន​បញ្ជាក់​ជា​ថ្មី​ទៀត​ថា​ លោក​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​បិទ​ជើង​ហោះ​ហើរ​មក​ពី​ប្រទេស​ចិន ចូល​កម្ពុជានោះ​ទេ​ ហើយ​លោក​ក៏​គ្មាន​ផែន​ការ​ជម្លៀស​ក្រុម​និស្សិត​ខ្មែរ​ពី​ក្រុង​វូហាន​នោះ​ដែរ​ ខណៈ​ដែល​ចិន​កំពុង​ចាត់​វិធានការ​ព្យាបាល​និង​ការ​ពារការ​ឆ្លង​កូរ៉ូណាវីរុស​ប្រភេទ​ថ្មី​បន្ថែម​ចេញ​ពី​ទីក្រុង​ដដែល​នោះ។ ទោះ​យ៉ាងណា​ លោក​ថា​ លោក​មិន​បាន​បិទ​សិទ្ធិ​និស្សិត​ទាំង​នោះ​មិន​ឲ្យ​ធ្វើ​ដំណើរ​មក​កាន់​កម្ពុជា​ទេ។

«ប៉ុន្តែ​សួរ​ថា​ សុវត្ថិភាព​ដល់​ណា​ ពេល​ដែល​ក្មួយៗ​ចាក​ចេញ​ទៅ​ ហើយ​បើ​ជំងឺ​ឆ្លង​នេះ​ទៅ​ដល់​ស្រុក​ខ្មែរ​ វា​ជាការ​នាំ​ជំងឺ​ពី​ប្រទេស​ចិន​ចូល​ស្រុក​ខ្មែរ​ ដោយ​និស្សិត​ខ្មែរ​ខ្លួន​ឯង​ យល់​ទេ​អាហ្នឹង​ អាអ្នក​មិន​យល់»។

លោក​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​បន្ថែម​ថា៖«នៅ​ក្នុង​ពេល​ដែល​ចិន​គេ​កំពុង​គ្រប់​គ្រង​បាន​នូវ​សភាព​ការណ៍​របស់​គេ​និង​ថែទាំ​និស្សិត​របស់​យើង​បាន​ បែរ​ជា​និស្សិត​យើង​ នាំ​ជំងឺ​ចូលទៅកាន់​ប្រទេស​ខ្មែរ​ហើយ​ រួច​ហើយ​រក​វ៉ាក់​សាំង​ការ​ពារ​មិន​បាន​ទៀត​ ត្រូវ​ស្លាប់​ខ្លួន​ឯង​នៅ​ស្រុក​ខ្មែរ​ ខ្ញុំគិត​ថា​ អ្នក​ដែល​ប្រឆំាង​ គួរ​តែ​ត្រូវបាន​គិត​ពិចារណា​ឲ្យ​បាន​ដិត​ដល់​មុន​នឹង​លើក​យោបល់​ប្រឆាំង»។

​លោក​ កុយ គួង​ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​ ក្រសួង​នឹង​ចេញ​សេច​ក្តី​ប្រកាស​ផ្លូវ​ការ​មួយ​ ដើម្បី​បញ្ជាក់​ថា​តើភាគី​ចិន​នឹង​ផ្តល់​ភ្លើង​ខៀវ​ដល់លោក​នាយករដ្ឋមន្ត្រី​ឲ្យធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​វូហាន​បាន​ឬ​យ៉ាង​ណា​នោះ​ នៅថ្ងៃ​អង្គារ​នេះ។

«សូម​រង់​ចាំ​ព័ត៌មាន​ បើសិន​ជា​ ករណី​ហ្នឹង​ ច្បាស់​លាស់​អស់​ហើយ​ ក្រសួង​ការ​បរទេស​នឹង​ធ្វើ​សេច​ក្តី​ជូន​ព័ត៌មាន​ជា​ផ្លូវ​ការ​ នៅ​ក្នុង​ថ្ងៃ​នេះ​តែ​ម្តង​បាទ»។ ​

លោក ​ស៊ឹង​ សែន​ករុណា​ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ ប្រាប់​ VOA ​នៅថ្ងៃ​អង្គារ​នេះ​ថា សាធារណៈ​ជន​ទូទៅ​នៅ​ប្រទេស​កម្ពុជា​នឹង​កើត​ចម្ងល់​អំពី​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា​ ក្នុង​ការ​ឆ្លើយ​តប​កូរ៉ូណាវីរុស នៅ​គ្រា​ដែល​កម្ពុជា​មិន​អាច​បញ្ជូន​ពលរដ្ឋ​ខ្លួន​ចេញ​ពី​តំបន់​វូហាន​បាន​ តែ​ប្រទេស​ផ្សេង​ទៀត​ បែរ​ជា​ខិតខំ​ដឹក​បញ្ជូន​ពលរដ្ឋ​ខ្លួន​ចេញ​ពី​តំបន់​ឆ្លង​វីរុស​កូរ៉ូណា​នោះ។

«ការ​លើក​ឡើង​ទាំង​អស់​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ឬ​ក៏​សាធារណជន​មាន​ការ​ មន្ទិល​សង្ស័យ​អំពី​ ប្រព័ន្ធ​ការពារ​ ឬ​ក៏ត្រួត​ពិនិត្យ​ ពិនិត្យ​រក​មេរោគ​អី​ទាំង​អស់​ហ្នឹង​ឯង​ដែល​ជា​បញ្ហា​ គេ​នៅ​មិន​ទាន់​ឃើញ​ជឿជាក់​ទៅ​លើ​ប្រព័ន្ធ​សុខា​ភិបាល​យើង​ដោយ​សារ​តែ​ ការ​លើក​ឡើង​របស់​រដ្ឋាភិបាល​បែប​ហ្នឹង​បាទ»។​

រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ថា​ មាន​និសិ្សត​ខ្មែរ​២៣នាក់​កំពុងស្ថិត​នៅ​ក្នុង​ទីក្រុង​វូហាន​ ខណៈ​និស្សិត​៨០នាក់​ផ្សេង​ទៀត​ បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​ ក្នុង​អំឡុង​នៃ​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន៕

XS
SM
MD
LG