លោកនាយករដ្ឋមន្ត្រីហ៊ុន សែននឹងរុះរើគណៈរដ្ឋមន្ត្រីរបស់លោកក្នុងទ្រង់ទ្រាយតូចមួយបន្ទាប់ពីសង្កេតឃើញថាថ្នាក់ដឹកនាំក្រសួងមួយចំនួនមានភាពអសកម្មបណ្តាលឱ្យបញ្ហាកើតមានឡើងជាច្រើន។ នេះបើតាមប្រភពមន្ត្រីរដ្ឋាភិបាលបានប្រាប់ VOA ខេមភាសា។
ប្រភពនោះបានបន្ថែមថាលិខិតសំណើឱ្យមានការរុះរើគណៈរដ្ឋមន្ត្រីត្រូវបានរដ្ឋាភិបាលផ្ញើជូនដល់សភាជាតិហើយដើម្បីឱ្យមានការប្រជុំមួយ។
លោកផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រីមិនហ៊ានបញ្ជាក់ពី ខ្លឹមសារនៃសំណើរបស់រដ្ឋាភិបាលឬថាតើលិខិតនោះទៅដល់រដ្ឋសភាហើយឬនៅទេនៅពេលដែល VOA ទាក់ទង៖
«ចំពោះការងាររដ្ឋបាលខ្ញុំអត់ដឹងទាល់តែសោះ ប៉ុន្តែយើងបានដឹងតាំងពីថ្ងៃដែលសម្តេចគាត់ថានឹងមានការរុះរើ។ យើងជឿថានៅពេលដែលលោកមានប្រសាសន៍បានន័យថាលោកនឹងចាត់វិធានការ»។
លោកឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេសនិងជាអ្នកនាំពាក្យសភាជាតិមិនអាចទាក់ទងបានទេនៅយប់ថ្ងៃពុធដោយទូរស័ព្ទរបស់លោកមិនមានអ្នកទទួល។
ប៉ុន្តែលោកឡេង ប៉េងឡុង អគ្គលេខាធិការនិងជាអ្នកនាំពាក្យរដ្ឋសភាខាងផ្នែករដ្ឋបាលបានបញ្ជាក់ប្រាប់សារព័ត៌មានCEN ដែលផ្សាយតាមអ៊ីនធឺណិតថា លិខិតរបស់លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន បានចូលមកដល់រដ្ឋសភាហើយ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ ដោយស្នើសុំឱ្យមានការកែសម្រួលនិងបំពេញបន្ថែមថ្នាក់ដឹកនាំក្រសួងមួយចំនួន។
អ្នកនាំពាក្យរដ្ឋសភា បានបន្ថែមថា ចំពោះលិខិតស្នើរបស់លោកនាយករដ្ឋមន្ត្រី ខាងអគ្គលេខាធិការដ្ឋានរដ្ឋសភា បានធ្វើបែបបទបញ្ជូនទៅលោកហេង សំរិនប្រធានសភា ដើម្បីដាក់ប្រជុំនៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីដាក់ចូលក្នុងរបៀបវារៈក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនធ្លាប់បានព្រមានជាសាធារណៈស្តីពីការរុះរើគណៈរដ្ឋមន្ត្រីនេះកាលពីចុងខែកុម្ភៈនៅក្នុងឱកាសមហាសន្និបាតប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ។
លោកហ៊ុន សែនបានលើកឡើងថា វាល្មមដល់ពេលត្រូវចាប់មន្ត្រីមួយចំនួនព្យាបាលជំងឺហើយ ព្រោះលោកទុកពេលឲ្យយូរឆ្នាំហើយដើម្បី «ងូតទឹក ឆ្លុះកញ្ចក់ ដុសក្អែរ»។
លោក ផៃ ស៊ីផានក៏មិនហ៊ានបញ្ជាក់ថាតើក្រសួងប៉ុន្មាននឹងត្រូវទទួលការព្យាបាលនោះទេ។
«អ្វីដែលសម្តេចគាត់បានលើកឡើងគឺក្រសួងមួយចំនួនដែលយើងអាចដឹងតាមការបញ្ចេញព័ត៌មានជាសាធារណៈរបស់សម្តេចដែកជោគឺក្រសួងដឹកជញ្ជូន ក៏ដូចជាក្រសួងកសិកម្ម។ នេះយើងដឹងច្បាស់ពីព្រោះសម្តេចលោកបានព្រមាន។ រីឯក្រសួងដទៃទៀតសម្តេចគាត់អត់បានបង្ហើបគ្មានអ្នកណាគាត់ដឹងទេ។ ទីមួយវាប៉ះពាល់ដល់ការងារសន្តិសុខជាតិប៉ះពាល់ដល់ការងារសណ្តាប់ធ្នាប់សង្គមម្ល៉ោះហើយគ្មានអ្នកណាដឹងក្រៅពីសម្តេចហើយនឹងសម្តេចហេង សំរិនទេ»។
នាពេលថ្មីៗនេះមានសំណុំរឿងមួយចំនួនដែលបណ្តាលឱ្យមានការរិះគន់ជាសាធារណៈតាមបណ្តាញសង្គម។ ក្នុងនោះមានដូចជារថយន្តរបស់ក្រុមហ៊ុនដឹកជញ្ជូនឯកជនមួយបានដឹកលើសទម្ងន់ហើយធ្វើឱ្យខូចសាច់ថ្នល់លើស្ពានត្សឹបាហ្សាដែលជាជំនួយរបស់ប្រទេសជប៉ុន ការចាប់ពលរដ្ឋរងគ្រោះដោយសារដីធ្លីដាក់ពន្ធនាគារ និងគ្រួសារបក្សពួកនិយមក្នុងក្រសួងរដ្ឋមួយចំនួនដែលគេហៅថាក្រសួងគ្រួសារជាដើម។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិនិងជាអ្នកតំណាងរាស្រ្តបានបញ្ជាក់ថាលោកនៅមិនទាន់បានការជូនដំណឹងពីរដ្ឋសភានៅឡើយទេពីសំណើរបស់រដ្ឋាភិបាលក្នុងការរុះរើគណរដ្ឋមន្ត្រីនោះហើយគណបក្សប្រឆាំងនៅមិនទាន់អាចមានអត្ថាធិប្បាយអ្វីឡើយដោយត្រូវពិភាក្សានៅក្នុងគណបក្សសិនប្រសិនបើមានការស្នើឡើងមែន៕