ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន នឹង​ចូលរួម​កិច្ចប្រជុំ​នៅ​ឥណ្ឌូណេស៊ី ដែល​ទំនង​ពិភាក្សា​អំពី​ស្ថានភាព​នយោបាយ​នៅ​មីយ៉ាន់ម៉ា


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន អញ្ជើញ​មក​ដល់​កន្លែង​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ចំនួន ៦ សែន​ដូស​ពី​ប្រទេស​ចិន នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន អញ្ជើញ​មក​ដល់​កន្លែង​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ចំនួន ៦ សែន​ដូស​ពី​ប្រទេស​ចិន នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាស​ថា ​លោក​នឹង​ធ្វើដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​នៅ​ទីក្រុងហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី នៅសប្តាហ៍ក្រោយ ដែល​ទំនង​ពិភាក្សា​អំពី​ស្ថានភាព​នយោបាយ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

លោក ហ៊ុន សែន​ បាន​បង្ហោះសារ​នៅលើ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃសុក្រ​នេះថា ​លោក​នឹង​ធ្វើ ដំណើរ​ទៅ​ទីក្រុងហ្សាការតា នៅថ្ងៃទី ២៤ ខែមេសា ដើម្បី​ចូលរួម​កិច្ចប្រជុំ​អាស៊ាន ដែល​លោកថា​ជា «ភារកិច្ច​ខាន​មិនបាន»។ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់ថា​ជា​កិច្ចប្រជុំ​អ្វី​នោះទេ។

លោក កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា មិន​ទាន់​អាច​បញ្ជាក់​ព័ត៌មាន​អំពី​កិច្ចប្រជុំ​នោះទេ ដោយ​ប្រាប់​ឲ្យ​រង់ចាំ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​នាពេលក្រោយ។

កាលពីថ្ងៃទី ៥ ខែមេសា ប្រទេស​ព្រុយណេ​ដែលជា​ប្រធាន​អាស៊ាន​នៅឆ្នាំនេះ បាន​គាំទ្រ​ជំនួប​របស់​មេដឹកនាំ​អាស៊ាន ដើម្បី​ពិភាក្សា​អំពី​ស្ថានការណ៍​នៅក្នុង​ប្រទេសមីយ៉ាន់ម៉ា ​និង​បាន​បញ្ជាក់​ថា ​ខ្លួន​បាន​ស្នើ​ឲ្យ​ក្រុមមន្ត្រី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​មួយ​នៅក្នុងរដ្ឋធានីហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី។ នេះ​បើ​យោង​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

វិបត្តិ​នយោបាយ​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បាន​កើតឡើង​ចាប់តាំងពី​ថ្ងៃទី ១ ខែកុម្ភៈ​ នៅពេល​ដែល​យោធា​ធ្វើ​រដ្ឋប្រហារ ហើយ​មនុស្ស​រាប់រយ​នាក់​ត្រូវ​បាន​សម្លាប់​នៅក្នុង​ការបង្ក្រាប​របស់​កងកម្លាំង​សន្តិសុខ​លើការតវ៉ានៅទូទាំងប្រទេស។

ដោយសារ​ដំណើរ​ទៅក្រៅ​ប្រទេសនេះ​ចំពេល​ការរាតត្បាត​ជំងឺ​កូវីដ១៩ លោក ហ៊ុន សែន ឲ្យដឹងថា​លោក​ត្រូវ​ប្តូរថ្ងៃ​ចាក់វ៉ាក់សាំង​លើកទី ២ ​របស់លោក ដែល​ដើមឡើយ​កំណត់​ចាក់​នៅថ្ងៃទី ២៩ ខែ​មេសា មកថ្ងៃទី ២០ ខែ​មេសា​វិញ។ លោកបន្ថែមថា​ លោក​ក៏ត្រូវ​យកសំណាក​នៅថ្ងៃទី ២៣ ខែមេសា ដើម្បី​បញ្ជាក់​សុខភាព​របស់​លោក​ថា ​មិនមាន​ជំងឺកូវីដ១៩ ឲ្យ​អាជ្ញាធរ​សុខាភិបាល​ឥណ្ឌូណេស៊ី។

បើតាមលោក ហ៊ុន សែន នៅពេលបញ្ចប់កិច្ចប្រជុំអាស៊ាន លោក​នឹង​ត្រឡប់​មក​ភ្នំពេញ​វិញ​ភ្លាម។

គួរបញ្ជាក់ថា​ លោក ហ៊ុន សែន មិនបាន​ធ្វើដំណើរ​ទៅក្រៅ​ប្រទេស​ជាងមួយឆ្នាំ​មកហើយ ក្នុង​ពេល​ពិភពលោក​កំពុង​ប្រឈម​នឹង​ជំងឺកូវីដ១៩។ លោក​បាន​ធ្វើដំណើរ​ទៅ​ទីក្រុង​ប៉េកាំង ប្រទេសចិន កាល​ពី​ខែកុម្ភៈ ឆ្នាំមុន ក្នុងពេល​ប្រទេសចិន​កំពុង​ប្រឈម​ការឆ្លង​ជំងឺកូវីដ១៩ ​ធ្ងន់ធ្ងរ៕

XS
SM
MD
LG