កម្ពុជាដែលជាសមាជិកអាស៊ានបានចូលរួមសម្តែងក្តីព្រួយបារម្ភលើស្ថានភាពក្នុងប្រទេសមីយ៉ាន់ម៉ា ដែលកំពុងគ្រប់គ្រងដោយយោធា ដោយអំពាវនាវឲ្យមានដំណោះស្រាយដោយសន្តិវិធី។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមមួយ ដែលចេញផ្សាយក្រោយពីមានជំនួបក្រៅផ្លូវការរដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃអង្គារ ទី២ខែមីនា តាមរយៈប្រព័ន្ធវីដេអូ។
រដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ត្រូវបានអញ្ជើញឲ្យចូលរួមដោយរដ្ឋមន្រ្តីការបរទេសប្រ៊ុយណេ លោក Dato Erywan Pehin Yusof។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជា។ កិច្ចប្រជុំនោះ ក៏មានការចូលរួមពីរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ាផងដែរ។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា។
ក្នុងសេចក្តីថ្លែងការណ៍រួម អាស៊ានបានបង្ហាញក្តីព្រួយបារម្ភ និងអំពាវនាវកុំឲ្យមានអំពើហិង្សាបន្តទៀត។
សេចក្តីថ្លែងការណ៍ឲ្យដឹងថា៖ «យើងមានក្តីព្រួយបារម្ភទៅលើស្ថានភាពក្នុងប្រទេសមីយ៉ាន់ម៉ា ហើយអំពាវនាវឲ្យគ្រប់ភាគីបញ្ចៀសការដុតឲ្យមានអំពើហិង្សាបន្ថែមទៀត និងអំពាវនាវឲ្យគ្រប់ភាគីគ្រប់គ្រងខ្លួនឯងឲ្យបានខ្ពស់បំផុត ជាមួយភាពបត់បែន»។
អាស៊ានក៏បានអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធ ស្វែងរក «ដំណោះស្រាយដោយសន្តិវិធី» តាមរយៈ«ការពិភាក្សាដោយស្ថាបនា» និង «ការផ្សះផ្សា»។
ទោះជាយ៉ាងណា អាស៊ានមិនបានអំពាវនាវឲ្យមានការបោះឆ្នោតឡើងវិញ ឬប្រគល់អំណាចទៅគណបក្សដែលឈ្នះឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី Aung San Suu Kyi នោះទេ។ អាស៊ានក៏មិនបានអំពាវនាវចំៗឲ្យមានការដោះលែងមេដឹកនាំ និងអ្នកនយោបាយផ្សេងៗ ដែលត្រូវបានចាប់ខ្លួនដែរ។
ប៉ុន្តែអាស៊ានបានលើកឡើងថា ពួកគេបានឮអំពីការអំពាវនាវនានាឲ្យមានការដោះលែងអ្នកនយោបាយជាប់ឃុំ ដែលត្រូវបានចាប់ខ្លួន ក្រោយរដ្ឋប្រហារយោធា កាលពីថ្ងៃទី១ ខែកុម្ភៈ។
សេចក្តីប្រកាសព័ត៌មានមួយបង្ហោះលើទំព័រហ្វេសប៊ុករបស់ក្រសួងការបរទេសកម្ពុជា ឲ្យដឹងថារដ្ឋមន្រ្តីការបរទេសអាស៊ាន បានពិភាក្សាគ្នា «យ៉ាងស៊ីជម្រៅ» និងប្រកបដោយ «ភាពស្មោះត្រង់» អំពីកិច្ចខិតខំប្រឹងប្រែង និងការបន្តលើកកម្ពស់វឌ្ឍនភាពក្នុងការកសាងសហគមន៍អាស៊ាន និងការពង្រឹងទំនាក់ទំនងរបស់អាស៊ានជាមួយដៃគូខាងក្រៅជាដើម។
សេចក្តីប្រកាសព័ត៌មានបន្តថា រដ្ឋមន្រ្តីការបរទេសអាស៊ានក៏បានផ្លាស់ប្តូរយោបល់ផងដែរ លើបញ្ហាតំបន់ និងអន្តរជាតិដែលជាក្តីបារម្ភ និងចំណាប់អារម្មណ៍រួមគ្នារួមទាំងការវិវឌ្ឍនៃស្ថានការណ៍បច្ចុប្បន្ននៅប្រទេសមីយ៉ាន់ម៉ា។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបដិសេធមិនអត្ថាធិប្បាយចំពោះការជជែកពិភាក្សាគ្នាលើបញ្ហាមីយ៉ាន់ម៉ា កាលពីថ្ងៃអង្គារ ដោយប្រាប់ឲ្យមើលសេចក្តីថ្លែងការណ៍រួមរបស់អាស៊ាន។ លោកបន្តថា រដ្ឋមន្រ្តីការបរទេសអាស៊ានទាំង ១០ បានចូលរួមកិច្ចប្រជុំ កាលពីថ្ងៃអង្គារ។
កាលពីកន្លងទៅ រដ្ឋាភិបាលកម្ពុជាបានរក្សាជំហរដើមរបស់ខ្លួនលើបញ្ហាវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា។ ក្រោយរដ្ឋប្រហារយោធា នាថ្ងៃទី១ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាលលោកនឹងមិនបញ្ចេញយោបល់អ្វីលើបញ្ហានៅប្រទេសមីយ៉ាន់ម៉ាឡើយ។
រដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី Aung San Suu Kyi នាំឲ្យមានការខឹងសម្បារនិងបាតុកម្មដ៏ធំពីប្រជាពលរដ្ឋនៅតាមផ្លូវទូទាំងប្រទេស។ ការបង្ក្រាបដ៏បង្ហូរឈាមក៏បានកើតឡើង ដែលបណ្តាលឲ្យមនុស្សសរុបយ៉ាងតិច ២០ នាក់បានស្លាប់ ក្នុងរយៈពេលមួយខែមកនេះ។
យោធាមីយ៉ាន់ម៉ាបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ក្នុងរយៈពេល១ឆ្នាំ ក្រោយរដ្ឋប្រហារយោធា។
លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅប្រទេសកម្ពុជា មានប្រសាសន៍ថាគោលការណ៍របស់អាស៊ាន ដែលមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ជាបញ្ហាមួយដែលអាស៊ានមិនអាចរិះគន់ ឬថ្កោលទោសគ្នាទៅវិញទៅមក។ ប៉ុន្តែលោកថា អាស៊ានក៏មានគោលការណ៍មួយក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ដែលលោកថា អាស៊ានត្រូវរក្សាតម្លៃនេះ។
លោកប្រាប់ VOA ថា៖ «តម្លៃនៃសមាគមអាស៊ានអាចធ្លាក់ចុះ ប្រសិនបើអាស៊ានមិនមានការលើកឡើង ឬការអំពាវនាវណាមួយ ឬពុំមានយន្តការចាត់វិធានការណាមួយពាក់ព័ន្ធនឹងការជំរុញ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅក្នុងក្របខណ្ឌតំបន់នេះ»។
លោកបន្ថែមថា កម្ពុជាក៏មិនអាចថ្កោលទោសឬរិះគន់ប្រទេសមីយ៉ាន់ម៉ានោះទេ ដោយសារកម្ពុជាក៏មានបញ្ហាផ្ទៃក្នុង ដែលក្នុងនោះមានការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង ការរំលាយគណបក្សសង្រ្គោះជាតិការរឹតត្បិតសិទ្ធិសេរីភាព និងការធ្លាក់ចុះប្រជាធិបតេយ្យរបស់ខ្លួន។
លោកបញ្ជាក់ថា៖ «ទៅថ្កោលទោសភូមាម៉េច ខុសគ្នាតែបន្តិចបន្តួចតើបាទ»។
លោកបន្ថែមថា៖ «កម្ពុជាពិបាកបញ្ចេញមតិយោបល់ណាស់ ពីព្រោះដោយសារស្ថានភាពប្រទេសកម្ពុជាក៏ស្ថិតនៅក្នុងស្ថានភាពមួយដែលសហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបហ្នឹង យកចិត្តទុកដាក់ទៅលើការជំរុញលទ្ធិប្រជាធិបតេយ្យដែរ»។
លោកបណ្ឌិត Paul Chambers ដែលជាអ្នកវិភាគនយោបាយនិងជាសាស្ត្រាចារ្យ នៅសាកលវិទ្យាល័យ Naresuan ក្នុងប្រទេសថៃ មានប្រសាសន៍ថា គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង «ទំនងជាការប្រុងប្រយ័ត្នមួយក្នុងការពិភាក្សា» លើករណីរដ្ឋប្រហារក្នុងប្រទេសមីយ៉ាន់ម៉ា។
លោកប្រាប់ VOA តាមសារអ៊ីមែលថា៖ «នេះពិតជាជំហររបស់កម្ពុជាដែរ។ សេចក្តីថ្លែងការណ៍នោះគឺប្រើពាក្យបែបការទូតសមរម្យ ជាជាងការទាមទារចង់បានអ្វីមួយពិតប្រាកដដោយអាស៊ាន»។
លោកបណ្ឌិតអៀ សុផល សាស្ត្រាចារ្យជំនាញការទូតនៅមហាវិទ្យាល័យ Occidental សហរដ្ឋអាមេរិក ប្រាប់ VOA តាមសារអ៊ីមែលថា៖ «ប្រទេសកម្ពុជាចង់បញ្ចៀសការនិយាយអ្វីប្រឆាំងនឹងមីយ៉ាន់ម៉ា ដោយសារវានឹងដូចជារិះគន់ខ្លួនឯងដែរ»។
លោកបន្ថែមថា ការងើបឡើងរបស់ពលរដ្ឋមីយ៉ាន់ម៉ាប្រឆាំងនឹងយោធាជា «ព័ត៌មានអាក្រក់សម្រាប់កម្ពុជា»៕