លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានព្រមានប្រធានសមាគមមួយរូបថា អាចនឹងប្រឈមមុខនឹងចំណាត់ការផ្លូវច្បាប់ម្តងទៀត បន្ទាប់ពីប្រធានសមាគមរូបនេះបានចូលរួមការរៀបចំពិធីបង្សុកូលឧទ្ទិសកុសលដល់កម្មករដែលបានស្លាប់នៅលើផ្លូវវេងស្រេង ក្នុងពេលធ្វើបាតុកម្មដំឡើងប្រាក់ខែកាលពីពីរឆ្នាំមុន។
លោកនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលនៃប្រទេសកម្ពុជាបានព្រមានសើរើចំណាត់ការផ្លូវច្បាប់ចំពោះប្រធានសមាគមមួយរូប។ លោក ហ៊ុន សែន ទំនងជាថ្លែងយោងដល់លោក វន់ ពៅ មេដឹកនាំសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានចូលរួមជាមួយក្រុមអង្គការសង្គមស៊ីវិលផ្សេងទៀត ដើម្បីធ្វើពិធីរំឭកដល់ការស្លាប់របស់កម្មករ៤នាក់ នៅក្នុងពេលនៃការតវ៉ាទាមទារការដំឡើងប្រាក់ឈ្នួលអប្បរមាដល់កម្មករកាលពីដើមខែមករា ឆ្នាំ២០១៤ ស្ថិតក្នុងតំបន់សួនឧស្សាហកម្មកាណាឌីយ៉ា លើកំណាត់ផ្លូវស្រេង។
លោក ហ៊ុន សែន បានថ្លែងព្រមាន ខណៈពេលលោកសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវដែលនឹងជួយសម្រួលការកកស្ទះចរាចរ នៅក្នុងខ័ណ្ឌទួលគោកនៃរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃអង្គារនេះ។
ថ្លែងទៅកាន់មន្ត្រីរដ្ឋាភិបាល និងអ្នកចូលរួមផ្សេងទៀតនៅក្នុងពិធីនោះ លោក ហ៊ុន សែន បាននិយាយថា តុលាការអាចនឹងសើរើរឿងក្តីរបស់ប្រធានសមាគមនេះឡើងវិញ បន្ទាប់ពីប្រធានសមាគមរូបនេះបានចូលរួមធ្វើពិធីបង្សុកូល កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ដើម្បីឧទ្ទិសកុសលដល់កម្មករដែលបានស្លាប់ក្នុងការបង្រ្កាបដោយការបាញ់គ្រាប់កាំភ្លើងដ៏ប្រល័យពីក្រុមអាជ្ញាធរមានសមត្ថកិច្ចនៅលើផ្លូវវេងស្រេង។ លោកនាយករដ្ឋមន្ត្រីថ្លែងបញ្ជាក់ថា៖
«បុណ្យអីពីម្សិល! ពួកហ្នឹងគេដេញព្រាតទៅទៀត។ អាហ្នឹងក្រយៅជាប់គុក នៅតែចង់ជាប់វី។ អត់ទាន់រួចទេណា! នៅសំណុំរឿងច្រើនទៀតណា៎! កុំភ្លេចអ្ហេ! មេខ្លោងក្រៅប្រព័ន្ធអីគេនោះ»។
លោក វន់ ពៅ និងក្រុមកម្មករ និងសកម្មជនដីធ្លី២២នាក់ទៀតត្រូវចាប់ខ្លួន កាលពីដើមខែមករា ឆ្នាំ២០១៤ ក្រោមការចោទប្រកាន់ពីបទពាក់ព័ន្ធនឹងអំពើហិង្សាដោយចេតនា ការបង្កការខូចខាតទ្រព្យសម្បត្តិសាធារណៈ និងការធ្វើឲ្យមានបញ្ហាអសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។
លោក វន់ ពៅ មេដឹកនាំសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ថា IDEA ថ្លែងប្រាប់ VOA ថា លោកមានការបារម្ភចំពោះការព្រមានរបស់លោកនាយករដ្ឋមន្ត្រី ដែលស្ថិតនៅក្នុងអំណាចជាង៣០ឆ្នាំមកហើយនោះ តែថា លោកនឹងបន្តការងារការពារសិទ្ធិមនុស្សរបស់លោកតទៅទៀត។
«សម្រាប់ខ្ញុំ ខ្ញុំគិតថា អ្វីដែលខ្ញុំធ្វើត្រូវ គឺខ្ញុំនៅតែបន្ត ឲ្យតែខ្ញុំធ្វើអ្វីដែលតាមគោលការណ៍ច្បាប់ តាមគោលការណ៍សិទ្ធិមនុស្ស។ អ្វីដែលខ្ញុំគិតថា ជារឿងត្រឹមត្រូវ គឺខ្ញុំនៅតែធ្វើ លើកលែងតែរឿងអ្វីដែលគិតថា ខុសច្បាប់ អាហ្នឹងខ្ញុំមិនអាចធ្វើបានទេ»។
លោកថ្លែងបញ្ជាក់ថា លោកនិងមនុស្ស២២នាក់ផ្សេងទៀត ដែលបានជាប់ក្នុងពន្ធនាគារ ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០១៤។
លោក មឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (Center for Alliance of Labor and Human Rights) ឬហៅកាត់ថា Central ថ្លែងថា ការធ្វើពិធីបង្សុកូល កាលពីថ្ងៃអាទិត្យកន្លងទៅ មិនបានធ្វើឲ្យខូចមុខមាត់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន នោះទេ។ ប៉ុន្តែ ការដែលអាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋាភិបាលរារាំងការធ្វើពិធីនេះ បានធ្វើឲ្យខាតបង់ផលចំណេញនយោបាយរបស់រដ្ឋាភិបាល។ លោកមានប្រសាសន៍ថា៖
«សម្រាប់ការមើលឃើញរបស់សង្គមស៊ីវិល គឺលោក វន់ ពៅ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ ហ្នឹង អត់បានធ្វើអីខុសសោះ។ លោកគ្រាន់តែទៅឃ្លាំមើលការតវ៉ារបស់កម្មករ ហើយសំឡេងលោក វន់ ពៅ ហ្នឹងបានស្រែកច្បាស់ទៀត មិនឲ្យកម្មករ មិនឲ្យកម្លាំងសមត្ថកិច្ច ឬក៏ទាហានអស់ហ្នឹង ប្រើហិង្សាណាមួយលើគ្នាទេ។ ប៉ុន្តែផ្ទុយទៅវិញគឺគាត់ត្រូវបានគេចាប់ខ្លួន ហើយដាក់ពន្ធនាគាររហូតដល់៥ខែ ដោយអយុត្តិធម៌។ អញ្ចឹងខ្ញុំគិតថា ប្រមុខរដ្ឋាភិបាល លោកគួរតែពិចារណាមើលកន្លែងហ្នឹង ហើយការស្រែករបស់ប្រមុខរដ្ឋាភិបាលហ្នឹងអត់ចំណេញរឿងនយោបាយរបស់គាត់ទេ»។
លោក វន់ ពៅ និងក្រុមអង្គការសង្គមស៊ីវិល ក៏ដូចជាក្រុមគ្រួសារនៃជនរងគ្រោះ ខកខានមិនបានធ្វើពិធីបង្សុកូល កាលពីថ្ងៃអាទិត្យកន្លងទៅនៅក្បែរកន្លែងកងទ័ពឆ័ត្រយោងពិសេស៩១១នោះទេ។ ប៉ុន្តែ ការធ្វើពិធីនេះត្រូវបានប្តូរមកជាការដើរក្បួនតាមការបណ្តេញរបស់ក្រុមអាជ្ញាធរមានសមត្ថកិច្ច និងកងសន្តិសុខផ្សេងទៀត ឲ្យចេញពីផ្លូវវេងស្រេង ក្នុងខណ្ឌពោធិ៍សែនជ័យ មកផ្លូវដួងងៀប២ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែន សុខ។
ព្រះសង្ឃដែលចូលរួមក្នុងពិធីនោះដែរក៏បានផ្តើមការសូត្រធម៌ធ្វើពិធីបង្សុកូល ដោយមានក្រុមអាជ្ញាធរមានសមត្ថកិច្ច និងកងសន្តិសុខតាមពីក្រោយ។
យ៉ាងណាក៏ដោយ ការរារាំងមិនឲ្យធ្វើពិធីបង្សុកូលនេះបានបញ្ចប់ទៅ ដោយមិនមានអំពើហិង្សាធ្ងន់ធ្ងរណាមួយនោះទេ៕