ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ព្រមាន​ចាប់​ខ្លួន​អ្នក«ព្រហើន»​អត្ថាធិប្បាយ​ទាក់ទងនឹង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងអំឡុងពិធីប្រគល់-ទទួល«ពហុកីឡដ្ឋានមរតកតេជោ» ដែលជាជំនួយឥតសំណងរបស់ចិន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២១។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងអំឡុងពិធីប្រគល់-ទទួល«ពហុកីឡដ្ឋានមរតកតេជោ» ដែលជាជំនួយឥតសំណងរបស់ចិន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២១។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទ បាន​ព្រមាន​ចាប់​ខ្លួន​អ្នក​ហ៊ាន​អត្ថាធិប្បាយ​ទាក់​ទង​នឹង​ការ​កែ​ប្រែ​រដ្ឋធម្មនុញ្ញ​ស្តី​ពី​ការ​បង្កើត​រដ្ឋាភិបាល​ពី​សំឡេង​ពីរ​ភាគ​បី​ទៅ​សំឡេង​៥០​បូក​១ ថា​ មិន​គោរព​តាម​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ដែល​បាន​ចុះ​ហត្ថ​លេខា​កាល​ពី​ឆ្នាំ​១៩៩១​នៃ​ការ​បញ្ចប់​សង្រ្គាម​ក្នុង​ប្រទេស និង​រៀប​ចំ​ដឹកនាំ​ប្រទេស​តាម​គន្លង​ប្រជាធិប​តេយ្យ។

លោក ហ៊ុន សែន បាន​ថ្លែង​បែប​នេះ​ នៅ​ក្នុង​ពិធី​សម្ពោធ​ទីស្តី​ការ​នៃ​អគារ​ក្រសួង​រៀបចំ​ដែន​ដី ​នគ​រូប​នីយ​កម្ម និង​សំណង់។

លោក​នាយក​រដ្ឋមន្រ្តី​បាន​ចាត់​ទុក​ការ​អត្ថាធិប្បាយ​បែប​នេះ​ «ជាការ​ប្រមាថ»​មួយ​មក​លើ​សភា​កម្ពុជា ហើយ​លោក​ថា​ នេះ​ជា​ការ​ប្រឈម​មុខ​នឹង​ផ្លូវ​ច្បាប់។ លោក​បន្ថែម​ថា​ កម្ពុជា​មាន​រដ្ឋធម្មនុញ្ញ ដែលបញ្ចូល​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​រួច​ហើយ។

លោក ហ៊ុន សែន ថ្លែង​ថា៖ «និយាយ​អី​ និយាយ​ចុះ ក៏​ប៉ុន្តែ​តែ​ចូល​ដល់​ខុស​ច្បាប់ ធ្ងន់​ពេក គឺ​ដាក់​ហើយ។ ឧទាហរណ៍ អ្នក​ឯង​ មាន​មូលដ្ឋាន​ផ្លូវ​ច្បាប់​មក​ពីណា ​ចោទ​យើង​ថា​ សភា​នេះ កែ​ពី​អា​ពីរ​ភាគបី មក​៥០​បូក១ ខុស​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស។ អា​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស វា​មិន​បាន​កំណត់​ថា ​ធម្មនុញ្ញ​កម្ពុជា ត្រូវ​តែ​ពីរ​ភាគ​បី​អាណា»។

លោក​បន្ថែម​ថា៖ «អ៊ីចឹង​បើ​អ្នក​ឯង​ចោទ​សភា​ខុស គេ​មាន​សិទ្ធិ​ទៅ​វ៉ៃ​ខ្នោះ​អ្នក​ឯង។ ផ្តាំ​ផ្ញើ​ទៅ​ផង ល្មមៗ​បាន​ហើយ។ ហើយ​តិច​ថា ​ហ៊ុន សែន មិន​ហ៊ាន​ និយាយ​គ្នា​ឲ្យ​ច្បាស់។ តិច​ថា ​ហ៊ុន សែន មិន​ហ៊ាន។ ហ៊ុន សែន ហ៊ាន​វ៉ៃ​ខ្នោះ​អ្នក​នយោបាយ ម៉ោង​១២​យប់។ រឿង​អី​ មិន​ហ៊ាន​វ៉ៃ​ខ្នោះ ត្រឹម​ប៉ុន​នេះ។ ឲ្យ​មក​បក​ស្រាយ​ជាមួយ​តុលាការ»។

រូប​មន្ត​ពីរ​ភាគ​បី​នៃ​ការ​បង្កើត​រដ្ឋាភិបាល​ក្រោយ​ការ​បោះ​ឆ្នោត ត្រូវបាន​កំណត់ក្នុងរដ្ឋធម្មនុញ្ញ​ពី​ឆ្នាំ​១៩​៩​៣ ​មក​ដល់​ឆ្នាំ​២០០៦។ ប៉ុន្តែ​ចំណុច​នេះ ត្រូវ​បាន​កែ​ប្រែ​មក​រូប​មន្ត​៥០​បូក​១​វិញ ដែល​ត្រូវ​បាន​រដ្ឋសភា​អនុម័ត កាល​ពី​ឆ្នាំ​២០០៦។ ការឈាន​ទៅ​រកការអនុម័តរូប​មន្តនេះ បាន​កើតឡើង ក្រោយ​មាន​កិច្ចប្រជុំ​រវាង​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី មេដឹកនាំ​បក្ស​ប្រឆាំង។

រូប​ឯកសារ៖ រូបភាព​ទិដ្ឋភាព​ទូទៅ​នៅ​សន្និសីទ​ស្តី​ពី​សន្តិភាពនៅ​កម្ពុជា​ដែល​ប្រព្រឹត្ត​ធ្វើ​នៅ​ទី​ក្រុង​ប៉ារីស​ប្រទេស​បារាំង​កាល​ពីថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។
រូប​ឯកសារ៖ រូបភាព​ទិដ្ឋភាព​ទូទៅ​នៅ​សន្និសីទ​ស្តី​ពី​សន្តិភាពនៅ​កម្ពុជា​ដែល​ប្រព្រឹត្ត​ធ្វើ​នៅ​ទី​ក្រុង​ប៉ារីស​ប្រទេស​បារាំង​កាល​ពីថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។

ទោះ​ជា​យ៉ាង​ណា លោក ហ៊ុន សែន មិន​បាន​បញ្ចេញ​ឈ្មោះ​ថា​ តើ​បុគ្គល​ណា​ដែល​បាន​ថ្លែង​ទាក់​ទង​នឹង​ការ​កែ​ប្រែ​រដ្ឋធម្មនុញ្ញ​ស្តី​ពី​ការ​បង្កើត​រដ្ឋា​ភិបាល​នោះ​ទេ។

នៅ​ក្នុងកិច្ច​ពិភាក្សា​មួយ​ដែល​រៀបចំ​ឡើង​ដោយ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​វីអូឌី កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២១ ក្រោម​ប្រធាន​បទ«២៨​ឆាំ្ន​ក្រោយ​ប្រកាស​រដ្ឋ​ធម្មនុញ្ញ»​អតីត​ព្រះរាជ​លេខា​ផ្ទាល់​របស់​សម្តេច​ព្រះ​បរម​រតន​កោដ្ឋ ​គឺ​ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ និង​ជា​អតីត​មន្រ្តី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្រ្គោះជាតិ មាន​ព្រះបន្ទូល​ថា​ ការ​អនុវត្ត​រូប​មន្ត​ពីរ​ភាគ​បី​នៃ​ការ​បង្កើត​រដ្ឋាភិបាល គឺ​ស្រប​តាម​ការ​ជំរុញ​នៃ​ស្មារតី​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ដោយសារ​កម្ពុជា​ទើប​ចេញ​ពី​សង្រ្គាម ដូច្នេះ​ត្រូវ​មាន​ការ​ផ្សះ​ផ្សា​ជាតិ។ ទោះ​ជា​យ៉ាងណា ព្រះអង្គម្ចាស់​បញ្ជាក់ថា​ ការ​កែ​ប្រែ​រដ្ឋ​ធម្មនុញ្ញ​ពី​ពីរ​ភាគ​បី​មក​៥០​បូក​១ មិន​ខុស​នោះ​ទេ។

ព្រះអង្គម្ចាស់​មានព្រះបន្ទូល​ក្នុង​កិច្ច​ពិភាក្សា​របស់​វីអូឌី​ថា៖ «អ្នក​ដែល​បាន​សរសេរ​រដ្ឋ​ធម្មនុញ្ញ ផ្អែក​ទៅ​លើ​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ស្មារតី​ក្នុង​ការ​ផ្សះ​ផ្សា​ជាតិ ក៏​គេ​បាន​អនុម័ត​ច្បាប់​ពីរ​ភាគ​បី​នោះ​ទៅ»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាន​នៅ​ឡើយ​ទេ។

នៅ​ថ្ងៃ​ចន្ទ​នេះ​ផង​ដែរ លោក ហ៊ុន សែន ក៏​បាន​ព្រមាន​ថា ​អាជ្ញាធរ​ក៏​អា​ចចាប់​ខ្លួន​មនុស្ស ពេល​ប្រជុំ​អាស៊ាន​ក្នុង​ប្រទេស​កម្ពុជា ដែល​កម្ពុជា​ នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ឆ្នាំ​២០២២។

លោក ហ៊ុន សែន បាន​បញ្ជាក់​ថា៖ «អ្ហែង​សាក​មើល បើ​មិន​ត្រពាំង​ផ្លុង។​ កំពុង​តែ​ប្រជុំ​អាស៊ាន​ក៏​ដោយ ព្រោះ​អត់​មាន​ទាក់ទង​អី​នឹង​គ្នា​ទេ។ កិច្ចការ​របស់​កម្ពុជា គឺ​កម្ពុជា​ធ្វើ អត់​មាន​អាស៊ាន​មក​លូក​លាន់​កិច្ច​ការ​កម្ពុជា​ទេ»។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​របស់​អង្គការ​លីកា​ដូ​ លោក​ អំ សំអាត បាន​ថ្លែង​ថា ​យុវជន ឬ​អ្នក​បញ្ចេញ​មតិ​ជួនកាល​មិន​បាន​យល់​ច្បាស់​អំពី​កិច្ច​ព្រម​ព្រៀង​នេះ ហើយ​អាច​មតិ​ខ្លះ ​មិន​ឆ្លុះ​បញ្ចាំង​ពី​កិច្ច​ព្រមព្រៀង។ លោក​បញ្ជាក់​ថា ​ការ​បកស្រាយ និង​ការ​ពន្យល់​ទៅ​វិញ​ទេ ជា​រឿង​ល្អ​ជាង​ការ​ព្រមាន​ចាប់​ខ្លួន។

លោក​បញ្ជាក់​ថា៖ «ហើយ​បើ​ចំណុច​ខ្វះ​ខាត​ណាមួយ ដែល​គាត់​មិន​បាន​ច្បាស់ អាហ្នឹង​មាន​ការ​ពន្យល់ មាន​ការ​បក​ស្រាយ​ឲ្យ​បាន​ត្រឹម​ត្រូវ ដើម្បី​ឲ្យ​គាត់​យល់ ឲ្យ​គាត់​បញ្ចេញ​មតិឲ្យ​បាន​ត្រឹម​ត្រូវ អាហ្នឹង​វា​ជា​រឿង​ល្អ​ជាង»។

រដ្ឋាភិបាល​កម្ពុជា​បាន​ប្រារព្ធ​ខួប​លើក​ទី​៣០​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ដោយ​មាន​ការ​ចូលរួមពី​តំណាង​អង្គទូត ​អង្គការ​សហប្រជាជាតិ​ និង​មន្ត្រីជាន់ខ្ពស់​កម្ពុជា​ជាច្រើន​រូប នៅ​វិមាន​សន្តិភាព​ ក្នុង​រាជធានី​ភ្នំពេញ កាល​ពីថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២១។​ (ហ៊ាន​ សុជាតា​/វីអូអេ)
រដ្ឋាភិបាល​កម្ពុជា​បាន​ប្រារព្ធ​ខួប​លើក​ទី​៣០​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ដោយ​មាន​ការ​ចូលរួមពី​តំណាង​អង្គទូត ​អង្គការ​សហប្រជាជាតិ​ និង​មន្ត្រីជាន់ខ្ពស់​កម្ពុជា​ជាច្រើន​រូប នៅ​វិមាន​សន្តិភាព​ ក្នុង​រាជធានី​ភ្នំពេញ កាល​ពីថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២១។​ (ហ៊ាន​ សុជាតា​/វីអូអេ)

គួរ​បញ្ជាក់​ថា ​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ ត្រូវ​បាន​រំឭក​ជា​បន្ត​បន្ទាប់ ក្រោយ​មាន​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ និង​ការ​រឹតត្បិត​សិទ្ធិ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ។

បើ​តាម​លោក ហ៊ុន សែន អ្នក​ចង់​សើ​រើ​កិច្ច​ព្រម​ព្រៀ​ង​ទីក្រុង​ប៉ារីស គឺ​ចង់​ឲ្យ​បរទេស​មក​ត្រួត​ត្រា​កម្ពុជា។ ទោះ​ជា​យ៉ាង​ណា លោក ហ៊ុន សែន បាន​បញ្ជាក់​ថា ​មាន​ការ​ធានា​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ដែល​នៅ​«មាន​សុពលភាព»​ទៅ​លើ​ចំណុច​ឯករាជ្យ​ភាព​និង​អធិបតេយ្យភាព​របស់​កម្ពុជា៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG