កាលពីព្រឹកថ្ងៃសៅរ៍ ទី២៣ កន្លងទៅនេះ រដ្ឋាភិបាលកម្ពុជាបានប្រារព្ធខួបលើកទី ៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងអង្គទូត អង្គការសហប្រជាជាតិ និងមន្ត្រីជាន់ខ្ពស់កម្ពុជាជាច្រើនរូប។ ពួកគេសាទរនៅជោគជ័យមួយចំនួនដែលកម្ពុជាទទួលបាន ហើយជំរុញឲ្យកម្ពុជាបន្តគោរពគោលការណ៍សាកលនៃកិច្ចព្រមព្រៀងនេះ។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលមានកម្ពុជា និងប្រទេសហត្ថលេខីចំនួន១៨ផ្សេងទៀត ត្រូវបានចុះហត្ថលេខាកាលពី ៣០ឆ្នាំមុន គឺ ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដើម្បីបញ្ចប់សង្រ្គាមប្រដាប់អាវុធនៅកម្ពុជា។
កិច្ចព្រមព្រៀងនេះ ត្រូវបានគេមើលឃើញថា ជាមូលដ្ឋានសម្រាប់ឲ្យកម្ពុជាដឹកនាំប្រទេសតាមគន្លងប្រជាធិបតេយ្យ សេរីពហុបក្ស និងឲ្យមានការគោរពសិទ្ធិមនុស្ស។
នៅឯវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក Mikami Masahiro ថ្លែងតំណាងអង្គទូតនានានៅកម្ពុជាថា នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស គឺជាគុណតម្លៃសាកល ហើយលោកសាទរនូវសមិទ្ធិផលដែលកម្ពុជាបានសម្រេចរយៈពេល ៣០ឆ្នាំ កន្លងមកនេះ។
លោកថ្លែងយ៉ាងដូច្នេះ តាមរយៈអ្នកបកប្រែថា៖ «កិច្ចព្រមព្រៀងទីក្រុងប៉ារីសតែមួយមុខមិនអាចបញ្ចប់សង្គ្រាមសុីវិលបានទេ។ [...] សន្តិភាព និងការអភិវឌ្ឍនៅពេលបច្ចុប្បន្ន ក៏ជាលទ្ធផល និងការខិតខំប្រឹងប្រែងរបស់ប្រជាជនកម្ពុជាខ្លួនឯង ក្នុងការបញ្ចប់សង្គ្រាមសុីវិល និងការស្តារសន្តិភាពឡើងវិញ»។
ដោយឡែក លោក Jean-Yves Le Drain រដ្ឋមន្ត្រីកិច្ចការអឺរ៉ុប និងការបរទេសបារាំង ថ្លែងនៅក្នុងពិធីប្រារព្ធខួប ៣០ឆ្នាំនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសដដែលនេះថា ពហុភាគីនិយម ដើរតួនាទីចាំបាច់សម្រាប់ស្ថិរភាពនៅតំបន់ឥណ្ឌូប៉ាសុីហ្វិក ដែលក្នុងនោះមានប្រទេសកម្ពុជាផងដែរ។
លោកថ្លែងតាមរយៈអ្នកបកប្រែថា៖ «នៅក្នុងគ្រប់វិស័យទាំងអស់ ត្រូវការមាគា៌មួយដែលគោរពអធិបតេយ្យជាតិ ស្របនឹងច្បាប់អន្តរជាតិ និងធានាបានសេរីភាព[...] មាគា៌មួយដែលធានាការប្រកួតប្រជែង ប៉ុន្តែមិនបង្កឲ្យមានភាពតានតឹង និងបង្កជម្លោះ»។
រយៈពេលជាង ៣០ឆ្នាំមកនេះ រដ្ឋាភិបាលកម្ពុជាលើកឡើងថា ជារយៈពេលមួយដែលគ្រប់គ្រាន់សម្រាប់កម្ពុជា ក្នុងការវាយតម្លៃនូវមេរៀនរបស់ខ្លួនមួយចំនួន ក្រោយកិច្ចព្រមព្រៀងនេះ។
តំណាងឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានបញ្ជាក់ថា ជោគជ័យនិងការអភិវឌ្ឍទាំងនោះ កើតចេញពីកិច្ចខំប្រឹងរបស់រដ្ឋាភិបាលខ្លួន ដែលដឹកនាំឲ្យលោក ហ៊ុន សែន ដែលលោកហៅថា «ជាស្ថាបត្យករទី ១ និងសំខាន់បំផុតនៃកិច្ចព្រមព្រៀងក្រុងប៉ារីស»។
លោកក៏បានកត់សម្គាល់ផងដែរថា កិច្ចប្រឹងប្រែងទាំងនេះបានទទួលការជ្រោមជ្រែងពីប្រទេសហត្ថលេខីមួួយចំនួន រួមទាំងប្រទេសដែលមិនមែនជាហត្ថលេខីផ្សេងទៀត ដូចជាប្រទេសចិនជាដើម។
លោក ប្រាក់ សុខុន បានលើកឡើងថា ក្រៅអំពីការណ៍ដែលអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា ឬហៅកាត់ថា អ៊ុនតាក់ «មិនបានសម្រេចបេសកកម្មរបស់ខ្លួនទាំងស្រុង» មុននឹងចាកចេញពីកម្ពុជាហើយនោះ ការណ៍ដែលធ្វើឲ្យកម្ពុជាមិនអាចទទួលសន្តិភាពពេញលេញនោះ គឺ«ការប៉ុនប៉ងជាបន្តបន្ទាប់ក្នុងការផ្លាស់របបតាមមធ្យោបាយដែលគ្មានលក្ខណៈប្រជាធិបតេយ្យ»។
លោកថ្លែងថា៖ «ប៉ុន្តែលទ្ធិប្រជាធិបតេយ្យ នេះជាលទ្ធិតាមបែបលោកខាងលិច ដោយមិនបានគិតគូររាប់បញ្ចូលនូវលក្ខណៈពិសេសរបស់កម្ពុជា […] នរណាក៏ដឹងដែរថា ប្រជាធិបតេយ្យមិនមែនកើតឡើងដោយឯកឯង ឬក៏ជួយបាននោះទេ។ ប្រជាធិបតេយ្យ ក៏មិនមែនជាទំនិញដែលនាំចេញនាំចូលពីប្រទេសមួយទៅប្រទេសមួយទៀតនោះដែរ បើទោះជាជះលុយរាប់រយលានដុល្លារក៏ដោយ»។
ទោះជាយ៉ាងណា ក្នុងខួប ៣០ ឆ្នាំនៃការចុះកិច្ចព្រមព្រៀងនេះ ក្រុមសង្គមស៊ីវិល អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ អ្នកវិភាគនយោបាយ និងសង្គម អ្នកការទូតនៅលោកខាងលិច ក៏ដូចជាយុវជន បានពិភាក្សាគ្នាជាបន្តបន្ទាប់អំពីស្មារតី និងគុណតម្លៃនៃកិច្ចព្រមព្រៀងដែលមានលក្ខណៈសាកលមួយនេះ។
ពួកគេយល់ថា មានចំណុចជាច្រើនផ្សេងទៀតដែលកម្ពុជាគួរបន្តរក្សាគោលការណ៍សិទ្ធិមនុស្សសាកលទាំងនោះ ហើយជៀសវាងការបកស្រាយកិច្ចព្រមព្រៀងនេះ ក្នុងគោលដៅកេងចំណេញនយោបាយ និងប្រយោជន៍ផ្ទាល់បក្សពួកជាដើម៕