គណៈកម្មការចម្រុះព្រំដែនកម្ពុជានិងវៀតណាមបានចាប់ផ្តើមពិភាក្សារឿងព្រំដែនសារជាថ្មីនៅថ្ងៃអង្គារនេះបន្ទាប់ពីមានបាតុភាពរឿងព្រំដែនកម្ពុជាវៀតណាមចាប់ផ្តើមមានភាពតានតឹងសារជាថ្មី។ មន្ត្រីជាន់ខ្ពស់កម្ពុជាបានអះអាងថាការចរចាទ្វេភាគី ដែលមានរយៈពេល៣ថ្ងៃនឹងពិភាក្សាលើបញ្ហាធំៗទាក់ទិននឹងការជីកស្រះនៅតាមបណ្តោយព្រំដែនកម្ពុជាវៀណាម និងការកំណត់បោះបង្គោលព្រំដែនបន្តទៀត។
នៅក្នុងកិច្ចប្រជុំបិទទ្វារនាទីស្តីការគណៈរដ្ឋមន្ត្រី យ៉ាងហោចណាស់មានមន្ត្រីកិច្ចការព្រំដែនកម្ពុជានិងវៀតណាមម្ខាង១០ រូប បានចូលរួមពិភាក្សា។ លោក វ៉ា គឹមហុង សហប្រធានគណៈកម្មការចម្រុះកិច្ចការព្រំដែនកម្ពុជាវៀតណាមបានប្រាប់VOA ខេមរភាសាបន្ទាប់ពីជំនួបថាការពិភាក្សានឹងនៅតែបន្តរហូតដល់ថ្ងៃព្រហស្បតិ៍ ដែលផ្តោតលើបញ្ហាធំៗមួយចំនួននាពេលបច្ចុប្បន្នរួមទាំងបាតុភាពតាមព្រំដែនផងដែរ។ ក៏ប៉ុន្តែមិនទាន់មានការសម្រេចអី្វ ជាដុំកំភួននៅឡើយនោះទេនាថ្ងៃទីមួយនេះ។
«គឺបញ្ហាដូចយើងបានប្រាប់កាលពីមុន បញ្ហាដែលនៅសេសសល់គគោក ដូចជាបញ្ហាបាតុភាពអ្វីទាំងអស់ហ្នឹង ដូចមាននៅក្នុងរបៀបវារៈ។ វាមិនមែនរឿងជីកស្រះនោះទេគឺបញ្ហានៅក្នុងតំបន់នោះ ព្រោះបញ្ហានៅតំបន់នោះមិនទាន់បានដោះស្រាយឯណា»។
លោក វ៉ា គឹមហុង បានបន្តថា ៖
«អត់ទាន់មានអ្វីទេ យើងប្រជុំធម្មតា វាបីថ្ងៃឯណោះ យើងអត់ទាន់មានលទ្ធផលអី្វជាដុំកំភូននៅឡើយទេ យើងនៅបន្តទៀត វាទើបតែមួយកំណាត់ថ្ងៃ មួយព្រឹកអញ្ចឹង យើងអត់ទាន់ចូលជាស៊ីជម្រៅឯណា»។
ពេលថ្មីៗនេះបញ្ហាព្រំដែនកម្ពុជាវៀតណាមបានឡើងកំដៅសារជាថ្មីបន្ទាប់ពីវៀតណាមបានជីកស្រះតាមបណ្តោយព្រំដែនកម្ពុជានាខេត្តរតនគិរីនិងសាងសង់ប៉ុស្តិ៍យោធានៅជាប់ព្រំដែនខេត្តកណ្តាលផងដែរ ដែលជាចំណុចមិនទាន់មានការឯកភាពគ្នានោះ។
គណបក្សជំទាស់ដែលមានសំឡេងភាគតិចនៅរដ្ឋសភាចោទថា រដ្ឋបាលលោកហ៊ុន សែន កំពុងប្រើប្រាស់ផែនទីចម្លងនិងមិនផ្លូវការក្នុងការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាមនិងមានការបាត់បង់ទឹកដីកម្ពុជា។
កាលពីថ្ងៃច័ន្ទកន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សរសេរលិខិតផ្ញើទៅកាន់លោក បាន គីមូន (Ban Ki-moon) អគ្គលេខាធិការ អង្គការសហប្រជាជាតិដើម្បីស្នើសុំខ្ចីផែនទីដើមទាំងអស់ ខ្នាត១ភាគ១០០.០០០ ដែលបោះពុម្ពដោយក្រុមភូមិសាស្រ្តឥណ្ឌូចិន ដើម្បីបំបាត់មន្ទិលសង្ស័យទាំងនោះ។ ផែនទីខ្នាត១ភាគ១០០ពាន់ នេះត្រូវបាន ព្រះបាទព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បានយកទៅតម្កល់ទុកនៅ ក្នុងអង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ១៩៦៤ មកម្ល៉េះ។
លោក វ៉ា គឹមហុងបញ្ជាក់ថា មិនទាន់មានការឆ្លើយតបពី អគ្គលេខាធិកា អង្គការសហប្រជាជាតិ។
ជាមួយគ្នានោះដែរតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលស្វាយរៀងលោក រៀល ខេមរិន្ទ្របានសរសេរលិខិតផ្លូវការមួយដើម្បីអញ្ចើញលោក វ៉ា គឹមហុង ចុះទៅពិនិត្យបង្គោលព្រំដែនលេខ២០២និង២០៣ ស្ថិតក្នុងស្រុកកំពង់រោទ៍ខេត្តស្វាយរៀង។ នេះបើយោងតាមលិខិតមួយដែលចុះថ្ងៃច័ន្ទទី៦ខែកក្កដានេះ។
តាមលិខិតដដែលនេះ លោករៀល ខេមរិន្ទ្រ និងសកម្មជនព្រំដែននឹងចុះទៅពិនិត្យបង្គោលព្រំដែននាថ្ងៃអាទិត្យទី១៩ ខែកក្កដាខាងមុខ។
លោក វ៉ា គឹមហុង ថ្លែងថា លោកមិនទាន់បានឃើញលិខិតអញ្ជើញនោះនៅឡើយទេ ហើយវាក៏គ្មានភាពចាំបាច់សម្រាប់រូបលោកក្នុងការចូលរួមធ្វើទស្សនកិច្ចជាមួយគណបក្សសង្គ្រោះជាតិនោះដែរ៕