លោក អគ្គលេខាធិការអង្គការសហប្រជាជាតិបាន គីមូន បានទទួលលិខិតរបស់លោក នាយករដ្ឋមន្ត្រីហ៊ុន សែន ដែលស្នើសុំផែនទីកម្ពុជានៅឯអ.ស.បហើយ។ នេះ បើតាមការបញ្ជាក់របស់អ្នកនាំពាក្យអ.ស.ប ដែលបាន ថ្លែងប្រាប់VOA ខេមរភាសា។
នៅក្នុងសារលិខិតមួយដែល VOA ទទួលបាននោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនសរសេរ លិខិតផ្ញើទៅកាន់លោកបាន គីមូន (Ban Ki-moon) អគ្គលេខាធិការអង្គការសហប្រជាជាតិ ដោយបានស្នើ សុំខ្ចីផែនទីដើមទាំងអស់ ខ្នាត១ភាគ១០០.០០០ ដែលបោះពុម្ពដោយក្រុម ភូមិសាស្រ្តឥណ្ឌូចិន ហើយផែនទីនេះត្រូវបានយកទៅតម្កល់ទុកនៅក្នុងអង្គការ សហប្រជាជាតិ ចាប់តាំងពីឆ្នាំ១៩៦៤ ដោយព្រះបាទព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។
លោកស្រី Eri Kaneko អ្នកនាំពាក្យអ.ស.បបញ្ជាក់ថាលោកអគ្គលេខាធិការបានទទួលលិខិត របស់លោក នាយករដ្ឋមន្ត្រីហ៊ុន សែនហើយ។ លោកស្រីថ្លែងថា៖
«លោកអគ្គលេខាធិការ បានទទួលហើយ។ ហើយរឿងនេះអ.ស.បកំពុងសិក្សា»។
ការស្នើសុំនេះគឺធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីគណបក្សជំទាស់ដែលមានសំឡេងភាគតិចនៅ រដ្ឋសភាចោទថា រដ្ឋបាលលោកហ៊ុន សែនកំពុងប្រើប្រាស់ផែនទីចម្លង និងមិនផ្លូវការក្នុងការបោះបង្គោល ព្រំដែនជាមួយប្រទេសវៀតណាម និងមានការបាត់បង់ទឹកដីកម្ពុជា។ ហើយក៏មានរយៈពេលតែមួយថ្ងៃប៉ុណ្ណោះមុនពេលដែលភាគីកម្ពុជានិងវៀតណាមចូលប្រជុំចរចាលើបញ្ហាព្រំដែនដែលសេសសល់និងដោះស្រាយបាតុភាពដែលទើបកើតមានឡើងតាមបណ្តោយព្រំដែន៕