នាយករដ្ឋមន្ត្រីខ្មែរលោក ហ៊ុន សែន បានអះអាងថាការនាំចេញរបស់កម្ពុជានឹងមិនរងសម្ពាធណាមួយឡើយ បើសិនមានការដកឋានៈប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញ លើកលែងសព្វាវុធ» (Everything But Arms ឬ EBA)ពីសំណាក់សហភាពអឺរ៉ុបដែលបន្តបង្ហាញការបារម្ភអំពីរឹតត្បិតសិទ្ធិនយោបាយរបស់ក្រុមជំទាស់នៅកម្ពុជា។
លោកហ៊ុន សែនកំពុងមានវត្តមានក្នុងទ្វីបអឺរ៉ុបដើម្បីទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូសប្រទេសស្វីស ទីដែលលោកនឹងដឹកនំាកម្មវិធីមួយចំនួនដើម្បីជំរុញសកម្មភាពជំនួញបរទេសនៅកម្ពុជា។
នៅក្នុងពិធីជួបជុំជាមួយពលរដ្ឋខ្មែរចំនួនជាង២០០០នាក់ នៅទីក្រុង Zurich ប្រទេសស្វីសកាលពីចុងសបា្តហ៍កន្លងទៅនេះ លោកហ៊ុន សែនបានប្រាប់ពលរដ្ឋខ្មែររស់នៅក្នុងទី្វបអឺរ៉ុបនោះថា«ការដក EBA ពីអឺរ៉ុបមិនប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជានោះទេ»។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោកហ៊ុន សែន។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនឱ្យដឹងទៀតថា ឆ្នាំកន្លងទៅទំហំពាណិជ្ជកម្មកម្ពុជា និងអឺរ៉ុប សម្រេចបានជាង៤ ពាន់លានដុល្លារអាមេរិក ក្នុងនោះកម្ពុជា នាំចេញទៅអឺរ៉ុប មានទឹកប្រាក់ជាង៣ពាន់លានដុល្លារ។
បើតាមលោកហ៊ុន សែន វិស័យកាត់ដេរក៏កំពុងមានសកម្មភាពល្អប្រសើរ ខណៈការបញ្ជាទិញមានការកើនឡើង ក្នុងនោះរោងចក្រប្រមាណ៥០០ កំពុងបង្កើនម៉ោងក្នុងការផលិតផងដែរ។ យ៉ាងណាក៏ដោយ មេដឹកនាំទីក្រុងភ្នំពេញរូបនេះថា កំណើនសេដ្ឋកិច្ចដ៏ល្អរបស់កម្ពុជា ត្រូវបានរងផលប៉ះពាល់ដោយវិបត្តិនៃជំងឺកូវីដ១៩ ដែលបានទាញទម្លាក់រហូតដល់ក្រោមសូន្យ និង រំពឹងថាងើបឡើងវិញដល់ជាង៥ភាគរយឆ្នាំនេះ។
គួររំឭកឡើងវិញផងដែរថា កាលពីដើមខែឧសភា ឆ្នាំ២០២២នេះ សមាជិកសភារបស់សហភាពអឺរ៉ុបច្រើនលើសលប់ បានបោះឆ្នោតសម្រេចលើញត្តិមួយដែលបានបង្ហាញការព្រួយបារម្ភអំពីការបន្តបង្ក្រាបនយោបាយនៅកម្ពុជា និងបានជំរុញឱ្យគណៈកម្មការអឺរ៉ុបត្រៀមខ្លួនក្នុងការដកឋានៈប្រព័ន្ធអនុគ្រោះពន្ធ ឬ EBA ទាំងស្រុងប្រសិនបើការបោះឆ្នោតនាពេលខាងមុខមិនមានភាពសេរី និងយុត្តិធម៌។ ពួកគេក៏ជំរុញឱ្យមានការទម្លាក់ចោលការចោទប្រកាន់លើលោក កឹម សុខា ផងដែរ៕