ក្នុងពេលជួបជាមួយអ្នកសារព័ត៌មានកាលពីថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថាសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន នឹងត្រូវអនុម័តនៅក្រោយការបោះឆ្នោត គឺប្រាកដនៅក្នុងឆ្នាំ២០២៤ ឬ២០២៥។
នេះជាការឆ្លើយតបទៅនឹងក្រុមអង្គការសង្គមស៊ីវិលមួយចំនួន ដែលកាលពីកន្លងទៅ បានស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពន្លឿនការអនុម័តសេចក្តីព្រាងច្បាប់នេះឲ្យបានមុនការបោះឆ្នោតថ្នាក់ជាតិ ដើម្បីប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មាន អាចស្នើសុំព័ត៌មានពីស្ថាប័នរដ្ឋ។
លោក ហ៊ុន សែន បញ្ជាក់ប្រាប់អ្នកសារព័ត៌មានក្នុងពិធីជួបជុំមួយថាការយឺតយ៉ាវនៃការអនុម័តច្បាប់នេះ ដោយសាររដ្ឋាភិបាលចង់ប្រមូលមតិយោបល់របស់អ្នកពាក់ព័ន្ធ ដើម្បីធានាថាច្បាប់មួយនេះ បម្រើផលប្រយោជន៍ទាំងអស់គ្នា។
លោកថ្លែងថា៖ «ក៏ប៉ុន្តែយើងបានសង្កេតឃើញថាអង្គការក្រៅរដ្ឋាភិបាលខ្លះទាមទារហួសហេតុ ទាមទារជ្រុល។ ការទាមទារជ្រុល និងទាមទារហួសហេតុនោះហើយ ដែលទាមទារឲ្យរដ្ឋមន្រ្តីត្រូវធ្វើការសម្របសម្រួល»។
លោក ហ៊ុន សែន បន្ថែមថាសេចក្តីព្រាងច្បាប់នេះ កំពុងស្ថិតក្នុងដៃរបស់ក្រសួងយុត្តិធម៌ ដែលពិនិត្យចំពោះការចែងអំពីបទល្មើស។
មុនជំនួបនាយករដ្ឋមន្រ្តីជាមួយអ្នកសារព័ត៌មាន ក្រុមសង្គមស៊ីវិលបានលើកឡើងថាការអនុម័តច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានឲ្យបានឆាប់ស្របតាមបទដ្ឋានអន្តរជាតិ នឹងធានាបាននូវសិទ្ធិសេរីភាពក្នុងការទទួលបានព័ត៌មាន ក្នុងការលើកកម្ពស់សេវាសាធារណៈ និងដំណោះស្រាយបញ្ហាប្រឈមនានាលើគ្រប់វិស័យ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិលសរុបចំនួន២៤ ដែលចេញផ្សាយកាល ពីថ្ងៃសុក្រ សប្តាហ៍មុន។
ពួកគេកត់សម្គាល់ថា សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននេះ បានអូសបន្លាយពេលជាយូរឆ្នាំមកហើយ ដែលមកដល់ពេលនេះមានរយៈពេលប្រមាណ៥ឆ្នាំហើយ។ ដូច្នេះរដ្ឋាភិបាលគួរតែអនុម័តសេចក្តីព្រាងច្បាប់មួយនេះ ឲ្យក្លាយទៅជាច្បាប់សម្រាប់ប្រើប្រាស់។
លោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ឬហៅកាត់ថា ខេមបូចា លើកឡើងថាការអនុម័តច្បាប់នេះអាស្រ័យលើឆន្ទៈរបស់រដ្ឋាភិបាល។ លោករិះគន់ដំណើរការនេះ «ហាក់ដូចជាយូរពេក»។
លោកប្រាប់វីអូអេថា៖ «ជារួមមិនមែនជាការទាមទាររបស់សង្គមស៊ីវិលជ្រុលហួសហេតុទេ ដែលជំរុញឲ្យសេចក្តីព្រាងហ្នឹងវានៅជាប់គាំងនោះ ពីព្រោះសេចក្តីព្រាងហ្នឹង សង្គមស៊ីវិលយើងបានបញ្ចប់នៅក្នុងការជជែកគ្នា ដាក់ធាតុចូលហ្នឹង មានការព្រមព្រៀងគ្នាជាមួយនឹងក្រសួងព័ត៌មានរបស់រដ្ឋាភិបាលហ្នឹង តាំងពីឆ្នាំ២០១៨មកម្ល៉េះ។ អ៊ីចឹងរយៈពេលនៃការជាប់គាំង៤ឆ្នាំ ឬក៏អាចទៅ៦ឆ្នាំ ឬក៏ច្រើនជាងនេះ គឺមិនមែនរឿងទាក់ទងនឹងខាងសង្គមស៊ីវិលទេ គឺរឿងទាក់ទងជាមួយនឹងខាងបច្ចេកទេសនៃក្រុមការងារអន្តរក្រសួងរបស់រដ្ឋាភិបាលទេ»។
ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននេះនឹងអនុញ្ញាតឲ្យពលរដ្ឋ និងអ្នកសារព័ត៌មានអាចស្នើសុំព័ត៌មាននានា ដែលមិនមែនជាព័ត៌មានសម្ងាត់របស់ជាតិ ពីមន្ត្រីផ្តល់ព័ត៌មាននៅតាមស្ថាប័នរដ្ឋ។ ការណ៍នេះនឹងជួយឲ្យប្រជាពលរដ្ឋ អាចទទួលបានព័ត៌មានពិត និងធ្វើឲ្យពលរដ្ឋអាចចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍជាតិបានល្អប្រសើរ។ នេះបើតាមក្រុមអង្គការសង្គមស៊ីវិល។
ក្រុមអង្គការសង្គមស៊ីវិលក៏បានស្នើចំណុចមួយចំនួនទៀត ដូចជាសូមឲ្យនៅក្នុងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានមានការបញ្ជាក់ឲ្យបានច្បាស់អំពីព័ត៌មានណាខ្លះ ជាប្រភេទព័ត៌មានសម្ងាត់។ ក្រសួង មន្ទីរ និងអង្គភាពនានារបស់រដ្ឋត្រូវបើកចំហព័ត៌មានសាធារណៈឲ្យបានទូលំទូលាយ ជាពិសេសតម្លៃសេវាកម្មនីតិវិធីក្នុងការទទួលបានសេវា និងពេលវេលាកំណត់ដោយច្បាប់នៅកម្រិតថ្នាក់ជាតិ កិច្ចសន្យាដីសម្បទានសេដ្ឋកិច្ច គម្រោងអភិវឌ្ឍន៍ធំៗ គម្រោងលទ្ធកម្មសាធារណៈថ្នាក់ជាតិ បញ្ហាដីធ្លី ការបណ្តេញចេញដោយបង្ខំ និងវិវាទដទៃទៀត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍។
បន្ថែមពីនោះ ពួកគេស្នើរដ្ឋាភិបាលផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីសិទ្ធិទទួលបានព័ត៌មាន និងលើកទឹកចិត្តប្រជាពលរដ្ឋ ជាពិសេសយុវជនឲ្យចូលរួមស្វែងរកព័ត៌មានសាធារណៈទាំងឡាយដែលពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃ ពង្រឹង និងបង្កើតនូវយន្តការយកចិត្តទុកដាក់ផ្សព្វផ្សាយតាមប្រព័ន្ធបច្ចេកវិទ្យាដើម្បីធានាថាប្រជាពលរដ្ឋ ក្រុមយុវជន ជនមានពិការភាព និងជនជាតិដើមភាគតិច ទទួលបាននូវព័ត៌មានពេញលេញ៕