ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន៖ ឈ្នះ​ឆ្នោត​ហើយ​ដូរ​រដ្ឋមន្ត្រី​ជា​ការ​គិតខ្លី​និង​គ្មាន​គុណធម៌


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និយាយទៅកាន់អ្នកសារព័ត៌មាន រាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និយាយទៅកាន់អ្នកសារព័ត៌មាន រាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨។

គណៈរដ្ឋមន្ត្រី​​ដែល​បន្ត​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​មាន​ឧបនាយក​រដ្ឋមន្ត្រី​ចំនួន​១០​រូប​ ​ទេសរដ្ឋមន្ត្រី​១៧​រូប​ ​និង​រដ្ឋមន្ត្រី​ចំនួន​២៩​រូប។

លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​នៅ​ថ្ងៃ​សុក្រនេះ​ ​ថ្លែង​ការពារ​រដ្ឋា​ភិបាល​អាណតិ្តថ្មី​របស់​ខ្លួន​ដែល​មិន​បាន​ផ្លាស់ប្តូរ​រដ្ឋ​មន្រ្តី​ទាំង​ជិត​៣០​ក្រសួង​ ​ដោយ​អះអាង​ថា​ ​ការ​កែ​ទម្រង់​ដែល​ធ្វើ​ឡើង​ត្រឹម​តែ​ការ​ប្តូរ​មនុស្ស ​គឺ​ស្មើ​នឹង​ការ​សម្លាប់​ខ្លួនឯង។​

លោក​នាយក​រដ្ឋ​មន្រ្តី​ថ្លែង​បែប​នេះ​ ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​លើក​ដំបូង​របស់​គណៈរដ្ឋមន្រ្តី​ ​អាណត្តិ​ទី​៦​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ទី៧​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០១៨។​ ​លោក​លើក​ឡើង​ថា​ ​ជោគជ័យ​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​បានមក​ពី​ការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​របស់​សមាជិក​គណបក្ស​ប្រជាជន​ ​នៅ​មុន​ការ​បោះឆ្នោត​ដូច្នេះលោក​មិនអាច​ដក​មន្រ្តី​ទាំង​នោះ​បាន​ទេ។​

លោក​ ​ហ៊ុន សែន​ ​បញ្ជាក់​ថា៖​

«ប្រសិន​បើ​ទទួល​ជោគ​ជ័យ​ ហើយ​បែរ​ជា​នាំគ្នា​បោះបង់​ចោលមន្រ្តី​ដែល​ខិត​ខំ​ប្រយុទ្ធ​ដើម្បី​យក​ឈ្នះ​នេះ​តើ​ ​ហ៊ុន សែន​ ​អគុណធម៌​ប៉ុណ្ណា​ទៅ?»

លោក​នាយក​រដ្ឋ​មន្រ្តី​ដែល​កាន់អំណាច​ជាង​៣០​ឆ្នាំ​ ​និង​ទើប​ប្រកាស​ដឹកនាំ​ប្រទេស​ជា​ផ្លូវ​ការ​បន្ត​៥​ឆ្នាំ​ទៀត​រូប​នេះ​ បន្ថែម​ថា​ ​ប្រសិន​បើ​ការ​កែ​ទម្រង់​រដ្ឋាភិបាល​ត្រូវ​ធ្វើ​ឡើង​ដោយ​ការ​ដក​មន្រ្តី​ជាន់​ខ្ពស់​ នោះ​រដ្ឋាភិបាល​របស់​លោក​នឹង​ត្រូវ​ស្លាប់​ ​និង​ថា​ ​លោក​ដែល​ជា​នាយក​រដ្ឋមន្រ្តី​ ​ក៏​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​ឯកា​ផង​ដែរ។​

លោក​មានប្រសាសន៍​ថា៖​

«មនុស្ស​មួយ​ចំនួន​គិត​ថា​ ​ការ​កែ​ទម្រង់​គឺជា​ការ​ដូរ​មនុស្ស​ ​នេះ​ជា​ការ​គិត​ខ្លី​របស់​មនុស្ស​ខ្លះ រហូត​ដល់​មាន​ការ​ធ្វើ​អត្ថាធិប្បាយ​យ៉ាង​នេះ​ ​ធ្វើ​អត្ថាធិប្បាយ​យ៉ាង​នោះ។​ ​ប្រសិនបើ​ការ​កែ​ទម្រង់​ណាមួយ​ត្រឹម​តែ​ការ​ដូរ​មនុស្ស​ ​វា​មិន​ខុស​ពី​ការ​សម្លាប់​ខ្លួនទេ។​ ​ខ្ញុំ​អាច​បញ្ជាក់​ជូន​អស់លោក​ ​ក្នុង​ក្រប​ខណ្ឌ​យុទ្ធសាស្រ្ត​នៃ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ មិនមែន​ការ​កែទម្រង់​សំដៅ​ទៅ​លើ​ការ​ដោះ​ដូរ​មនុស្ស​ទេ​ ​ប៉ុន្តែ​សំខាន់​បំផុត​គឺ​សំដៅ​ទៅ​លើ​ខ្លឹមសារ​ការងារ​ ​ប្រសិទ្ធភាព​ការងារ​ឯណោះ​វិញ​ទេ»។​

គណៈរដ្ឋមន្ត្រីដែល​បន្ត​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​មាន​ឧបនាយក​រដ្ឋមន្ត្រី​ចំនួន​១០​រូប​ ​ទេសរដ្ឋមន្ត្រី​១៧​រូប​ ​និង​រដ្ឋមន្ត្រី​ចំនួន​២៩​រូប។ សមាសភាព​គណៈរដ្ឋមន្ត្រី​ក្នុង​អាណត្តិ​នេះ​មិន​មាន​ការ​ផ្លាស់​ប្តូរ​នោះ​ទេ​ ​ប៉ុន្តែ​មាន​ការ​បញ្ចូល​សមាសភាព​ថ្មី​នៃ​តំណែង​ឧបនាយក​រដ្ឋមន្ត្រី​ ​និង​បង្កើន​ចំនួន​រដ្ឋមន្ត្រី​មួយ​រូប​ ​ដែល​បាន​ធ្វើ​ឲ្យ​ចំនួន​សរុប​នៃ​សមាស​ភាព​រដ្ឋាភិបាល​កើន​ដល់​៥៦​រូប។​

ការ​មិន​ផ្លាស់ប្តូរ​សមាសភាព​គណៈ​រដ្ឋមន្រ្តី​ថ្មី​នា​អាណត្តិ​នេះ​ ​ឃើញ​ថា​មាន​ការ​ខុសគ្នា​ទៅ​នឹង​អាណត្តិ​មុន​ ​គឺ​អាណត្តិ​ក្រោយ​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៣។​ ​ក្នុង​អាណត្តិ​ទី​៥ នៃ​ឆ្នាំ​២០១៣​នោះ​ ​គេ​ឃើញ​ថា គណបក្ស​សង្គ្រោះ​ជាតិ​ដណ្តើម​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​គណបក្ស​កាន់អំណាច​ ​ហើយ​រដ្ឋាភិបាល​របស់​លោក​ ​ហ៊ុន សែន​ ​ក៏​បាន​រុះរើ​សមាសភាព​គណៈ​រដ្ឋមន្ត្រី​របស់​លោក​ ​ដោយ​បាន​ផ្លាស់​ប្តូរ​រដ្ឋមន្ត្រី​ជា​ច្រើន​រូប ​និង​បាន​តែង​តាំង​មន្ត្រី​ថ្មី​មួយ​ចំនួន​ឲ្យ​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ ​និង​ផ្លាស់​ប្តូរ​រដ្ឋមន្ត្រី​ពី​ក្រសួង​ចាស់​ទៅ​ក្រសួង​ថ្មី​ជាដើម។​

លោក​ ​មាស នី​ ​អ្នក​សិក្សា​ពី​ការ​អភិវឌ្ឍ​សង្គម​ ​និង​ជា​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ ​ប្រាប់​ ​VOA​ ​ថា​ ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ​គឺ​ធ្វើ​ឡើង​ក្នុង​បរិបទ​នៃ​ការ​ដឹកនាំ​គណបក្ស​ប៉ុណ្ណោះ។ លោក​បន្ថែម​ថា​ ​សម្រាប់​ការ​ដឹកនាំ​រដ្ឋាភិបាល​ឲ្យ​មាន​ប្រសិទ្ធភាព​ ​មេដឹកនាំ​ត្រូវ​ក្លាហាន​ក្នុង​ការ​ដោះ​ដូរ​មន្រ្តី​ដែល​អសកម្ម​ចោល​ ដើម្បី​ធានា​ពី​ការ​អភិឌ្ឍប្រទេស​ស្របតាម​ការ​ចង់បាន​របស់​ប្រជាពលរដ្ឋ។​

លោក​បញ្ជាក់​ថា៖​

«បើ​ចង់​ធ្វើការ​កំណែរ​ទម្រង់​ឲ្យ​មាន​ប្រសិទ្ធភាព រដ្ឋាភិបាល​ត្រូវ​តែ​ក្លាហាន​ក្នុងការ​កាត់​សាច់​ស្អុយ​បោះ​ចោល។​ ​ខ្ញុំ​ឮ​សូរ​ថា ​អ្នក​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​ គាត់​ក៏​និយាយ​ដែរ​ថា ​បើ​ចង់​ឲ្យ​គណ​បក្ស​ប្រជាជនអាច​ឈាន​មក​រក​បាន​ប្រជាប្រិយ​ភាព​ ដោយ​មិន​ភ័យ​រឿង​បាត់បង់​អំណាច​ទៅវិញ វា​ទាល់តែ​ធ្វើការកាត់​សាច់​ស្អុយ​ហ្នឹង​ចោល ទើប​អាច​ធ្វើ​ដំណើរ​ទៅ​ដោយ​រលូន​បាន។ ហើយ​បើ​សិន​ជា​យើង​នៅ​តែ​ឱបសាច់​ស្អុយ​មួយ​ ​ដោយ​គិត​ថា​អ្នក​ហ្នឹង​ឯង​ជា​មនុស្ស​របស់​គណបក្ស​ទុក​មួយ​វា​អាច​ខាត​ដល់​រាប់ពាន់​ រាប់ម៉ឺន​នាក់»។​

ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត​អាណត្តិ​ទី៦ កាលពី​ថ្ងៃទី២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ​ធ្វើ​ឡើង​ដោយ​មិនមាន​ការ​ចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​កាលពី​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣​ ​និង​ការ​បោះឆ្នោត​ថ្នាក់​មូលដ្ឋាន​ឆ្នាំ​២០១៧។​ ​

អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុងការ​បោះ​ឆ្នោត​អាណត្តិ​នេះ​ ​គឺ​ដោយសារ​តុលាការ​កំពូល​បាន​រំលាយ​គណបក្ស​នេះ​ចោល​ ​ទៅ​តាម​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ​ ​ដោយ​ចោទ​ថា ​គណបក្ស​នេះ​បាន​ឃុបឃិត​ជាមួយ​បរទេស​ ​រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន។​

ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ សហគមន៍​អន្តរជាតិ​ដែល​ភាគ​ច្រើន​ជា​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ ​ដូចជា​សហរដ្ឋ​អាមេរិក​ ​សហភាព​អឺរ៉ុប​ ​អូស្រ្តាលី​ ​និង​កាណាដា​ជា​ដើម​ ​បាន​រិះគន់​រដ្ឋាភិបាល​កម្ពុជាជាបន្ត​បន្ទាប់។​ ​

សហរដ្ឋអាមេរិក​ និង​សហភាព​អឺរ៉ុប​ ​បាន​ដក​ជំនួយ​អភិវឌ្ឍន៍​មួយ​ចំនួន​ជាបន្តបន្ទាប់​ ​ព្រមទាំង​បាន​ព្រមាន​ជា​ច្រើន​ដង​ថា ​នឹង​ចាត់​វិធានការ​ជាក់​លាក់ ដោយ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការដើរ​ថយ​ក្រោយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ផង​ដែរ៕

XS
SM
MD
LG