ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ផ្តល់​ម៉ាស​៣សែន​និង​ឈុត​ការពារ​១៥០០​ដល់​ប្រទេស​ចិន


មន្ត្រី​សុខាភិបាល​ម្នាក់​ពាក់​ម៉ាស​និង​ឈុតការពារ​​ពី​ការ​ឆ្លង​វីរុស COVID19 សម្រាប់​ត្រៀម​ដឹក​ជញ្ជូន​អ្នក​ជំងឺ​ពី​ក្រុង Daegu កូរ៉េខាងត្បូង ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ២០២០។
មន្ត្រី​សុខាភិបាល​ម្នាក់​ពាក់​ម៉ាស​និង​ឈុតការពារ​​ពី​ការ​ឆ្លង​វីរុស COVID19 សម្រាប់​ត្រៀម​ដឹក​ជញ្ជូន​អ្នក​ជំងឺ​ពី​ក្រុង Daegu កូរ៉េខាងត្បូង ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ២០២០។

កម្ពុជា​បាន​ផ្តល់​ជំនួយ​ជា​ម៉ាស​និង​ឈុត​ការពារ​ជំងឺ​ដែល​បង្ក​ដោយ​វីរុស​ Covid-19 ទៅ​ឲ្យ​ប្រទេស​ចិន​តាម​រយៈស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​កាលពី​ថ្ងៃច័ន្ទ​ម្សិល​មិញ ដើម្បី​បង្ហាញ​ពី​​សណ្ដានចិត្ត​ក្នុង​ការ​ចែក​រំលែក។

កាលពី​ថ្ងៃច័ន្ទនេះ កម្ពុជា​បាន​ផ្តល់​ជំនួយ​ជាសម្ភារៈ​ដើម្បីប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ឆ្លង​វីរុស Covid-19 ដែល​មាន​ម៉ាស​និង​ឈុត​ការពារ​ជំងឺ​ទៅ​កាន់​ប្រទេស​ចិន​ ដែល​ជា​ប្រទេស​ប្រភព​នៃ​ជំងឺ​ឆ្លង​នេះ។

រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិនៃ​កម្ពុជា លោក ទៀ បាញ់ ជាមួយ​នឹងលោក​ Wang Wentian ឯក​អគ្គរដ្ឋ​ទូតចិន​ប្រចាំ​កម្ពុជាបាន​ចូល​រួម​ក្នុង​ពិធី​ប្រគល់​និង​ទទួល​សម្ភារៈ​ទប់ស្កាត់​វីរុស​កូរ៉ូណា ឬ​Covid-19 ដែល​មាន​ដូចជា​ម៉ាស​ ចំនួន​៣សែន​និង​ឈុត​ការពារវីរុស​ចំនួន​១,៥០០ ដល់​ភាគី​ចិន​កាលពី​ថ្ងៃទី​២ ខែមីនា កន្លង​ទៅ​នេះ។

រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ លោក​ ទៀ បាញ់ បាន​ប្រាប់​វីអូអេ​នៅល្ងាច​ថ្ងៃអង្គារ​នេះ​ថា ​នេះ​ជា​សន្តាន​ចិត្ត​តិច​តួច​របស់​ក្រសួង​ក្នុង​ការ​ចែក​រំលែកតាម​លទ្ធភាព​របស់​កម្ពុជា​នៅ​ពេល​ដែល​ប្រទេស​ចិន​កំពុង​ជួប​ទុក្ខ​លំបាក។

លោក​បាន​មាន​ប្រសាសន៍​ថា៖«ជួយគ្នា​មិន​ថា​អ្នកមាន​អ្នក​ក្រ​ជា​ធំ​ទេ គឺ​កិច្ច​ការ​ដែល​ចែក​រំលែក​និង​ជួយ​ក្នុង​មនុស្សធម៌​ម្យ៉ាង ម្យ៉ាង​ទៀត​ជួយ​ចែករំលែក​ក្នុង​គ្រាលំបាក​ដូចថា កម្រិត​ណាគឺ​តំណាង​ឲ្យ​ទឹកចិត្ត​នោះទេ»។

លោក ​ទៀ បាញ់ បាន​បន្ថែម​ថា៖«ឥឡូវ​ហ្នឹង​មួយ​ជំហាន​ហ្នឹង​លទ្ធភាព​របស់​យើង​មាន​ប៉ុណ្ណឹង​ ក៏​ទប់​ប៉ុណ្ណឹង​សិន។ បន្ត​ទៅ​ទៀត​ចាំ​ខ្ញុំ​គិត​គូរ​ទៀត​តាម​លទ្ធភាព ​យ៉ាង​ណា​ដែល​យើង​អាច​ជួយ​បាន»។

ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​សរសេរ​នៅ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​៖«នេះ​បាន​បង្ហាញ​ពី​មិត្តភាព​ដ៏​សែន​ជ្រាល​ជ្រៅ​បំផុត​របស់​កង​ទ័ព​យោធពល​ខេមរភូមិន្ទ​កម្ពុជា ជូន​ចំពោះ​កងទ័ព​រំដោះ​ប្រជាជន​ចិន គឺ​ជា​ការលើក​ទឹក​ចិត្ត​ និង​ស្មារតី​ដ៏ធំធេង​បំផុតក្នុង​កិច្ចជម្នះ​នឹង​វីរុស​មួយ​នេះ​ជូន​ដល់​ប្រជាពលរដ្ឋ​ចិន»។

ការ​ប្រគល់​ជំនួយជា​សម្ភារៈ​ការពារ​ការ​ឆ្លង​វីរុស​ Covid-19 នេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​វីរុស​មួយ​នេះ​បាន​ចម្លង​និង​សម្លាប់​ប្រជាជន​ក្នុង​ប្រទេស​ចិន​រាប់ម៉ឺននាក់​តាំង​ពី​ចុងខែ​មករា​កន្លង​ទៅ។ ​មក​ដល់​ពេល​នេះ ​វីរុស Covid-19 បាន​រាលដាល​ទៅ​កាន់​បណ្តា​ប្រទេស​ផ្សេងៗ​ជាង ​៧០ ​ប្រទេស​ដូចជា កូរ៉េ​ខាងត្បូង ជប៉ុន សហរដ្ឋអាមេរិក​និង​បណ្តា​ប្រទេស​សហគមន៍​អឺរ៉ុប​ដូចជាអ៊ីតាលី​ជាដើម។

ចាប់តាំង​ពី​មាន​ការផ្ទុះ​វីរុស Covid-19 នេះ​នៅ​ក្នុង​ក្រុង​វូហាន ​នាយករដ្ឋ​មន្ត្រី​កម្ពុជា​លោក ​ហ៊ុន សែន​ បាន​ប្រកាស​ថា​ កម្ពុជា​នឹង​មិន​បិទ​ជើង​ហោះ​ហើររបស់​ខ្លួន​រវាង​កម្ពុជា​និង​ចិន​ឡើយ ហើយ​ក៏​មិន​ជម្លៀស​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ស្ថិត​នៅ​ទីក្រុង​វូហាន ខេត្ត​ហ៊ូប៉េ​ប្រទេស​ចិន​ដែរ។

លោក​ ហ៊ុន ​សែន ​ក៏​បាន​ទៅ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិនកាលពី​ដើមខែ​កុម្ភៈ ​នេះ​ដើម្បី​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន​ជាមួយ​ប្រទេស​ចិន​នៅ​ក្នុង​គ្រា​ប្រទេស​នេះ​ជួប​ការ​លំបាក។

គិត​ត្រឹម​ថ្ងៃ​២ មីនា នេះ​មាន​ករណី​ឆ្លង​វីរុស​Covid-19 ​ជាង​៩ម៉ឺន​នាក់​ទូទាំង​សាកល​លោក និង៣០០០នាក់​បាត់​បង់ជីវិត។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក WHO៕

XS
SM
MD
LG