លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានផ្លាស់ប្តូរចិត្តរបស់លោក ដោយស្នើឲ្យតុលាការពិចារណាទម្លាក់ចោលដីកាតាមចាប់ខ្លួនលោក សេង សារី អ្នកវិភាគនយោបាយមួយរូប។
កាលពីថ្ងៃសុក្រសប្តាហ៍មុន លោក ហ៊ុន សែន បានអះអាងថាតុលាការបានចេញដីកាតាមចាប់ខ្លួនអ្នកអត្ថាធិប្បាយនយោបាយ និងសង្គម ដែលលោកមិនបានបញ្ចេញឈ្មោះនោះទេ ទាក់ទងនឹងការវិភាគរបស់អំពី«រដ្ឋាភិបាលបង្រួបបង្រួមជាតិ» ដែលប្រកាសបង្កើតដោយលោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំង។ លោកនាយករដ្ឋមន្រ្តីចាត់ទុកការវិភាគដែលបង្ហោះលើហ្វេសប៊ុកកាលពីខែកក្កដានោះ មានចរិតលើកទឹកចិត្តឲ្យបង្កើតចលនានោះ ហើយលោកថាការវិភាគលើបណ្តាញសង្គមហ្វេសប៊ុកជាបទល្មើសជាក់ស្តែងដែលត្រូវចាប់ខ្លួន ទោះកណ្តាលយប់ក៏ដោយ។
៣ថ្ងៃក្រោយការអះអាងរបស់នាយករដ្ឋមន្រ្តី លោក ហ៊ុន សែន បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃចន្ទថាលោកបានស្តាប់«ដោយយកចិត្តទុកដាក់»អំពីកិច្ចសម្ភាសន៍របស់លោក សេង សារី ជាមួយសារព័ត៌មានអនឡាញThe Cambodia Daily កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ អំពីការព្រមានរបស់នាយករដ្ឋមន្រ្តី។ លោក ហ៊ុន សែន បញ្ជាក់ថាការវិភាគរបស់លោក សេង សារី អំពីសេនារីយោ៦ចំណុច កាលពីថ្ងៃទី២១ កក្កដា ឆ្នាំ២០២១ ថា«ជាការវិភាគបែបសេនារីយោ» ហើយ«ការបកស្រាយនេះមានលក្ខណៈសមហេតុផលនិងអាចទទួលយកបាន»។
លោកបញ្ជាក់ថា៖ «ក្នុងនាមប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមអំពាវនាវឲ្យស្ថាប័នតុលាការពិនិត្យពិចារណាក្នុងការបញ្ឈប់ដីកាចាប់ខ្លួនលោក បណ្ឌិត សេង សារី»។
លោក ហ៊ុន សែន បន្ថែមថាលោកលើកទឹកចិត្តឲ្យលោក សេង សារី បន្តកិច្ចការស្រាវជ្រាវនិងវិភាគបញ្ហាសង្គមបន្តទៀត ដើម្បីជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រសង្គម។
លោកបញ្ជាក់បន្ថែមថា៖ «ខ្ញុំក៏អំពាវនាវឲ្យភរិយា កូននិងឪពុកម្តាយរបស់បណ្ឌិត សេង សារី កុំឲ្យមានការព្រួយបារម្ភ»។
នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានអនឡាញ The Cambodia Daily កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ លោក សេង សារីបានថ្លែងថាអាចមាន«ការភ័ន្តច្រឡំ»ទៅលើសំណេររបស់លោក ហើយលោកបដិសេធថាលោកមិនបានគាំទ្រចលនានៃការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិឡើយ។
លោកប្រាប់សារព័ត៌មានThe Cambodia Dailyថា៖ «ជាការវិភាគបែបសេនារីយោ មានន័យថាវាកើតឡើង លុះត្រាតែមានលក្ខខណ្ឌមួយពីរបីបួនប្រាំអញ្ចឹងទៅ អញ្ចឹងហើយការសរសេររបស់ខ្ញុំមិនមានឃ្លាណាមួយដែលបង្ហាញថាខ្ញុំគាំទ្រទៅលើចលនាណាមួយទេ»។
កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ លោក សេង សារី បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកដោយលើកឡើងថា«ការផ្តួចផ្តើមគំនិតបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ អាចទៅរួច ឬមិនរួច?
លោកបានសរសេរថា៖«ខ្ញុំសូមសាកល្បងវិភាគថាតើកម្លាំង៦ ដែលអាចធ្វើឲ្យមានការផ្លាស់ប្តូរនៅកម្ពុជាអាចងើបឡើងតាមការអំពាវនាវរបស់ លោក សម រង្ស៊ី ដែរឬទេ? ហើយវាអាចទៅរួចដែរឬទេ បើលោក សម រង្ស៊ី អំពាវនាវ? លោកបន្ថែមថា កម្លាំងដែលអាចធ្វើឲ្យនយោបាយកម្ពុជាប្រែប្រួលមានចំនួន៦ធំៗ រួមមានកម្លាំងអ្នកគាំទ្រគណបក្សប្រឆាំង កម្លាំងមហាជន កម្លាំងយុវជន កម្លាំងផ្ទៃក្នុងគណបក្សកាន់អំណាច កម្លាំងប្រដាប់អាវុធ និងកម្លាំងអន្តរជាតិ និងប្រទេសជិតខាង។
នៅក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារអាយុចាប់ពី៦ឆ្នាំឡើងទៅ នៅវិមានសន្តិភាព កាលពីថ្ងៃ សុក្រសប្តាហ៍មុន លោក ហ៊ុន សែន បានថ្លែងថាការវិភាគនេះមិនមែនជាសេរីភាពនៃការបញ្ចេញមតិនោះទេ ហើយមានចរិតបទល្មើស។
លោកថ្លែងថា៖ «មានអាបណ្ឌិតមួយទៀត មានដីកាចាប់ខ្លួនរួចហើយ ព្រោះអ្ហែងគាំទ្រអាលក្ខខណ្ឌ៦ចំណុចដែលអាចបង្កើតរដ្ឋាភិបាលក្រៅប្រទេសបាន តុលាការចេញដីកាបាត់ហើយ។ បើរត់ រត់ឲ្យបានឆ្ងាយបន្តិច រត់ក្បែរៗហ្នឹង រត់មិនរួចទេ»។
លោក ហ៊ុន សែន បានព្រមានអ្នកអត្ថាធិប្បាយកុំឲ្យវិភាគអ្វីដែលបន្សល់ទុកបទល្មើស ដែលត្រូវផ្តន្ទាទោស។
លោកបញ្ជាក់ថា៖ «អានេះខ្ញុំគ្រាន់តែដាស់តឿនចំពោះអ្នកវិភាគ កុំឲ្យវិភាគជ្រុលហើយ ហើយកុំថារដ្ឋាភិបាលរបស់លោក ហ៊ុន សែន មិនហ៊ានទៅវាយខ្នោះអស់លោក។ ឲ្យតែហ៊ានចូលទៅក្នុងហ្វេសប៊ុក ហើយមិនបានដកចេញហើយ វានៅហ្នឹងហើយ ចាត់ទុកបទល្មើសជាក់ស្តែងម៉ោង១២យប់ ក៏ចាប់ដែរ»។
លោក ជិន ម៉ាលីន អ្នកនាំពាក្យរបស់ក្រសួងយុត្តិធម៌ ថ្លែងថាការសម្រេចយ៉ាងណា អាស្រ័យលើតុលាការថាតើមានបទល្មើសឬយ៉ាងណា ហើយលោកមិនទាន់ដឹងថាតើនីតិវិធីរបស់តុលាការស្ថិតក្នុងដំណាក់កាលណាបន្តទៀត។ លោកស្នើឲ្យទាក់ទងទៅតុលាការ ដើម្បីទទួលបានព័ត៌មានអំពីនីតិវិធីរបស់តុលាការ។
លោកប្រាប់វីអូអេថា៖ «ប្រមុខនីតិប្រតិបត្តិគាត់អាចស្នើបាន ប៉ុន្តែការសម្រេចយ៉ាងម៉េចនៅលើតុលាការទេ បើសិនជាគេចេញដីកាចោទប្រកាន់អីហើយៗ ឈានទៅដល់ការស៊ើបសួរអីហ្នឹង អាហ្នឹងគឺចៅក្រមស៊ើបសួរគេអាចទម្លាក់ចោលបទចោទហ្នឹងបាន ហើយបញ្ឈប់ដីកាចាប់ខ្លួន តាមចាប់ខ្លួនអីហ្នឹង»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យតុលាការរាជធានីភ្នំពេញ លោក ប្លង់ សុផល និងលោក អ៊ី រិន្ទ បាននៅឡើយទេ។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ បានថ្លែងថាលោកសង្ឃឹមថាតុលាការនឹងពិចារណាទម្លាក់ចោលដីកាចាប់ខ្លួនលោក សេង សារី ដើម្បីឲ្យលោកអាចចូលរួមវិភាគលើបញ្ហាសង្គមបន្តទៀត។
ក្រោយការបង្ហោះសារនៅលើហ្វេសប៊ុករបស់នាយករដ្ឋមន្រ្តីលោក សេង សារី ក៏បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកថាម្តាយរបស់លោកអាចទៅវត្តវិញហើយនៅថ្ងៃកាន់បិណ្ឌខាងមុខនេះ។ លោកបញ្ជាក់ថា៖ «ម៉ែមិនបាច់បារម្ភពីអ្នកណាថាឲ្យម៉ែមានកូនជាជនក្បត់ជាតិទេ!»៕