ខណ:ដែលមានសំណួរលើកឡើងអំពីភាពស្របច្បាប់នៃរដ្ឋាភិបាលកម្ពុជាដែលកើតចេញពីការបោះឆ្នោតកាលពីខែកក្កដា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងមកបំពេញទស្សនកិច្ចនៅទីក្រុងញូវយ៉កនៅសប្តាហ៍នេះ តំណាងឲ្យប្រទេសកម្ពុជាក្នុងការចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិ ប៉ុន្តែប្រជាពលរដ្ឋខ្មែរអាមេរិកកាំងមួយចំនួនគ្រោងនឹងធ្វើបាតុកម្មនៅថ្ងៃខាងមុខ ដើម្បីទាមទារឲ្យសហគមន៍អន្តរជាតិ ក៏ដូចជាអង្គការសហប្រជាជាតិ ដាក់គំនាបឲ្យមានដំណោះស្រាយនយោបាយនៅកម្ពុជា។
កាលពីថ្ងៃទី២៩ ខែកក្កដា ប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតមួយ ដោយមិនមានវត្តមានគណបក្សប្រឆាំងដ៏ធំគឺគណបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយចោល ដោយតុលាការកំពូល កាលពីខែវិច្ឆិកា ឆ្នាំមុន ហើយមិនអាចចូលរួមប្រកួតប្រជែងការបោះឆ្នោតបាន។ គណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន គឺគណបក្សប្រជាជនកម្ពុជា បានឈ្នះអាសនៈរដ្ឋសភាទាំងអស់ គឺ១២៥អាសនៈ ដែលធ្វើឲ្យប្រទេសមួយនេះធ្លាក់ក្នុងការដឹកនាំដោយបក្សតែមួយ។
អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិមួយចំនួន បានរិះគន់ការបោះឆ្នោតនេះ ដោយសារការបោះឆ្នោតមិនមានការប្រកួតប្រជែងគ្នា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃទី២៧ ខែកញ្ញា ក្រោមប្រធានបទ«ធ្វើឲ្យអង្គការសហប្រជាជាតិមានសារ:សំខាន់ពាក់ព័ន្ធជាមួយប្រជាជនទាំងអស់ ភាពជាអ្នកដឹកនាំសកល និងការទទួលខុសត្រូវរួម សម្រាប់សង្គមប្រកបដោយសន្តិភាព សមធម៌ និងនិរន្តរភាព»។ លោក ហ៊ុន សែន នឹងធ្វើសេចក្តីថ្លែងការណ៍មួយផ្តោតទៅ«លើការវិវត្តនាពេលថ្មីៗ និងសមិទ្ធផលសំខាន់ៗ ដែលរដ្ឋាភិបាលសម្រេចបាន និងបញ្ហាតំបន់ និងអន្តរជាតិដែលជាការព្រួយបារម្ភរួម»។
លោក ហ៊ីង សុខសាន្ត អតីតមន្រ្តីគណបក្សសង្រ្គោះជាតិនិងជាអ្នកឆ្លងឆ្លើយព័ត៌មាន បានថ្លែងប្រាប់ VOA ថា ពលរដ្ឋខ្មែរអាមេរិកកាំងប្រមាណពី៣០០ទៅ៥០០នាក់ នឹងចូលរួមការតវ៉ានៅអង្គការសហប្រជាជាតិនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខ។ លោកបន្តថា ការតវ៉ានេះ គឺដើម្បីទាមទារឲ្យមានការស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ ក្នុងនោះមានការទម្លាក់ចោលការចោទប្រកាន់លើលោក កឹម សុខា ការធ្វើឲ្យគណបក្សប្រឆាំងរស់ឡើងវិញ ការលើកលែងការកាត់សិទ្ធិនយោបាយមន្រ្តីបក្សប្រឆាំងទាំង១១៨នាក់ និងការបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើមន្រ្តីបក្សប្រឆាំង អង្គការសង្គមស៊ីវិលនិងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាដើម។ លោកបញ្ជាក់ថា លោកចង់ឃើញអង្គការសហប្រជាជាតិលើកឡើងបញ្ហានៃការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យទៅកាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ។
លោកមានប្រសាសន៍ថា៖«ខ្ញុំគិតថាអ្វីដែលអគ្គលេខាធិការអង្គការសហប្រជាជាតិ គាត់អាចលើកឡើង គឺការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយនិងការរំលោភសិទ្ធិមនុស្សហើយ ជាពិសេសគឺការធ្វើទុក្ខបុកម្នេញមកលើគណបក្សប្រឆាំងដែលមានអ្នកគាំទ្រប្រមាណជាពាក់កណ្តាលប្រទេស ហើយនិងការរឹតត្បិតសិទ្ធិសេរីភាពរបស់សង្គមស៊ីវិល ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ»។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាចេញផ្សាយកាលពីថ្ងៃទី២១ ខែកញ្ញា លោក ហ៊ុន សែន គ្រោងនឹងមានជំនួបទ្វេភាគីជាមួយអគ្គលេខាធិការរបស់អង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូតេរ៉េស(Antonio Guterres) ហើយរដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ក៏នឹងមានជំនួបទ្វេភាគីជាមួយសមភាគី និងមន្រ្តីជាន់ខ្ពស់នៃប្រទេសមួយចំនួន ក្នុងនោះមានអូស្រ្តាលី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសជាដើម។
អ្នកនាំពាក្យរងរបស់អង្គការសហប្រជាជាតិលោក Farhan Haq បានថ្លែងប្រាប់VOAថា លោកមិនទាន់ដឹងថាតើអគ្គលេខាធិការអង្គការសហប្រជាជាតិនឹងលើកយកប្រធានបទបញ្ហានយោបាយនៅកម្ពុជាមកពិភាក្សាជាមួយលោក ហ៊ុន សែន ឬយ៉ាងណានោះទេ។ ប៉ុន្តែលោកបញ្ជាក់ថា អគ្គលេខាធិការនៅតែបារម្ភអំពីការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។
លោកមានប្រសាសន៍ថា៖
«នៅដំណាក់កាលនេះ យើងបន្តសង្កត់ធ្ងន់ថាអ្នកត្រូវការការប្រកួតប្រជែងមួយត្រឹមត្រូវ និងមានការគោរពសិទ្ធិមនុស្ស ដែលទាំងនេះគឺជាការកសាងមួយសម្រាប់ប្រជាធិបតេយ្យរឹងមាំមួយក្នុងការអភិវឌ្ឍ។ នេះជាក្តីសង្ឃឹមរបស់យើងសម្រាប់កម្ពុជា»។
មុនការបោះឆ្នោតនៅកម្ពុជា អគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានចេញសេចក្តីថ្លែងការណ៍មួយ ដោយសម្តែងការព្រួយបារម្ភអំពីការបោះឆ្នោត ដោយមិនមានវត្តមានណបក្សប្រឆាំង។
ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ក្នុងខេត្តកំពង់ស្ពឺ កាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាកម្ពុជាជារដ្ឋឯករាជ្យ និងអធិបតេយ្យ មិនអាចឱនក្បាលចំពោះបរទេសណាមួយនោះទេ។
លោក ហ៊ុន សែន បានបញ្ជាក់ថា៖
«កម្ពុជាជារដ្ឋអធិបតេយ្យ ជាអ្នកគ្រប់គ្រងទាំងអស់ នូវបណ្តាវេទិការអន្តរជាតិទាំងអស់នៅលើលោកនេះ សូមកុំមានការភ័ន្ដច្រឡំឲ្យសោះ»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្ថែមថា លោកនឹងទៅចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិ ដើម្បីប្រាប់ពីស្ថានភាពដែលបាននិងកំពុងកើតមាននៅកម្ពុជា។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានថ្លែងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មាន «សិទ្ធិពេញច្បាប់ក្នុងការតំណាងខ្មែរនៅអង្កការសហប្រជាជាតិ»។
លោកបានថ្លែងថា៖ «គ្មានហេតុផលណាដែលអង្គការសហប្រជាជាតិហ្នឹងប្រឆាំងនឹងឆន្ទ:របស់កម្ពុជាទេ អាស្រ័យដោយរដ្ឋធម្មនុញ្ញ»។
លោកបន្ថែមថា៖ «សម្តេចអញ្ជើញទៅអង្គការសហប្រជាជាតិហ្នឹងនៅក្នុងន័យតំណាងប្រជាជាតិខ្មែរ ហើយអ្នកធ្វើបាតុកម្មហ្នឹងមិនមែនតំណាងប្រជាជាតិខ្មែរទេ គឺតំណាងតែមនុស្សមួយក្រុមតូចហ្នឹង»។
អ្នកនាំពាក្យរូបនោះក៏បានបញ្ជាក់ថា នឹងមិនមានប្រធានបទនៃការពិភាក្សាអំពីបញ្ហានយោបាយរបស់កម្ពុជាជាមួយអគ្គលេខាធិការរបស់អង្គការសហប្រជាជាតិនោះទេ។
លោក Paul Chambers ជាសាស្រ្តាចារ្យ និងជាទីប្រឹក្សាស្តីពីបញ្ហាអន្តរជាតិនៃសាកលវិទ្យាល័យ Naresuan ក្នុងប្រទេសថៃ បានថ្លែងថាដំណើរទស្សនិច្ចរបស់លោក ហ៊ុន សែន គឺដើម្បីធ្វើឲ្យសកម្មនៃភាពស្របច្បាប់របស់រដ្ឋាភិបាលរបស់លោក។
គួរបញ្ជាក់ថាប្រទេសលោកខាងលិចបានចំណាយប្រាក់រាប់លានដុល្លារ ដើម្បីប្រែក្លាយប្រទេសកម្ពុជាឲ្យទៅជាប្រទេសប្រជាធិបតេយ្យសេរី ក្រោយប្រទេសមួយនេះទើបងើបពីរបបកាប់សម្លាប់ខ្មែរក្រហម។
បច្ចុប្បន្ននេះសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប កំពុងពិចារណាក្នុងការដាក់ទណ្ឌកម្មមកលើប្រទេសកម្ពុជា ក្នុងនោះក៏មានការពិចារណាក្នុងការផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ការនាំចេញ (EBA) ផងដែរ៕