លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាថ្ងៃសុក្រនេះ បានអំពាវនាវឲ្យកងកម្លាំងនគរបាលជាតិគ្រប់រូបយកចិត្តទុកដាក់ ធានាឲ្យបាននូវបរិយាកាសសន្តិសុខសម្រាប់យុទ្ធនាការឃោសនា និងការបោះឆ្នោតជ្រើសរើសតាំងក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ខាងមុខ។
ការអំពាវនាវរបស់លោកនាយករដ្ឋមន្រ្តី ធ្វើឡើងបន្ទាប់ពីលោករងការរិះគន់ពាក់ព័ន្ធនឹងការព្រមានធ្ងន់ៗជាច្រើនដងថា កម្ពុជានឹងធ្លាក់ចូលក្នុងភ្លើងសង្គ្រាម ប្រសិនបើគណបក្សរបស់លោកចាញ់ឆ្នោតនោះ។
នៅក្នុងសារមួយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលចេញកាលពីថ្ងៃសុក្រ ជូនពរកងកម្លាំងនគរបាលជាតិទូទាំងប្រទេស ក្នុងឱកាសអបអរសាទរខួបលើកទី៧២ នៃថ្ងៃកំណើតរបស់កងកម្លាំងនគរបាលជាតិកម្ពុជា លោក ហ៊ុន សែន បានអំពាវនាវដល់កងកម្លាំងគ្រប់រូប ឲ្យទៅចូលរួមបោះឆ្នោត និងត្រូវធានាឲ្យបាននូវសុខសន្តិភាពក្នុងការឃោសនា និងការបោះឆ្នោតខាងមុខ។
លោកនាយករដ្ឋមន្ត្រីខ្មែរបានសរសេរក្នុងន័យដើមថា៖
«ចាប់ពីថ្ងៃទី២០ ខែឧសភា រហូតដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខឆាប់ៗនេះ គឺជាយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដូច្នេះកងកម្លាំងនគរបាលគ្រប់រូប ត្រូវលើកកម្ពស់ស្មារតីយកចិត្តទុកដាក់ក្នុងការធានាឲ្យបាននូវបរិយាកាសសន្តិសុខសម្រាប់ព្រឹត្តិការណ៍ដ៏សំខាន់នេះ និងត្រូវអញ្ជើញទៅបោះឆ្នោត បំពេញកាតព្វកិច្ចជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា»។
នៅក្នុងសារដដែល ដែលមានកម្រាស់បីទំព័រ លោក ហ៊ុន សែន ក៏បានសរសេរជូនពរនិងរៀបរាប់ពីគុណសម្បត្តិរបស់កងកម្លាំងនគរបាលជាតិ ដែលសម្រេចបាននាពេលកន្លងមក។
រដ្ឋាភិបាលរបស់លោក ហ៊ុន សែន គ្រោងដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធ ជាង៥ម៉ឺននាក់សម្រាប់ការពារអំឡុងពេលបោះឆ្នោត និងការរាប់សន្លឹកឆ្នោតនៅថ្ងៃទី៤ ខែមិថុនា។ កងកម្លាំងដែលរួមមាននគរបាលជាតិ កងរាជអាវុធហត្ថ និងកងយោធពលខេមរភូមិន្ទ នឹងត្រូវដាក់ឱ្យឈរជើងតាមការិយាល័យបោះឆ្នោត ការពារស្នាក់ការរបស់គណៈកម្មការឃុំសង្កាត់ ត្រៀមអន្តរាគមន៍ភូមិសាស្រ្តក្នុងនិងក្រៅក្រុងស្រុកខណ្ឌ ជាដើម។ ចំណែកកម្លាំងជិត២ម៉ឺននាក់ នឹងត្រូវដាក់ពង្រាយសម្រាប់ការពារដំណើរការនៃការឃោសនាបោះឆ្នោតដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា៕