អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន បានប្រកាសជាសាធារណៈនៅថ្ងៃពុធនេះថា ការធ្វើរដ្ឋប្រហារដណ្តើមអំណាច ដោយរំលងមធ្យោបាយប្រជាធិបតេយ្យ អាចនាំឱ្យប្រទេសមានសង្គ្រាម និងការកាប់សម្លាប់។
នៅឯពិធីបិទសន្និសីទស្ដីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» រៀបចំឡើងនៅបញ្ជាការដ្ឋានកងទ័ពជើងគោក នាថ្ងៃពុធនេះ លោក ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានអំពាវនាវយ៉ាងដូច្នេះថា៖ «សូមកុំធ្វើរដ្ឋប្រហារផ្តួលរំលំ សូមកុំដណ្តើមអំណាចដោយមធ្យោបាយមិនប្រជាធិបតេយ្យ ដែលជាឫសគល់នៃសង្គ្រាម ហើយវាក៏ជាឫសគល់នៃការប្រល័យពូជសាសន៍ដែរ»។
លោកបានបន្ថែមថា នៅឆ្នាំ ២០១៣ គឺក្រោយពេលអតីតគណបក្សសង្គ្រោះជាតិទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋខ្មែរ មានការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ម្តងនៅកម្ពុជា ប៉ុន្តែលោកថា នាពេលនោះលោកបានរកឃើញគន្លឹះបដិវត្តន៍ពណ៌ ដែលលោកថា ស្ថិតនៅលើចំណុចនៃអព្យាក្រឹត្យរបស់កម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល។
លោក ហ៊ុន សែន ថា កម្ពុជាធ្លាប់មានការធ្វើរដ្ឋប្រហារទម្លាក់សម្តេចនរោត្តមសីហនុ ថ្ងៃ ១៨ ខែមីនា ឆ្នាំ ១៩៧០ ដែលបង្កឱ្យមានអំពើប្រល័យអំពើពូជសាសន៍កើតឡើង។ ប៉ុន្តែ លោកកត់សម្គាត់ថា បច្ចុប្បន្ននេះ គឺគេមិនធ្វើរដ្ឋប្រហារទេ តែគេអាចនឹងធ្វើបដិវត្តន៍ពណ៌ ដូច្នេះរដ្ឋាភិបាលត្រូវតែកម្ចាត់វាចោលភ្លាម បើឃើញសកម្មភាពបដិវត្តន៍ពណ៌ងើបឡើង៕
វេទិកាបញ្ចេញមតិ