ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​នាយក​រដ្ឋមន្រ្តី​លោក ហ៊ុន សែន ស្នើឱ្យ​បញ្ឈប់​យក​ព្រែក​ជីក​ហ្វូណន​មក​ប្រឆាំង​នឹង​ចិន


រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជា​លោក ហ៊ុន សែន ថ្លែងនៅក្នុង​សន្និសីទសារព័ត៌មាន​មួយ នៅ​វិមាន​រដ្ឋសភាជាតិ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។
រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជា​លោក ហ៊ុន សែន ថ្លែងនៅក្នុង​សន្និសីទសារព័ត៌មាន​មួយ នៅ​វិមាន​រដ្ឋសភាជាតិ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

អតីត​នាយក​រដ្ឋមន្រ្តី​កម្ពុជា ​លោក ​ហ៊ុន សែន ​ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា​ ថ្លែង​ថា​ ព្រែក​ជីក​ហ្វូណន​ជា​ «គំនិត​ផ្តួចផ្តើម​របស់​កម្ពុជា​សុទ្ធសាធ» ​ហើយ​លោក​ស្នើ​ឱ្យ​បញ្ឈប់​យក​កម្ពុជា​មក​ប្រើប្រាស់​ក្នុង​ភូមិ​សាស្រ្ត​នយោបាយ​ ដែល​លោក​ថា​ មាន​ទំនោរ​ប្រឆាំង​នឹង​ចិន។​

លោក ​ហ៊ុន សែន ​បាន​ថ្លែង​បែប​នេះ ​តាម​រយៈ​វីដេអូ​ផ្សាយ​ផ្ទាល់​លើ​ហ្វេសប៊ុក​របស់​លោក ​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ពាក់ព័ន្ធ​នឹង​គម្រោង​ព្រែក​ជីក​តម្លៃ​ប្រមាណ ​១.៧០០​ លាន​ដុល្លារ ​ដែល​ត្រូវ​បាន​ផ្តួច​ផ្តើម​ក្នុង​ពេល​លោក​ធ្វើ​ជា​នាយក​រដ្ឋមន្រ្តី​កម្ពុជា។​

លោក​ ហ៊ុន សែន ​ថ្លែង​ថា​ កម្ពុជា​បាន​ពិភាក្សា​ជាមួយ​ចិន​លើ​ព្រែកជីក​ហ្វូណន​នេះ ​ហើយ​ក្រុមហ៊ុន​ចិន​បាន​ចូលរួម​ក្នុង​ការ​សិក្សា​និង​វិនិយោគ។ ​លោក​សង្កត់​ធ្ងន់​ថា​ ​គម្រោង​ផ្លូវ​ទឹក​ភ្ជាប់​ទន្លេ​ទៅ​សមុទ្រ​នេះ​មិន​មែន​ជា​ការ​ផ្តួច​ផ្តើម​របស់​ចិន​ឡើយ។​

លោក​ ហ៊ុន សែន ​ថ្លែង​ថា៖​ «ដូច្នេះ សូម​អ្នក​ដែល​តែង​តែ​ចោទ​ប្រកាន់​យើង​អំពី​ក្រប​ខណ្ឌ​ភូមិសាស្រ្ត​នយោបាយ ​ហើយ​មាន​ទំនោរ​ឆ្ពោះ​ទៅ​រក​ការ​ប្រឆាំង​ចិន ​សូម​បញ្ឈប់​រឿង​នេះ​ទៅ។ ​វា​ជា​ការ​ឆោត​ល្ងង់ ​ដែល​អ្នក​ទាំង​ឡាយ​ធ្វើ​ការ​លើក​ឡើង​ដោយ​មិន​ដឹង​ឫស​គល់​នៃ​បញ្ហា»។​

បើ​តាម​លោក ​ហ៊ុន សែន ​ព្រែក​ជីក​ហ្វូណន​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​ផល​ចំណេញ​ខាង​សេដ្ឋកិច្ច​ និង​ «ឯករាជ្យ​ភាព​នយោបាយ» ​លើ​បញ្ហា​នៃ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក។ ​លោក ​ហ៊ុន សែន​ បន្ថែម​ថា​ នាវា​ចម្បាំង​មិន​អាច​ចល័ត​តាម​ព្រែក​ជីក​នេះ​ទេ ប៉ុន្តែ​អាច​មាន​នាវា​តូចៗ​ក្នុង​ការ​ល្បាត​តាម​ផ្លូវ​ទឹក​មួយ​នេះ។ ​លោក​ហ៊ុន សែន ​បាន​ហៅ​ព្រែក​ជីក​ហ្វូណន​នេះ​គ្រាន់​តែ​ជា​ «កូន​ព្រែក​តូច» ​សម្រាប់​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​តែ​ប៉ុណ្ណោះ។​

លោក​ ហ៊ុន សែន​ ក៏​បាន​ជំរុញ​ទៅ​រដ្ឋាភិបាល​ថ្មី​ដែល​ដឹកនាំ​ដោយលោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ​កូន​ប្រុស​របស់​លោក ​បើក​ការដ្ឋាន​ព្រែក​ជីក​ហ្វូណន​នេះ​ឱ្យ​បាន​ឆាប់​ដើម្បី​បញ្ឈប់​ការ​រិះគន់។​

លោក​ថ្លែង​ថា៖ ​«ហើយ​ខ្ញុំ​សុំ​ផ្តល់​មតិ​ទៅ​នាយក​រដ្ឋមន្រ្តី​ថ្មី ​ទៅ​រាជ​រដ្ឋាភិបាល ​កុំ​យប់​យូរ​សុបិន​ច្រើន។ ​បើ​បើក​ការដ្ឋាន​បាន​ឆាប់​គឺ​ធ្វើ​ទៅ!​ កុំ​រង់​ចាំ​អី​ទៀត​ នាំ​មាន​សាធារណៈមតិ​ ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ​គឺ​ចាប់​ផ្តើម​កើន»។​

គម្រោង​ដ៏​មាន​មហិច្ឆតា​របស់​កម្ពុជា​មួយ​នេះ​ក៏​កំពុង​ត្រូវ​បាន​សារ​ព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន​រាយ​ការណ៍​ថា វា​អាច​បង្ក​ជា​ក្តី​បារម្ភ​ផ្នែក​សន្តិសុខ​ដល់​រដ្ឋាភិបាល​ទីក្រុង​ហាណូយ ​ពាក់ព័ន្ធ​នឹង​ការ​ពង្រីក​ឥទ្ធិពល​របស់​ចិន​ ប្រសិន​បើ​ផ្លូវ​ទឹក​មួយ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ទី​ក្រុង​ភ្នំពេញ​ប្រើប្រាស់​លើស​ពី​ក្រប​ខណ្ឌ​ពាណិជ្ជ​កម្ម។ ​រដ្ឋាភិបាល​វៀតណាម​បាន​ស្នើ​សុំ​ឯកសារ​បន្ថែម​ពី​កម្ពុជា ​និង​ស្នើ​សុំ​ការ​សិក្សា​រួម​គ្នា​លើ​ផល​ប៉ះពាល់​ឆ្លង​ដែន​ទឹក។​

គម្រោង​ព្រែក​ជីក​ហ្វូណន​ដែល​ក្រុមហ៊ុន​ចិន​វិនិយោគ​ក្នុង​តម្លៃ​ទឹក​ប្រាក់​ប្រមាណ​ ១.៧០០​ លាន​ដុល្លារ ​ភ្ជាប់​ពី​ទន្លេ​មេគង្គ​ទៅ​ឆ្នេរ​សមុទ្រ​ក្នុង​ខេត្ត​កែប ​នឹង​កាត់​បន្ថយ​ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​កំពង់​ផែ​វៀតណាម ប្រមាណ​ ៧០%។ ​នេះ​បើ​តាម​ការ​អះអាង​របស់​លោក ​ស៊ុន ចាន់ថុល ​ឧបនាយក​រដ្ឋមន្រ្តី​ទទួល​បន្ទុក​កិច្ចការ​ព្រែក​ជីក​នេះ។​

គម្រោង​ព្រែក​ជីក​នេះ​មាន​ប្រវែង​ ១៨០ ​គីឡូ​ម៉ែត្រ ​ហើយ​នឹង​ចាប់​ផ្តើម​ពី​ព្រែក​តាកែវ​នៃ​ទន្លេ​មេគង្គ ​ក្នុង​តំបន់​កំពង់ផែ​ស្វយ័ត​ស្រុក​កៀនស្វាយ​ ឆ្លង​កាត់​តាម​ព្រែក​តាឯក​នៃ​ទន្លេ​បាសាក់ ​រួច​ចូល​តាម​ព្រែក​តាហ៊ីង​នៃ​ទន្លេ​បាសាក់​ ស្រុក​កោះធំ​ និង​បន្ត​រហូត​ដល់​សមុទ្រ​ខេត្ត​កែប។ ​ក្រុមហ៊ុន​ចិន​ជា​អ្នក​វិនិយោគ​លើ​គម្រោង​ព្រែក​ជីក​នេះ ​តាម​ទម្រង់ ​BOT​ (Build Operate and Transfer)​ ឬ​ហៅ​ថា​ សាងសង់ ​ប្រតិបត្តិការ ​និង​ផ្ទេរ។ ​នេះ​មាន​ន័យ​ថា​ ក្រុមហ៊ុន​ចិន​នឹង​គ្រប់​គ្រង​ផ្លូវ​ទឹក​នេះ ​ក្នុង​រយៈ​ពេល​កំណត់​ណា​មួយ ​អាច​ដល់ ​៥០ ​ឆ្នាំ ​មុន​នឹង​ប្រគល់​មក​ឱ្យ​កម្ពុជា​គ្រប់​គ្រង​វិញ៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG