លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាបេក្ខជនបន្ដវេនជានាយករដ្ឋមន្ដ្រីរបស់គណបក្សប្រជាជនកម្ពុជាបានណែនាំឱ្យសមាជិកគណបក្សកំណត់ទិសដៅ «សុំសន្លឹកឆ្នោត»ពីប្រជាពលរដ្ឋ ជាពិសេសយកមកពីអ្នកគាំទ្រគណបក្សប្រឆាំង។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត១២៥រូប ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដាខាងមុខ ត្រូវបានមើលឃើញថាគណបក្សប្រជាជនកម្ពុជានឹងឈ្នះភ្លូកទឹកភ្លូកដី ដោយសារអវត្តមានគណបក្សភ្លើងទៀន ដែលជាគណបក្សជំទាស់ដ៏ធំមួយ។
នៅថ្ងៃព្រហស្បតិ៍នេះ លោក ហ៊ុន ម៉ាណែត ដែលឈរឈ្មោះជាតំណាងរាស្រ្តសម្រាប់មណ្ឌលរាជធានីភ្នំពេញ បានបង្ហោះវីដេអូឃ្លីបមួយដែលមានរយៈពេល៤នាទីកន្លះនៅលើគណនីហ្វេសប៊ុករបស់លោក ដោយមានសរសេរជាសារថា៖«ក្នុងនាមជាគណបក្សកាន់អំណាចដែលមានកាតព្វកិច្ចបម្រើប្រជាពលរដ្ឋ គណបក្សប្រជាជនកម្ពុជាគ្មានសិទ្ធិសម្រាកទេ»។
លោក ហ៊ុន ម៉ាណែត ថ្លែងក្នុងវីដេអូឃ្លីបនោះថា៖ «សមាជិក[គណបក្សប្រជាជនកម្ពុជា]ម្នាក់ទៅជាសន្លឹកឆ្នោតមួយសន្លឹក ប៉ុន្តែក្រៅពីហ្នឹង ប្រជាពលរដ្ឋផ្សេង ដែលមិនទាន់ចូលជាសមាជិកបក្សក៏ដោយ ក៏ត្រូវដាក់ទិសដៅសុំសន្លឹកឆ្នោត [របស់]គាត់មួយសន្លឹកឆ្នាំ២០២៣នេះដែរ។ នេះជាកិច្ចការសំខាន់ គាត់មួយសន្លឹកដូចគ្នា កុំឱ្យធ្លាក់ទៅគេ។ គាត់មិនចូលបក្សយើងក៏ដោយ ក៏ប៉ុន្តែគាត់នៅកណ្តាលក៏ដោយ ស្អីក៏ដោយ ហើយបើយកកាន់តែខ្លាំងទៀត យកអ្នកដែលធ្លាប់ចូលរួមគាំទ្រឱ្យគេនោះ យកមកបោះឱ្យយើងបន្ថែមទៀត បើទោះបីជាគាត់ចូល ឬមិនចូលក៏ដោយ ព្រោះអ្នកខ្លះអត់ចូលជាមួយយើងទេ បងប្អូនចាំមើលទៅ»។
លោក ហ៊ុន ម៉ាណែត ចាត់ទុកថាការកៀងគរ«សុំសន្លឹកឆ្នោត»ពីពលរដ្ឋ និងពីអ្នកគាំទ្រគណបក្សប្រឆាំងបែបនេះ នឹងធ្វើឱ្យគណបក្សប្រជាជនកម្ពុជាឈ្នះភ្លូកទឹកភ្លូកដី។
លោកថ្លែងថា៖ «ហើយហ្នឹង ជាវិធីសាស្ត្រតែមួយគត់ដែលយើងធានា [ដែល]ប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ឈ្នះឱ្យស្អាត ឈ្នះឱ្យលើសលប់ ដើម្បីងាយស្រួលក្នុងការដឹកនាំ»។
បើតាមលោក ហ៊ុន ម៉ាណែត ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ ចាប់ពីឆ្នាំ២០១៨ ដល់២០២២ ក្រុមការងារដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានចុះជួយប្រជាពលរដ្ឋ ជាពិសេសក្នុងពេលវិបត្តិជំងឺកូវីដ១៩ ដូច្នេះហើយទើបគណបក្សទទួលបានការគាំទ្រពីប្រជាពលរដ្ឋប្រមាណ៨០% នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីឆ្នាំ២០២២។
បន្ថែមពីនេះ លោក ហ៊ុន ម៉ាណែត ថ្លែងថាដោយសារតែថ្នាក់ដឹកនាំគណបក្សប្រឆាំង«ឈ្លោះតែគ្នា» ទើបធ្វើឱ្យសកម្មជនអស់ជំនឿ និងបានមកចូលរួមជាមួយគណបក្សកាន់អំណាច។
លោកបញ្ជាក់ថា៖ «ការឈ្លោះគ្នារបស់ថ្នាក់ដឹកនាំ[គណបក្សប្រឆាំង]នោះ ធ្វើឱ្យជើងក្រោមរបស់គេ អស់ក្តីសង្ឃឹម។ ឥឡូវ[សមាជិកគណបក្សប្រឆាំង]កាន់តែមកយើងទៀត ដោយសារគេអស់ក្តីសង្ឃឹម ឈ្លោះតែគ្នា មិនអាចទៅមុខរួច ប៉ុន្តែបើសិនជាយើងមិនធ្វើអំពើល្អ យើងក៏ប្រហែលជាមិនមែនជាជម្រើសដែលគេចូលមកដែរ»។
កូនច្បងរបស់លោក ហ៊ុន សែន រូបនេះក៏បានរិះគន់ថាគណបក្សប្រឆាំងចាំតែចាប់កំហុសគណបក្សកាន់អំណាច ដើម្បីកេងចំណេញអ្វីមួយ ដូចករណីរិះគន់ទឹកភ្លៀងជន់លិចរាជធានីភ្នំពេញ។
លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន ប្រាប់វីអូអេថាការចុះចូលរបស់សកម្ម ជនមួយចំនួនជាមួយគណបក្សកាន់អំណាច ដោយសារតែរងសម្ពាធ។
លោកថ្លែងថា៖ «ទាក់ទងទៅនឹងសកម្មជនគណបក្សភ្លើងទៀនចុះចូលជាមួយគណបក្សកាន់អំណាច វាទាក់ទងទៅនឹងរឿងច្រើន។ ទីមួយទាក់ទងសម្ពាធ ទីពីរមានការអូសទាញ បំភិតបំភ័យ ទីបី សម្ពាធខាងមុខរបរ ក៏ដូចជាកន្លែងការងារក្តី អាហ្នឹងគឺជារូបភាព ដែលធ្វើឱ្យសកម្មជនគណបក្សភ្លើងទៀន ទៅចុះចូលជាមួយគណបក្សប្រជាជន»។
លោក រ៉ុង ឈុន បន្ថែមថាបើសិនគណបក្សកាន់អំណាចចង់ដឹងថាគណបក្សភ្លើងទៀនទទួលបានការគាំទ្រពីពលរដ្ឋកម្រិតណានោះ គណបក្សប្រជាជនកម្ពុជាគួរតែបើកភ្លើងខៀវឱ្យគណបក្សភ្លើងទៀនអាចចូលរួមប្រកួតប្រជែងការបោះឆ្នោតថ្នាក់ជាតិខាងមុខនេះ។
បើតាមលោក រ៉ុង ឈុន គណបក្សប្រឆាំងមិនមានអំណាចក្នុងការដឹកនាំ និងអភិវឌ្ឍប្រទេស ដូចគណបក្សកាន់អំណាចទេ ព្រោះគម្រោងថវិកាជាតិ និងជំនួយផ្សេងៗស្ថិតនៅក្រោមការអនុវត្តរបស់គណបក្សកាន់អំណាចតែមួយគត់។ លោកបន្តថាគណបក្សប្រឆាំងមានតួនាទីឃ្លាំមើលនិងចង្អុលបង្ហាញនូវភាពអសកម្មរបស់រដ្ឋាភិបាល ដើម្បីឱ្យរដ្ឋាភិបាលដែលគ្រប់គ្រងដោយគណបក្សឈ្នះឆ្នោតអាចបំពេញបន្ថែម។
គួរបញ្ជាក់ថាសមាជិកគណបក្សប្រជាជនកម្ពុជានៅទូទាំងប្រទេសកំពុងសម្រុកបង្រៀនប្រជាពលរដ្ឋឱ្យគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវសម្រាប់គាំទ្រគណបក្សកាន់អំណាច។ ប៉ុន្តែមេដឹកនាំគណបក្សជំទាស់នៅក្រៅប្រទេស លោក សម រង្ស៊ី បានអំពាវនាវឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោលដោយសម្ងាត់៕