អង្គការមនុស្សធម៌ចំនួន ១៦ បានចេញសេចក្តីថ្លែងការណ៍រួមព្រមានអំពី «មហន្តរាយមនុស្សធម៌រីករាលដាលនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលបង្កឡើងដោយសារការរីករាលដាលដ៏ខ្លាំងនៃករណីឆ្លងជំងឺកូវីដ១៩ និងការកើនឡើងនៃអំពើហិង្សា»។
សេចក្ដីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃទី២ ខែសីហានេះបានឲ្យដឹងថា៖ «ការ ស្លាប់ជាង៦០ភាគរយដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើតឡើងនៅតែនៅក្នុងខែកក្កដាប៉ុណ្ណោះ ដោយមានករណីឆ្លងកើនឡើងទ្វេដងក្នុងរយ:ពេលពីរខែចុងក្រោយនេះ»។
សេចក្តីថ្លែងការណ៍នោះក៏បានឲ្យដឹងថា៖ «មណ្ឌលថែទាំសុខភាពពីទីក្រុងKachin ទៅដល់ទីក្រុងMandalay និងទីក្រុងរ៉ង់ហ្គូននៅតែត្រូវបានបិទ ខណៈដែលបុគ្គលិកថែទាំសុខភាពប្រឈមនឹងអំពើហិង្សានិងការគំរាមកំហែង»។ វេជ្ជបណ្ឌិតជាង៤០០នាក់ និងគិលានុបដ្ឋាយិកា១៨០នាក់ ត្រូវបានគេចេញដីកាចាប់ខ្លួនចាប់តាំងយោធាធ្វើរដ្ឋប្រហារដណ្ដើមអំណាចនៅខែកុម្ភៈ ឆ្នាំ២០២១មក។
លោកស្រី Laura Marshall នាយិកាក្រុមប្រឹក្សាជនភៀសខ្លួនន័រវែសនៅក្នុងប្រទេសមីយ៉ាន់ម៉ាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «សហគមន៍ដែលយើងធ្វើការជាមួយកំពុងអស់សង្ឃឹមនិងបាត់បង់ជីវិត... ប្រជាពលរដ្ឋចាំបាច់ទទួលបានសុវត្ថិភាព ជំនួយមនុស្សធម៌ និងការថែទាំសុខភាពឲ្យសមរម្យក្នុងពេលឥឡូវនេះ»។
ចក្រភពអង់គ្លេសនឹងចាប់ផ្តើមការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសទី៣ដល់ពលរដ្ឋអង់គ្លេសចំនួន៣២លាននាក់ដោយចាប់ផ្តើមនៅដើមខែកញ្ញាទៅ។ នេះតាមសេចក្តីរាយការណ៍របស់កាសែត Telegraph កាលពីថ្ងៃអាទិត្យ។ ការចាក់នេះនឹងមាននៅតាមឱសថស្ថានចំនួន២ពាន់។
មានការឆ្លងចំនួន១៩៨.៣លានករណីនិងការស្លាប់ចំនួន ៤ លាន ២ សែននាក់កាលពីព្រឹកថ្ងៃចន្ទ។ នេះបើតាមសាកលវិទ្យាល័យ Johns Hopkins របស់សហរដ្ឋអាមេរិក៕
(ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន AP, AFP និង Reuters)