អង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំងបានសម្តែងការមិនពេញចិត្តចំពោះសេចក្តីព្រាងច្បាប់អាស៊ីដ ដែលចែងអំពីការព្យាបាលបឋមដល់ជនរងគ្រោះដោយសារអាស៊ីដ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណបក្សគ្រប់គ្រងអំណាច បានពន្យល់ថា ការព្យាបាលបឋមមានន័យថា ត្រូវព្យាបាលភ្លាមៗនៅតាមមណ្ឌលសុខភាព ហើយបន្ទាប់មកជនរងគ្រោះត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលយូរអង្វែង។
ដោយសម្តែងការចង់បានច្បាប់អាស៊ីដដ៏ល្អមួយសម្រាប់អនុវត្តន៍ បន្ទាប់ពីមានការវាយប្រហារដោយទឹកអាស៊ីដកើតឡើងជាច្រើនករណីនៅក្នុងប្រទេសកម្ពុជា អង្គការសង្គមស៊ីវិលនិងតំណាងរាស្ត្រគណបក្សប្រឆាំងបានទទូចថា មាត្រាចំនួន២១គួរត្រូវកែសម្រួល ហើយចែងឱ្យបានច្បាស់លាស់អំពីការសង្គ្រោះ សេវាកម្មព្យាបាល និងការចំណាយជាដើម។
សេចក្តីព្រាងច្បាប់អាស៊ីដខ្លាំងនេះមានមាត្រាចំនួន២៧។ មាត្រា១១ និងមាត្រា១៤ដល់មាត្រា២៤គឺជាមាត្រាដែលធ្វើឱ្យមានកង្វល់ចំពោះភាពមិនពេញលេញ និងភាពមិនច្បាស់លាស់។
មាត្រា១១បានចែងថា មណ្ឌលសុខភាព មន្ទីរពេទ្យរដ្ឋ ឬគ្រឹះស្ថានព្យាបាលសាធារណៈផ្សេងទៀតត្រូវផ្តល់ការសង្គ្រោះ និងការព្យាបាលបឋមដល់ជនរងគ្រោះដោយសារអាស៊ីដខ្លាំង ដោយឥតគិតថ្លៃ។
ការវិភាគលើមាត្រា១១នៃសេចក្តីព្រាងច្បាប់អាស៊ីដនេះបានបង្ហាញពីក្តីព្រួយបារម្ភចំពោះការព្យាបាលបណ្តោះអាសន្នរបស់មន្ទីរពេទ្យរដ្ឋដល់ជនរងគ្រោះដោយសារអាស៊ីដខ្លាំង ដោយឥតគិតថ្លៃ ហើយបន្ទាប់មក ជនរងគ្រោះដោយសារអាស៊ីតខ្លាំងនឹងត្រូវព្យាបាលដោយការចំណាយផ្ទាល់ខ្លួន ដែលមានតម្លៃខ្ពស់។
លោកវេជ្ជបណ្ឌិតហង ឡៃរ៉ាប៉ូ ប្រធានផ្នែកពេទ្យ និងច្បាប់នៃអង្គការជួយសង្គ្រោះជនរងគ្រោះអាស៊ីដ បានថ្លែងកាលពីថ្ងៃពុធថា មាត្រា១១នេះគួរតែកែសម្រួលពីការព្យាបាលបឋមទៅជាការផ្តល់សេវាព្យាបាលដល់ជនរងគ្រោះដោយសារអាស៊ីដជាអាទិភាព និងជាអចិន្ត្រៃយ៍ និងដោយឥតគិតថ្លៃ។
«រដ្ឋត្រូវផ្តល់សេវាការព្យាបាលដល់ជនរងគ្រោះដោយសារអាស៊ីដ មិនមែនបឋមទេ។ សូមឱ្យផ្តល់សេវាព្យាបាលជាអាទិភាព និងជាអចិន្ត្រៃយ៍តែម្តងដល់ជនរងគ្រោះដោយសារអាស៊ីដ ដោយឥតគិតថ្លៃ ពីព្រោះគាត់ត្រូវព្យាបាលអស់មួយជីវិត។ ជនរងគ្រោះមិនមែនវះកាត់ម្តងជាទេ។ ក្នុងមួយ ឬពីរខែ ជនរងគ្រោះត្រូវធ្វើការវះកាត់ម្តង»។
លោកស្រីមូរ សុខហ៊ួរ តំណាងរាស្ត្រគណបក្សសម រង្ស៊ី បានបញ្ជាក់ថាការព្យាបាលជនរងគ្រោះដោយសារទឹកអាស៊ីដនេះត្រូវការអន្តរាគន៍របស់រដ្ឋ ជាបន្ទាន់ និងត្រូវប្រើពេលវេលាយូរ រហូតទៅដល់មួយជីវិតទៅទៀត ហើយថែមទាំងតម្រូវឱ្យមានថវិកាជាតិមួយសម្រាប់ជួយការព្យាបាលនេះ។
«មន្ទីរពេទ្យរដ្ឋ ឬគ្រឹះស្ថានព្យាបាលសាធារណៈត្រូវព្យាបាលជនរងគ្រោះដោយសារទឹកអាស៊ីដ ជាបន្ទាន់ភ្លាម និងរហូតដល់មួយជីវិត ហើយត្រូវតែមានថវិកាជាតិសម្រាប់ឱ្យមានការព្យាបាលនេះ ធានាមួយជីវិតដោយឥតគិតថ្លៃ។ ស្លាកស្នាមនោះ ដែលមានស្លាកស្នាមផ្លូវកាយ និងផ្លូវចិត្ត អារម្មណ៍ ត្រូវការនូវការព្យាបាលរហូត។ ដូច្នេះត្រូវតែមានថវិកាជាតិមួយដោយឡែកសម្រាប់ឆ្លើយតបនឹងរបួសទាំងផ្លូវកាយ ផ្លូវចិត្ត និងផ្លូវអារម្មណ៍»។
លោកអំ សំអាត ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ បានថ្លែងថា រដ្ឋត្រូវបណ្តុះបណ្តាលផ្នែកពេទ្យជំនាញទាក់ទងនឹងការព្យាបាលជនរងគ្រោះដោយសារអាស៊ីដនេះ ឱ្យមានប្រសិទ្ធិភាព ជាពិសេសនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋនានា។
«អ្នករងគ្រោះដោយសារទឹកអាស៊ីដនេះអាចទទួលការព្យាបាលដោយឥតគិតថ្លៃរហូត នៅពេលដែលជម្ងឺរបស់គាត់មិនទាន់ជាស្បះស្បើយ»។
លោកវេជ្ជបណ្ឌិតហង ឡៃរ៉ាប៉ូបានញ្ជាក់ថា ការវះកាត់ម្តងមានតម្លៃជាង១០០០ដុល្លារអាមេរិក ហើយជនរងគ្រោះខ្លះមានការវះកាត់ដល់ទៅ២០ដង ដែលនៅតែមិនទាន់ជាទេ។
លោកវេជ្ជបណ្ឌិតហង ឡៃរ៉ាប៉ូបានថ្លែងថា គណៈកម្មការធ្វើកោសល្យវិច័យគួររួមមានគ្រូពេទ្យជំនាញខាងកោសល្យវិច័យអមតុលាការ ក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល និងក្រសួងឧស្សាហកម្ម។
«គេត្រូវធ្វើកោសល្យវិច័យសម្រាប់ជនរងគ្រោះដើម្បីផ្តល់ភស្តុតាងឱ្យតុលាការដោយឥតគិតថ្លៃ ផ្តល់មេធាវីជូនជនរងគ្រោះដោយសារអាស៊ីដដោយឥតគិតថ្លៃ។ តុលាការគួរលើកយកសំណុំរឿងរបស់ជនរងគ្រោះដោយសារអាស៊ីដមកធ្វើការវិនិច្ឆ័យជាអាទិភាព កុំកប់ចោលសំណុំរឿងរហូតដល់ពីរឆ្នាំ ហើយជនល្មើសមានឱកាសគេចខ្លួនបាត់»។
លោកជាម យៀប សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាខាងគណបក្សប្រជាជនកម្ពុជា បានបកស្រាយមាត្រា១១នេះ ផ្ទុយពីការយល់ឃើញរបស់អង្គការសង្គមស៊ីវិលនិងតំណាងរាស្ត្រគណបក្សប្រឆាំង យ៉ាងដូច្នេះថា៖
«ខ្លឹមសារនៃច្បាប់នេះគ្រាន់តែចែងថា ការសង្គ្រោះ និងការព្យាបាលបឋម ដាក់ថ្នាំកុំឱ្យស្រែក ឈឺចុកចាប់ ឈឺផ្សាខ្លាំងពេក ពីព្រោះមន្ទីរពេទ្យបង្អែកមិនអាចមានឧបករណ៍ពេទ្យ ឬថ្នាំពេទ្យគ្រប់គ្រាន់ទេ។ ក្រោយពីការព្យាបាលបឋមហើយ គេត្រូវបញ្ជូនជនរងគ្រោះដោយសារអាស៊ីដទៅមន្ទីរពេទ្យនៅភ្នំពេញ ឬមន្ទីរពេទ្យខេត្ត ដែលមានបរិក្ខាពេទ្យ ឬ ឧបករណ៍ពេទ្យ ថ្នាំពេទ្យ គ្រូពេទ្យជំនាញ និងមធ្យោបាយ ដើម្បីបន្តព្យាបាលជួយជនរងគ្រោះដោយសារអាស៊ីដ យូរអង្វែងទៅទៀត»។
ក្រៅពីការប្រើប្រាស់កាំភ្លើងបាញ់ប្រហារតារាចម្រៀង ដូចជានាងពិសិដ្ឋ ពីលីកា ទូច ស្រីនិច ពៅ បញ្ញាពេជ្រនៅចន្លោះឆ្នាំ១៩៩៩ និងឆ្នាំ២០០៧ ប្រទេសកម្ពុជាត្រូវបានគេសង្កេតឃើញថា មានកំណើននៃការវាយប្រហារទឹកអាស៊ីដ ដោយចាប់ផ្តើមកើតឡើងខ្លាំងចាប់ពីឆ្នាំ២០០៦រហូតមក ជាពិសេសពាក់ព័ន្ធនឹងការប្រច័ណ្ឌ ឬស្នេហាត្រីកោណ។ ជនរងគ្រោះដោយការវាយប្រហារដោយទឹកអាស៊ីដមួយរូបក្នុងចំណោមជាច្រើនរូបគឺលោកសោម ប៊ុនណារិទ្ធ អាយុ៤០ឆ្នាំ រស់នៅភូមិក្បាលហុង ឃុំផ្ទះព្រៃ ស្រុកសំពៅមាស ខេត្តពោធិសាត់ បានថ្លែងប្រាប់ VOAថា លោកមានការសប្បាយចិត្តចំពោះសេចក្តីព្រាងច្បាប់អាស៊ីដនេះ ដើម្បីការពារប្រជាពលរដ្ឋផ្សេងទៀតកុំឱ្យរងគ្រោះដោយសារអាស៊ីដ ដូចរូបលោក។
លោកបានពិការភ្នែកទាំងពីរដោយសារការវាយប្រហារទឹកអាស៊ីដពីសំណាក់ភរិយារបស់លោកក្នុងរឿងស្នេហាត្រីកោណ នៅដើមឆ្នាំ២០០៦។លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖
«ច្បាប់មានទោសទណ្ឌខ្លាំង អាចគំរាមទៅដល់ជនល្មើស ដែលប៉ុនប៉ងជះទឹកអាស៊ីដទៅលើគេហ្នឹង ធ្វើឲ្យមានការភ័យខ្លាច មិនហ៊ានធ្វើការជះទឹកអាស៊ីដ។ វាកាត់បន្ថយនូវអំពើហិង្សាដោយការជះទឹកអាស៊ីដបាន។ យើងអាចរួចផុតពីអំពើហិង្សាដោយសារអាស៊ីដ។ អញ្ចឹងខ្ញុំចង់ឱ្យមានការដាក់ទោសឱ្យបានធ្ងន់ចំពោះជនល្មើសដែលជះទឹកអាស៊ីដ។ អញ្ចឹងវាជាការព្រមានមួយដល់ជនល្មើសដែលមានការប៉ុនប៉ងចង់ជះទឹកអាស៊ីដ»។
លោកវេជ្ជបណ្ឌិតហង ឡៃរ៉ាប៉ូបានបញ្ជាក់ថា អង្គការជួយសង្គ្រោះជនរងគ្រោះអាស៊ីដបានទទួលជនរងគ្រោះដោយសារទឹកអាស៊ីដចំនួន៣៤៥នាក់រហូតមកដល់ពេលនេះ។
លោកអំ សំអាតបានបញ្ជាក់ថា ការវាយប្រហារដោយទឹកអាស៊ីដនៅទូទាំងប្រទេសកម្ពុជាអាចមានដល់ទៅ៤០ករណីក្នុងមួយឆ្នាំ។ រដ្ឋសភាគ្រោងនឹងអនុម័តសេចក្តីព្រាងច្បាប់អាស៊ីដខ្លាំងនេះនៅសប្តាហ៍ក្រោយ។
ស្របពេលជាមួយគ្នានេះ អង្គការសង្គមស៊ីវិល និងតំណាងរាស្ត្រគណបក្សប្រឆាំង បានទាមទារថា ការផ្តន្ទាទោសជននៅពីក្រោយការវាយប្រហារដោយទឹកអាស៊ីដ ត្រូវដាក់បញ្ចូលនៅក្នុងសេចក្តីព្រាងច្បាប់អាស៊ីដនេះ។
មាត្រាចំនួន១០នៃមាត្រាសរុប២៧បានចែងពីទោសបញ្ញត្តិ ការដាក់ទោសក្នុងពន្ធនាគារពី២ឆ្នាំទៅដល់២០ឆ្នាំចំពោះជនដែលប្រព្រឹត្តបទល្មើសផ្ទាល់ តែមិនបានចែងពីការផ្តន្ទាទោសចំពោះអ្នកផ្តើមគំនិត និងអ្នកផ្សំគំនិតទេ។
ការទុកចន្លោះប្រហោងផ្លូវច្បាប់លើមាត្រានៃទោសបញ្ញត្តិទាំងនេះ បានបង្ហាញពីការខ្វះចន្លោះ និងត្រូវបានគេចាត់ទុកថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងអាស៊ីដនេះ មិនអាចលុបបំបាត់ ឬកាត់បន្ថយដោយប្រសិទ្ធិភាពនូវបទល្មើសនៃការវាយប្រហារដោយជះទឹកអាស៊ីដនោះទេ។
លោកអំ សំអាត ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ បានទទួលស្គាល់ថា ច្បាប់នេះអាចកាត់បន្ថយការប្រីប្រាស់ទឹកអាស៊ីដប្រឆាំងនឹងគូសត្រូវ។ ប៉ុន្តែវានៅមានការខ្វះចន្លោះទាក់ទងនឹងការដាក់ទោសទណ្ឌ។
«ពីមាត្រា១៤ដល់មាត្រា២៤មានការចែងអំពីទោសទណ្ឌទៅលើតែអ្នកដែលប្រព្រឹត្ត។ ចំពោះអ្នកផ្តើមគំនិត អ្នកផ្សំគំនិត និងសហចារី យើងអត់ឃើញមានចែងអំពីការដាក់ទោសទណ្ឌនៅក្នុងនេះទេ។ អញ្ចឹងយើងឃើញថា វានៅមានការខ្វះចន្លោះ។ អញ្ចឹង បើច្បាប់នេះចេញទៅ យើងឃើញថា មានតែអ្នកប្រព្រឹត្តទេដែលត្រូវទទួលទោស។ ចំណែកអ្នកផ្តើមគំនិត អ្នកផ្សំគំនិត និងសហចារីគ្មានទោសទេ។ យើងសូមទទូចដល់រដ្ឋសភាសុំឱ្យលោកពិនិត្យពិចារណាទៅលើជំពូកទោសបញ្ញត្តិនេះ ហើយសូមឱ្យមានការបញ្ចូលនៃការដាក់ទោសទណ្ឌឲ្យអ្នកផ្តើមគំនិត អ្នកផ្សំគំនិត និងសហចារីមានទោសដូចអ្នកដែលបានប្រព្រឹត្តនោះ»។
លោកស្រីមួរ សុខហ៊ួរ តំណាងរាស្ត្រគណបក្សសម រង្ស៊ី មិនបានយល់ស្របនឹងមាត្រាក្នុងទោសបញ្ញត្តិនៃសេចក្តីព្រាងច្បាប់អាស៊ីដនេះទេ ព្រោះវាផ្តន្ទាទោសតែជនល្មើសប្រព្រឹត្តផ្ទាល់ដៃប៉ុណ្ណោះ។ ប៉ុន្តែមិនបានផ្តន្ទាទោសអ្នកផ្សំគំនិត និងអ្នកផ្តួចផ្តើមគំនិតទេ។
លោកស្រី មួរ សុខហ៊ួរបានបញ្ជាក់ថា តុលាការពិសេសមួយសម្រាប់កាត់ទោសករណីជនល្មើសវាយប្រហារដោយជះទឹកអាស៊ីដនេះគួរតែត្រូវបានបង្កើតឡើង។
លោកសុន ឆ័យ តំណាងរាស្ត្រគណបក្សសម រង្ស៊ី ដែលមិនយល់ស្របនឹងមាត្រា២០ បានថ្លែងថា អំពើហិង្សាដោយចេតនាទៅលើអ្នកដទៃ ដោយប្រើអាស៊ីដខ្លាំង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ។
«បើច្បាប់នេះចេញទៅនោះ ករណីវាយប្រហារដោយទឹកអាស៊ីដមុនៗមកនោះ មានការជះទឹកអាស៊ីដដល់ស្ត្រីជាច្រើននៅក្នុងប្រទេសកម្ពុជា ត្រូវរួចខ្លួនជាផ្លូវការ ហើយការប្រើប្រាស់ច្បាប់ថ្មីនេះ ហាក់ដូចជានាំដល់ការផ្តល់និទណ្ឌភាពស្របច្បាប់តែប៉ុណ្ណោះ»។
លោកជាម យៀប សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បានថ្លែងថា ជនល្មើសវាយប្រហារដោយជះទឹកអាស៊ីដ និងអ្នកនៅពីក្រោយខ្នង ត្រូវទទួលទោសតាមច្បាប់ដូចគ្នា បើទោះបីជាសេចក្តីព្រាងច្បាប់អាស៊ីដនេះ មិនបានចែងអំពីអ្នកនៅក្រោយនៃការវាយប្រហារដោយជះទឹកអាស៊ីដក៏ដោយ។
«យើងមិនចាំបាច់ចែងនៅក្នុងសេចក្តីព្រាងច្បាប់អាស៊ីដទៀតទេ។ ជំពូកទីបីនៃរដ្ឋធម្មនុញ្ញបានចែងថា អ្នកដៃដល់ អ្នកឃុបឃិត អ្នកផ្សំគំនិតត្រូវមានទោសដូចគ្នា។ អ្នកដែលឃុបឃិតក្នុងបទឧក្រិដ្ឋត្រួវទទួលបទឧក្រិដ្ឋ។ អ្នកដែលឃុបឃិតក្នុងបទមជ្ឈឹម ត្រូវទទួលទោសបទមជ្ឈឹម។
ជនរងគ្រោះជាច្រើន ដូចជាតួសម្តែងនាងតាត ម៉ារីណា និងម្តាយមីងរបស់នាងអ៊ិន សូលីដា អតីតបវរកញ្ញាទេសចរណ៍ បានរងការវាយប្រហារដោយទឹកអាស៊ីដ ពីភរិយាមន្ត្រីជាន់ខ្ពស់នៅទីស្តីការគណៈរដ្ឋមន្ត្រីម្នាក់ និងអតីតមន្ត្រីជាន់ខ្ពស់កងរាជអាវុធហត្ថម្នាក់។
ជនរងគ្រោះដោយការវាយប្រហារដោយជះទឹកអាស៊ីដផ្សេងទៀតគឺនាង គីម ឡេង។ កំណើននៃការវាយប្រហារទឹកអាស៊ីដនេះត្រូវក្រុមមន្ត្រីគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងជនរងគ្រោះបញ្ជាក់ថា គេត្រូវមានច្បាប់ដ៏ល្អមួយសម្រាប់ដាក់ទោសទណ្ឌឱ្យបានធ្ងន់ធ្ងរដល់ជនដៃដល់ និងអ្នកពាក់ព័ន្ធនឹងការវាយប្រហារដោយទឹកអាស៊ីដ។
អ្នកស្រី គីម ឡេង អាយុ២៧ឆ្នាំ រស់នៅភូមិនាងកុក ឃុំបាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង បាននិយាយថា អ្នកស្រីបានរលាកទឹកអាស៊ីដនៅដៃស្តាំ ក ដើមទ្រូង ភ្លៅ ដោយសារការវាយប្រហារដោយទឹកអាស៊ីដ ពីគូដណ្តឹងនៅក្នុងខែកក្កដា ឆ្នាំ២០១១នេះ បន្ទាប់ពីបានផ្តាច់ពាក្យ។
នាងគីម ឡេងបានបញ្ជាក់ថា នាងចង់ឱ្យមានការកាត់ទោសជនល្មើសវាយប្រហារដោយទឹកអាស៊ីដ ប៉ុន្តែច្បាប់នោះមិនត្រូវដាក់ទោសស្រាលដល់ជនល្មើសបែបនេះទេ។
«បើសិនជាចាប់វាបាន ខ្ញុំចង់ឱ្យដាក់ទោសវាអស់មួយជីវិតតែម្តង ពីព្រោះវាជាមនុស្សសាហាវឃោរឃៅ។ បើតាមចិត្តខ្ញុំ ខ្ញុំចង់ចាប់ជនល្មើសវាយប្រហារដោយទឹកអាស៊ីដដាក់ទោសចាប់ពី៣០ឆ្នាំឡើងទៅ»។
លោកវេជ្ជបណ្ឌិតហង ឡៃរ៉ាប៉ូបានបញ្ជាក់ថា អង្គការជួយសង្គ្រោះជនរងគ្រោះដោយអាស៊ីដនេះបានទទួលព្យាបាលជនរងគ្រោះដោយសារទឹកអាស៊ីដចំនួន៣៤៥នាក់ រហូតមកដល់ពេលនេះ។
រដ្ឋសភាគ្រោងនឹងអនុម័តសេចក្តីព្រាងច្បាប់អាស៊ីដខ្លាំងនេះនៅសប្តាហ៍ក្រោយ៕