អង្គការសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watchឬ HRW) បានរកឃើញភាពមិនប្រក្រតីនៃការបោះឆ្នោតឃុំសង្កាត់ កាលពីឆ្នាំ២០២២ ក្នុងនោះមានការរាប់សន្លឹកឆ្នោតមិនបានត្រឹមត្រូវ ដោយមានសន្លឹកឆ្នោតលើស និងខ្វះ មិនត្រូវតាមការគណនាលេខលើទម្រង់បែបបទ១១០២ ដែលជាកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត។ នេះបើយោងតាមរបាយការណ៍របស់អង្គការ HRW ចេញផ្សាយនៅថ្ងៃចន្ទនេះ។
តាមរយៈការរកឃើញនេះ HRW ចាត់ទុកនេះជា «សញ្ញាព្រមាន»នៃភាពមិនប្រក្រតីមួយដែលអាចកើតមានឡើងនៅក្នុងការបោះឆ្នោតជាតិនាថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ ខណៈអវត្តមានគណបក្សប្រឆាំងដ៏ធំ គឺគណបក្សភ្លើងទៀន ក្នុងការចូលរួមប្រកួតក្នុងការបោះឆ្នោត និងសង្កេតការណ៍។
ភាពមិនប្រក្រតីទាំងនោះ គឺស្ថិតនៅលើទម្រង់១១០២ ពាក់ព័ន្ធនឹងការគណនាចំនួនសន្លឹកឆ្នោត ដែលករណីខ្លះលើសសន្លឹកឆ្នោត និងករណីខ្លះទៀតខ្វះសន្លឹកឆ្នោត។ ភាពមិនប្រក្រតីនេះត្រូវបានអង្គការរកឃើញតាមរយៈការត្រួតពិនិត្យលើទម្រង់បែបបទ១១០២ពីការិយាល័យបោះឆ្នោតចំនួន២១៥៥ក្នុងរាជធានីភ្នំពេញ។
អង្គការអន្តរជាតិនេះឱ្យដឹងទៀតថា ករណីភាពមិនប្រក្រតីទាំងនោះកើតមាននៅកន្លែងដែលមានអ្នកសង្កេតការណ៍មកពីគណបក្សប្រជាជនកម្ពុជា និងក្រុមដែលមាននិន្នាការទៅរកគណបក្សកាន់អំណាច ដែលបានចូលរួមចុះហត្ថលេខាលើទម្រង់១១០២ ពោលគឺមិនមានតំណាងខាងគណបក្សភ្លើងទៀនឡើយ។ ក្រុមដែលមាននិន្នាការទៅរកគណបក្សប្រជាជនកម្ពុជា រួមមានសហភាពសហព័ន្ធយុវជនកម្ពុជាដែលគ្រប់គ្រងដោយកូនប្រុសរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ និងសមាគមនារីកម្ពុជា ដើម្បីសន្ដិភាពនិងអភិវឌ្ឍ ដឹកនាំដោយអ្នកស្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។
អង្គការ Human Rights Watch បញ្ជាក់ថា៖ «លទ្ធផលបោះឆ្នោតឃុំសង្កាត់ក្នុងប្រទេសកម្ពុជាបានបង្ហាញភាពមិនប្រក្រតីច្រើន និងគួរឱ្យព្រួយបារម្ភដែលបង្កជាក្តីព្រួយបារម្ភសម្រាប់ការបោះឆ្នោតថ្នាក់ជាតិនាខែកក្កដា ឆ្នាំ២០២៣នេះ»។ អង្គការនេះជំរុញឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ចាត់វិធានការភ្លាមៗ ដើម្បីធានាការរាប់សន្លឹកឆ្នោតត្រឹមត្រូវ។
លោក Phil Robertson នាយករងទទួលបន្ទុកនៅតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ថ្លែងថា ភាពមិនប្រក្រតីនេះចោទជាសំណួរអំពីភាពទុកចិត្តបាននៃស្ថាប័នគ.ជ.ប។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អង្គការនេះ។ លោកបញ្ជាក់ថា ការបោះឆ្នោតខាងមុខគឺជា«ការចំអកមួយសម្រាប់ដំណើរការប្រជាធិបតេយ្យ» ហើយថា គ.ជ.ប គឺជាស្ថាប័នដែលមិនមានឥទ្ធិពល និងសមត្ថភាពឡើយ។
អ្នកនាំពាក្យស្ថាប័នគ.ជ.ប លោក ហង្ស ពុទ្ធា ថ្លែងថា របាយការណ៍ដែលអង្គការHRW ចេញផ្សាយនាពេលនេះ មាន«លក្ខណៈនយោបាយ ចង់ធ្វើឱ្យប៉ះពាល់ដំណើរការបោះឆ្នោត»។
លោកប្រាប់វីអូអេថា៖ «គ.ជ.ប ជាស្ថាប័នអនុវត្តច្បាប់។ អ្វីដែលច្បាប់មានចែងគ.ជ.ប បានអនុវត្តត្រឹមត្រូវរួចហើយ នៅឡើយតែអ្នកដែលបញ្ចេញមតិដែលមានបំណង ឬក៏មហិច្ឆតាបម្រើឧបាយកលណាមួយដែលចេះតែពោលពាក្យរំខានដល់ដំណើរការបោះឆ្នោតរបស់កម្ពុជា បាទ»។
នៅក្នុងការបោះឆ្នោតនាពេលខាងមុខនេះ សហភាពសហព័ន្ធយុវជនកម្ពុជាដែលដឹកនាំដោយលោក ហ៊ុន ម៉ានី បានដាក់មនុស្សចូលរួមសង្កេតការណ៍ការបោះឆ្នោត ប្រមាណ៣៦០០០នាក់ ដែលច្រើនជាងគេបង្អស់។ ចំណែកសមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍ ដែលដឹកនាំដោយអ្នកស្រី ម៉ែន សំអន បានដាក់អ្នកសង្កេតការណ៍ប្រមាណ២៥០០០នាក់ ដែលច្រើនបំផុតបន្ទាប់ពីសហភាពសហព័ន្ធយុវជនកម្ពុជា។
លោក គីមសួរ ភិរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន បដិសេធមិនអត្ថាធិប្បាយលើបញ្ហានេះ។ ប៉ុន្តែលោកថ្លែងថា កន្លងទៅ មន្រ្តីជាន់ខ្ពស់របស់គណបក្ស គឺលោក សុន ឆ័យ ត្រូវបានប្តឹងផ្តល់ដោយគ.ជ.ប និងគណបក្សកាន់អំណាច ដោយទាមទារឱ្យសងជំងឺចិត្ត សរុបជាង១លានដុល្លារអាមេរិកទៅគណបក្សកាន់អំណាច និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ការចោទប្រកាន់នេះពាក់ព័ន្ធនឹងការថ្លែងរបស់លោក ដោយមានប្រើពាក្យពេចន៍មួយចំនួន ដូចជាថា «លទ្ធផលនេះមិនឆ្លុះបញ្ចាំងអំពីឆន្ទៈប្រជាពលរដ្ឋ។ វាមានការបំភ័យ។ វាមានការទិញ។ វាមានការលួច បាននៅសល់ប៉ុណ្ណឹង»។
គួរបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ២០២២ អង្គការខុមហ្វ្រែលដែលជាសា្ថប័នឃ្លាំមើលការបោះឆ្នោត បានចេញផ្សាយរបាយការណ៍មួយ ដែលបង្ហាញពីភាពមិនប្រក្រតីនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២ ដែលគណបក្សប្រជាជនកម្ពុជាបានឈ្នះតំណែងមេឃុំចៅសង្កាត់នៅទូទាំងប្រទេសស្ទើរតែទាំងអស់សម្រាប់ការបោះឆ្នោតថ្នាក់មូលដ្ឋានមួយនេះ។ ភាពមិនប្រក្រតី មានដូចជាកន្លែងខ្លះ អ្នកសង្កេតការណ៍មិនត្រូវបានអនុញ្ញាតឱ្យចូលសង្កេតក្នុងពេលរាប់សន្លឹកឆ្នោត។ កន្លែងខ្លះទៀត មន្ត្រីការិយាល័យមិនអនុញ្ញាតឱ្យអ្នកសង្កេតការណ៍ថតរូបពីដំណើរការរាប់សន្លឹកឆ្នោត និងការិយាល័យមួយចំនួនទៀតបានបិទបាំង ដោយការបិទទ្វារ ឬបង្អួចការិយាល័យនៅពេលរាប់សន្លឹកឆ្នោតជាដើម។
របាយការណ៍ក៏បានលើកឡើងអំពីវត្តមានរបស់អាជ្ញាធរពាក់ព័ន្ធនៅក្នុងបរិវេណ និងក្រៅការិយាល័យ ដើម្បីកត់ឈ្មោះប្រជាពលរដ្ឋដែលបានចេញទៅបោះឆ្នោត និងប្រជាពលរដ្ឋខ្លះទៀតមិនអាចបោះឆ្នោតបាន ដោយសាររកឈ្មោះមិនឃើញ៕