ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​រិះគន់​គ.ជ.ប ​រឿង​ស្នើ​ផ្តល់​យោបល់ ​ទាំង​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​មិន​ទាន់​ប្រកាស​ប្រើប្រាស់​ជា​ផ្លូវការ​


លោក យ៉េង វីរៈ ប្រធានគណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន​ចូលរួម​ពិធី​បុណ្យ​រំឭកខួប​បួន​ឆ្នាំនៃ​ការ​សម្លាប់លោក​កែម ឡី។ ពិធីបុណ្យ​ធ្វើ​ឡើង​នៅស្រុក​ត្រាំកក់​ ខេត្តតាកែវ​​ ថ្ងៃទី​១០​ ខែ​កក្កដា​ ឆ្នាំ​២០២០។​ (ហ៊ុល រស្មី​/វីអូអេ)​​
លោក យ៉េង វីរៈ ប្រធានគណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន​ចូលរួម​ពិធី​បុណ្យ​រំឭកខួប​បួន​ឆ្នាំនៃ​ការ​សម្លាប់លោក​កែម ឡី។ ពិធីបុណ្យ​ធ្វើ​ឡើង​នៅស្រុក​ត្រាំកក់​ ខេត្តតាកែវ​​ ថ្ងៃទី​១០​ ខែ​កក្កដា​ ឆ្នាំ​២០២០។​ (ហ៊ុល រស្មី​/វីអូអេ)​​

គណ​បក្ស​ប្រជា​ធិប​តេយ្យ​មូល​ដ្ឋាន​(គ.ប.ម) ​បាន​រិះគន់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត(គ.ជ.ប) ដែល​ផ្ញើ​សេចក្តី​ព្រាង​«កែ​សម្រួល​បទ​បញ្ជា​និង​នីតិវីធី​សម្រាប់​ការបោះ​ឆ្នោត​អាណត្តិ​ទី៧​នេះ»​មក​ឱ្យ​គណ​បក្ស​ពិនិត្យ​ និង​ផ្តល់​យោបល់ ​ទោះបី​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​នេះ ​មិន​ទាន់​ត្រូវ​បាន​អនុ​ម័តដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៅ​ឡើយ​ក៏​ដោយ។​

​លោក ​យ៉េង វីរៈ ​ប្រធាន​គណ​បក្ស​ប្រជា​ធិបតេយ្យ​មូល​ដ្ឋាន ​បញ្ជាក់​ថា ​ប្រធាន​គ.ជ.ប​ លោក ​ប្រាជ្ញ ចន្ទ ​បាន​ផ្ញើ​លិខិត​ដោយ​ស្នើគណ​បក្ស​ប្រជា​ធិបតេយ្យ​មូល​ដ្ឋាន ​ពិនិត្យ​ ​និង​ផ្តល់​យោបល់​លើ​សេចក្តី​ព្រាង​ការ​កែ​សម្រួល​បទ​បញ្ជា​ និង​នីតិវិធី​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ នីតិ​កាល​ពី៧​ ឆ្នាំ២០២៣ ​ឱ្យ​បាន​យ៉ាង​យូរ​ត្រឹម​ថ្ងៃទី​១ ខែ​កក្កដា។ ​លោក​បញ្ជាក់​ថា ​នេះ​ជា​ការ​អនុវត្តមិន​ត្រឹម​ត្រូវ​នោះ​ទេ។​

លោក​បង្ហាញ​ការ​ហួស​ចិត្ត​នៅ​ពេល​ដែល​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​វិសោធន​កម្ម​ច្បាប់​បោះ​ឆ្នោត ​ដែល​ស្នើ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​នោះ​ ​មិន​ទាន់បាន​ប្រកាស​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ ស្រាប់​តែស្ថាប័ន​គ.ជ.ប ​ស្នើ​ឱ្យ​គណ​បក្ស​ពិនិត្យ ​និង​ផ្តល់​យោបល់​យ៉ាង​ប្រញាប់​បែប​នេះ។​

លោកបញ្ជាក់​ថា​ ​បើ​សិន​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោតចង់​កែ​តម្រូវ​បទ​បញ្ជា ​និង​នីតិវិធី​បោះឆ្នោត គួរ​តែ​ធ្វើ​ឡើង​ក្រោយ​ព្រះ​មហា​ក្សត្រ​ឡាយ​ព្រះហស្ថ​លេខា​ប្រកាស​ឱ្យប្រើ​ប្រាស់។ ​ចំណុច​មួយ​ទៀត ​លោកថា ​អ្វី​ធ្វើ​ឱ្យ​គណបក្សហួស​ចិត្ត​នោះ ​គឺនៅ​ត្រង់​ថា ​នៅ​ពេល​ដែ​ល​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​តស៊ូ​មតិ ​សូម​ឱ្យ​មាន​ការ​កែ​លម្អ​បទ​បញ្ជា​នីតិ​វីធី​បោះ​ឆ្នោត កាលពី​កន្លងមកនោះ​ស្ថាប័ន​គ.ជ.ប ​មិន​បាន​ធ្វើ​អ្វី​នោះ​ទេ ​គឺ​បាន​ត្រឹម​តែ​អះអាង​ថា ​ខ្លួនជា​ស្ថាប័ន​អនុវត្ត​ច្បាប់​តែ​ប៉ុណ្ណោះ។​

លោក ​យ៉េង វីរៈ​ ប្រាប់​វីអូអេនៅ​ថ្ងៃ​ចន្ទ​នេះ​ថា៖ ​«បាទ! ​និយាយ​ទៅ​កាលគ.ជ.ប ​ផ្ញើ​ឱ្យ​គណ​បក្ស​នយោបាយ​បែប​នេះ ​គឺជា​រឿង​មិនត្រឹមត្រូវ​ទេ។ តាម​ត្រូវ​ ទាល់​តែ​ច្បាប់​នោះ​ត្រូវ​បាន​ព្រះ​មហា​ក្សត្រ​ ទ្រង់​ឡាយ​ព្រះ​ហស្ថ ប្រកាស​ឱ្យប្រើ​សិន ​ទើប​ស្ថាប័ន​អនុវត្ត​ច្បាប់​ តួយ៉ាង គ.ជ.ប ​ជាដើម​នេះ​ យក​ច្បាប់​នោះ​ទៅ​អនុវត្ត​បាន។​ តែ​នេះ ​គ.ជ.ប ​និយាយ​ទៅ​ប្រញាប់​ខ្លាំង​មែនទែន​ ហើយ​បាន​ដាក់ខ្លួន​ទៅ​ជា​ស្ថាប័ន​អនុវត្ត​សេចក្តី​ព្រាង​ច្បាប់»។​

លោក ​យ៉េង វីរៈ ​ចាត់​ទុកថា ​ទង្វើ​របស់​ស្ថាប័ន​គ.ជ.ប​ ​បែប​នេះ​បាន​ធ្វើ​ឱ្យប៉ះ​ពាល់​ដល់​សិទ្ធិ​ចូល​រួម​នយោ​បាយ ​ប៉ះ​ពាល់​ដល់​ការ​សម្រេច​ចិត្ត​របស់​ម្ចាស់​ឆ្នោត​ ហើយធ្វើ​ឱ្យ​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​ សេរី​ពហុ​បក្សរួម​តូច។​

​លោក​បន្ត​ថា៖«វា​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សិទ្ធិ​ចូល​រួម​នយោ​បាយ ប៉ះ​ពាល់​ដល់​ការ​សម្រេច​ចិត្ត​របស់​ម្ចាស់​ឆ្នោត​ វា​បង្កើត​ឱ្យ​មានការ​ភ័ន្ត​ច្រឡំ​ បង្ក​ឱ្យ​មាន​ការ​ភ័យខ្លាច​ និងធ្វើ​ឱ្យដំណើរការ​ប្រជាធិបតេយ្យ​ សេរី​ពហុ​បក្ស មាន​ភាព​រួម​តូច»។

ក្រៅ​ពី​នេះ​លោក​ យ៉េង វីរៈ ​ថា​ ទង្វើ​របស់​ស្ថាប័ន​គ.ជ.ប ​បានបញ្ជាក់​អំពី​ឥទ្ធិ​ពល​នៃ​អំណាច​លើស​លប់​របស់​គណ​បក្ស​កាន់​អំណាច​ទៅ​លើ​ស្ថាប័ន​រៀប​ចំការ​បោះ​ឆ្នោត ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​អនុវត្ត​សមត្ថ​កិច្ច​របស់គ.ជ.ប ​ដោយ​ឯក​រាជ្យ ​និង​អព្យា​ក្រឹត។​

បើតាមសេចក្តី​ព្រាង​នៃ​សេចក្តី​សម្រេច​ «ការកែ​សម្រួល​បទ​បញ្ជា ​និង​នីតិ​វិធី​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ នីតិកាល​ទី៧​ ឆ្នាំ២០២៣»​ ដែល​គណ​បក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​ទទួល​បាន ​គឺ​បាន​គូស​បញ្ជាក់​ត្រង់​ចំណុច​២ ​ដែល​មិនច្បាស់​លាស់ ​ដោយ​ទី១ត្រង់​ ចំណុច ​«បាន​ឃើញ​ព្រះរាជ​ក្រម​លេខ ​នស/រកម/ ​ដែល​ប្រកាស​ឱ្យ​ប្រើ​ច្បាប់​ស្ដីពី​វិសោធន​កម្ម​ច្បាប់​បោះឆ្នោត»​ ​ គឺ​មិ​ន​បានបញ្ជាក់​ និង​ចុះ​កាល​បរិច្ឆេទ​ច្បាស់​លាស់ និង​ត្រង់​ចំណុច​ «យោង​ការ​អនុម័ត​របស់ ​គ.ជ.ប»​ ​ក៏​មិន​បាន​ចុះ​កាល​បរិច្ឆេទ​ច្បាស់​លាស់​ផង​ដែរ។​ នេះ​បើ​តាម​សេច​ក្តី​ព្រាង​ដែល​វីអូអេ​ទទួល​បាន។​

សេចក្តី​ព្រាង​របស់​គ.ជ.ប ​ត្រង់​ប្រការ​៤.១​ (ថ្មី)​ចែង​ទាក់ទង​ការ​អនុ​លោម​តាម​មាត្រា​២៣​ថ្មី ​ក្នុង​មាត្រា​ពីរ​នៃ​ច្បាប់​ស្តីពី​វិសោធន​កម្ម​ច្បាប់​បោះ​ឆ្នោត​ ​ដើម្បី​មាន​សិទ្ធិ​ឈរ​ឈ្មោះ​ជា​បេក្ខជន​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ ​ ប្រជាពលរដ្ឋ​ម្នាក់ៗ​ ​ត្រូវ​មាន​លក្ខខណ្ឌ​ផ្សេងៗ ​ដូច​ជា​មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត​ ​មាន​អាយុ​២៥​ឆ្នាំ​ឡើង​ទៅ ​គិត​ដល់​ថ្ងៃបោះ​ឆ្នោត មាន​សិទ្ធិ​បោះ​ឆ្នោត ​និង​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ និងការ​អនុវត្ត​សិទ្ធិ​បោះ​ឆ្នោត​ ដោយ​បាន​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ ជា​សកល​ចំនួន​២​លើក ​ចុង​ក្រោយ​ជាប់គ្នា ​ដែល​រៀប​ចំឡើង​ដោយ​ គ.ជ.ប ​លើក​លែង​តែ​ករណី​ដែលការ​មិនអាច​អនុវត្ត​សិទ្ធិ​បោះ​ឆ្នោតជា​ដើម។

លោក ​ហង្ស ពុទ្ធា​ អ្នក​នាំ​ពាក្យ​គ.ជ.ប ​ប្រាប់​វីអូអេ​ថា​ ការ​ផ្ញើ​សេចក្តី​ព្រាង​ទៅ​ឱ្យ​គណ​បក្ស​នយោបាយ ​គឺ​ដើម្បី​ប្រមូលគំនិត​ ពិគ្រោះ​ពិភាក្សា និង​ដើម្បីត្រៀម​លក្ខណៈ​ជា​មុន ​ក្នុង​ការ​រៀប​ចំ​ឱ្យ​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ​ប្រព្រឹត្ត​ទៅ​ល្អ​ប្រសើរ​តែ​ប៉ុណ្ណោះ។​

លោក​បញ្ជាក់​ថា៖ ​«ការ​ទិតៀន​ចេះ​តែ​បង្កើន​ឡើង ​ជាពិសេសចេះ​តែ​តាម​ចាប់​កំហុស​ អ្នក​អនុវត្ត។ ផ្ទុយ​ទៅ​វិញ ​គឺស្ថាប័ន​គ.ជ.ប ​កំពុង​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​មហាជន​រាប់​លាន​នាក់។ ក្នុងនោះ ​បើ​គ.ជ.ប ​អនុវត្ត​ការងារ​ណា​មួយ​ទទួល​បរា​ជ័យ ​វា​ប៉ះពាល់​ជះ​ឥទ្ធិពល​ទៅ​លើ​ដំណើរ​ការ​បោះឆ្នោត​ទាំង​មូល។ ​អ៊ីចឹង​ការ​ត្រៀម​លក្ខណៈ​ជា​មុន ​គឺ​ជា​ការ​ធ្វើ​ឱ្យ​ដំណើរ​ការ​បោះឆ្នោត​នៅកម្ពុជា​កាន់​តែ​មាន​ភាព​ល្អប្រសើរ​ឡើង»។​

លោក​បន្ត​ថា៖ «គ.ជ.ប ​មិន​ទទួល​រង​ឥទ្ធិ​ពល​នយោបាយ​ពី​គណ​បក្ស​នយោបាយ​ណា​មួយ​នោះទេ។ ​គ.ជ.ប ​គឺ​អនុវត្ត​តាម​ច្បាប់​ដែល​មាន​ចែង​ជា​ធរមាន។​ គ.ជ.ប ​យក​រដ្ឋ​ធម្មនុញ្ញ​ជា​គោល​ ច្បាប់​បោះ​ឆ្នោត​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ដំណើរ​ការ​បោះ​ឆ្នោត​ជា​គោល។ ​អ៊ីចឹង​ការ​វាយ​តម្លៃ​ណា​មួយ​ ខុស​ពី​សេចក្តី​ដែល​មាន​ចែង​ក្នុង​ច្បាប់​គ.ជ.ប ​មិន​ទទួល​បាន​នោះ​ទេ»។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​លោក ​សុខ ឥសាន ​អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជាជន​កម្ពុជា ​បាន​នៅ​ឡើយ​ទេ។​

លោក​ កន សាវាង្ស ​អ្នក​សម្រប​សម្រួល​ផ្នែក​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៃ​អង្គការ​ខុមហ្វ្រែល​ ថ្លែង​ថា ​ស្ថាប័ន​គ.ជ.ប ​គួរ​តែ​ពិនិត្យ​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ ​មុន​នឹង​ធ្វើ​អ្វី​មួយ​ ព្រោះ​វា​ឆ្លុះ​បញ្ចាំង​អំ​ពី​សុច​រិត​ភាព ​តម្លាភាព ​និង​ការ​អនុវត្ត​ច្បាប់​របស់​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត។

នៅ​ថ្ងៃ​ចន្ទ​នេះ ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​សម្រេច​ជា​ឯក​ច្ឆន្ទ​លើ​សេចក្តី​ព្រាង​វិសោធន​កម្ម​ច្បាប់​បោះឆ្នោត​នេះ​ថា ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ។ ​រដ្ឋ​សភា​ដែល​គ្រប់គ្រង​ទាំង​ស្រុង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អនុម័ត​សេចក្តី​ព្រាង​វិសោធន​កម្ម​ច្បាប់​នេះ ​កាល​ពីថ្ងៃ​ទី២៣ ​ខែ​មិថុនា ​ហើយ​ព្រឹទ្ធ​សភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​កាន់​អំណាច​ដែរ​ នោះ​ បាន​ពិនិត្យ ​និង​ឱ្យ​យោបល់​ឯកភាព​ទាំង​ស្រុង ​កាល​ពីថ្ងៃ​ទី២៩ ​ខែ​មិថុនា ​ឆ្នាំ​២០២៣។​

គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋានបាន​ចាត់​ទុក​វិសោធន​កម្ម​ច្បាប់​បោះ​ឆ្នោត​«គឺ​ជា​ការ​ប្រើ​ប្រាស់​អំណាច​ នីតិបញ្ញត្តិ​ជា​ឧបករណ៍​ដើម្បី​យុទ្ធសាស្រ្ត​កេង​ចំណេញ​នយោបាយ​របស់​គណបក្ស​កាន់​អំណាច​ ដើម្បី​បង្រ្កាប ​បំបាក់ ​រឹតត្បិត​កម្លាំង​គណបក្ស​ដែល​ជា​គូ​ប្រកួត»៕​

XS
SM
MD
LG