ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​សិទ្ធិ​មនុស្ស​ថា​ ការ​កែប្រែ​ចម្លើយ​របស់​ស្រីមុំ​បង្ហាញ​ពី​ភាព​ភ័យ​ខ្លាច ​និង​សិទ្ធិ​មនុស្ស​ទន់​ខ្សោយ​នៅ​កម្ពុជា


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អង្គការ​សិទ្ធិ​មនុស្ស​​អាដហុក​​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​នាង​ខុម ចាន់តារ៉ាទី​

នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​នៅ​ថ្ងៃអង្គារ​នេះ មន្ត្រី​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា ​កិច្ច​ប្រឹង​ប្រែង​របស់​ខ្លួន​ក្នុង​ការ​ជួយ​នាង​ ខុម ចាន់តារ៉ាទី ​ហៅ​ ស្រីមុំ ​នោះ​ គឺ​ធ្វើ​ត្រឹមត្រូវ​តាម​អាណត្តិ​បេសកកម្ម​របស់​ខ្លួន។​

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​បាន​ធ្វើ​សន្និសីទ​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​នាង​ ខុម ចាន់តារ៉ាទី​ ដែល​ថា ​ចម្លើយ​របស់​នាង​ប្រាប់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​នោះ​ គឺ​ធ្វើ​តាម​ការ​ណែនាំ​របស់​បុគ្គលិក​អង្គការ​សិទ្ធិ​មនុស្ស​នេះ។ ​សន្និសីទ​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កោះ​ហៅ​បុគ្គលិក​៥នាក់​របស់​អង្គការ​អាដហុក។

នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​នៅ​ថ្ងៃអង្គារ​នេះ មន្ត្រី​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា ​កិច្ច​ប្រឹង​ប្រែង​របស់​ខ្លួន​ក្នុង​ការ​ជួយ​នាង​ ខុម ចាន់តារ៉ាទី ​ហៅ​ ស្រីមុំ ​នោះ​ គឺ​ធ្វើ​ត្រឹមត្រូវ​តាម​អាណត្តិ​បេសកកម្ម​របស់​ខ្លួន។​ អង្គការ​សិទ្ធិ​មាន​ការ​ភ្ញាក់​ផ្អើល​ និង​មាន​ចម្ងល់​ចំពោះ​ការណ៍​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចេញ​លិខិត ​កាលពី​ថ្ងៃច័ន្ទ កោះ​ហៅ​មន្ត្រី​សិទ្ធិ​មនុស្ស​ដែល​មិន​មាន​តំណែង​ និង​អំណាច​អាច​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​បាន​នោះ។​

លោក​ ធន សារាយ​ ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ​អង្គការ​របស់​លោក​បាន​ផ្តល់​ប្រាក់​តិច​តួច​ជួយ​នាង ​ខុម ​ចាន់តារ៉ាទី​ ដូច​ជន​ក្រីក្រ​ដទៃ​ទៀត​ដែរ​ ដោយ​សារ​នាង​ខ្វះខាត។

លោក ធន សារាយ បញ្ជាក់​ថា៖ «អញ្ចឹង​ហើយ​បាន​ជា​យើង​នាំ​គ្នា​ឆ្ងល់​ថា ​ហេតុ​អី​បាន​ជា​ករណី​នេះ ​បែរ​ទៅ​ជា​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កោះ​អញ្ជើញ​បុគ្គលិក​យើង​ខ្ញុំ ​ទៅ​សាកសួរ​ពី​រឿង​ហ្នឹង ​ពីព្រោះ​ថា ​តាម​ខ្ញុំ​បាន​ដឹង​ ​ល្ងង់​ខ្លៅ​ គឺ​អង្គភាព​ប្រឆាំង​ពុក​រលួយ​ គឺ​គាត់​គួរតែ​អង្កេត​អំពើ​ពុករលួយ​លួច​ប្រាក់​ជាតិ​ លួច​អី​ទេ! ​ឯ​ចំណែក​រឿង​នេះ​ ​គឺ​យើង​អត់​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​អី​សោះ!​ ​ហេតុ​អី​បាន​ជា​រឿង​នេះ​វា​ទៅ​ជា​អញ្ចឹង?​ យើង​មាន​ការ​ឆ្ងល់​តែ​ប៉ុណ្ណឹង​ទេ។ ​គ្រាន់តែ​សុំ​បើក​វង់​ក្រចក​បន្តិច»។

​ទោះ​ជា​យ៉ាង​ណា​ក្តី​លោក ​ឱម យ៉ិនទៀង ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ប្រាប់​ VOA ​ថា ​អង្គភាព​របស់​លោក​កោះហៅ​បុគ្គលិក​សិទ្ធិ​មនុស្ស​ទាំង​នេះ​ដើម្បី​សាកសួរ​រក​ការណ៍​ពិត។​

លោក ឱម យ៉ិនទៀង ថ្លែង​ប្រាប់ VOA ថា៖ «គាត់​មិនទាន់​ត្រូវ​បាន​កំណត់​ជា​អី​ទេ។​ គាត់​អាច​ជា​សាក្សី។​ ពាក់ព័ន្ធ​រឿង​អីៗ ​សូម​កុំ​ទាន់​គិត​ខ្លួន​ឯង​ដោយ​របៀប​អញ្ចឹង​ណា៎។​ សូម​រួម​ចំណែក»។

លោក​ ឱម យ៉ិនទៀង បាន​បន្ត​ថា ​អង្គភាព​របស់​លោក​ចាត់​វិធានការ​ប្រឆាំង​អំពើ​ពុករលួយ មិន​ថា អំពើ​ពុក​រលួយ​នោះ​ទ្រង់​ទ្រាយ​ធំ​ ឬ​តូច​ទេ ​ព្រោះ​រឿង​នេះ​ពាក់ព័ន្ធ​នឹង​វាសនា​របស់​មនុស្ស។

លោក ​ធន សារាយ ​ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ក្នុង​សន្និសីទ​នៅ​ទី​ស្នាក់ការ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​សិទ្ធិ​មនុស្ស​កម្ពុជា​(CHRAC) ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ មន្ត្រី​របស់​លោក​ធ្វើ​ការ​តាម​ការណ៍​ពិត​ពី​ដំបូង ​ដែល​នាង​ ខុម ចាន់តារ៉ាទី​ ប្រាប់​ពួក​គេ​ ដោយ​មិន​មាន​ការ​បញ្ចេះ​ណែនាំ​ ខុស​ពី​អាណត្តិ​បេសកកម្ម​របស់​ខ្លួន​ទេ។

លោក ធន សារាយ ថ្លែង​ថា៖ «ក្នុង​នាម​យើង​ជា​សិទ្ធិ​មនុស្ស​ របៀប​ធ្វើការ​របស់​យើង​ វិធី​សាស្ត្រ​ធ្វើ​ការ​របស់​យើង​ គឺ​យើង​ផ្តល់​ប្រឹក្សា​ច្បាប់​ទៅ​តាម​អ្វី​ដែល​នាង​បាន​ប្រាប់​យើង។​ យើង​មិន​អាច​ទៅ​និយាយ​ខុស​ពី​អ្វី​ដែល​នាង​បាន​ប្រាប់​យើង​ទេ។ ​យើង​គ្រាន់​តែ​ថា ​ធ្វើ​ម៉េច​ឲ្យ​នាង​និយាយ​អ្វី​ដែល​ខ្លួន​បាន​និយាយ​ប្រាប់​យើង​ពី​ដំបូង​មក​ឲ្យ​បាន​ហូរហែ​អញ្ចឹង​ត​ទៅ​ទៀត។​ ដូច្នេះ​ការ​ផ្តល់​មតិ​យោបល់​របស់​យើង​នេះ​ មាន​រឿង​អី​ដែល​ទៅ​(ឃាត់)​ឃាំង​ ទៅ​ណែនាំ​ឲ្យ​គាត់​និយាយ​រឿង​អី​ខុស​ពី​ការណ៍​ពិត​ ដែល​គាត់​បាន​ប្រាប់​យើង​ទេ។ ​ដល់​ពេល​គាត់​ទៅ​តុលាការ ​គាត់​ទៅ​និយាយ​ការណ៍​ពិត​មួយ​ទៀត។​ រួច​គាត់​មក​ចោទ​យើង​ថា ​សហការី​យើង​ណែនាំ​គាត់​មិន​ឲ្យ​និយាយ​ការណ៍​ពិត»។

ប្រធាន​អង្គការ​សិទ្ធិ​មនុស្សអាដហុក​បន្ត​ថា ​មន្ត្រី​របស់​លោក​គ្មាន​ជម្រើស​ក្រៅពី​ការ​ទៅ​បំភ្លឺ​ទេ​ ព្រោះ​មាន​ការ​ព្រមាន​នាំ​ខ្លួន ​បើ​មិន​ធ្វើតាម​ការ​កោះហៅ។ ​លោក​និយាយ​ដោយ​អស់​សំណើច​ជាច្រើន​ដង។

លោក ណៃ វង់ដា​ អនុប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​អាដហុក ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ​លោក​មិន​បារម្ភ​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​របស់​នាង​ ខុម ចាន់តារ៉ាទី​ និង​ការ​កោះហៅ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នោះ​ទេ។​

«ខ្ញុំ​ក៏​គ្មាន​អី​ព្រួយ​បារម្ភ​ដែរ ​ព្រោះ​កិច្ចការ​ដែល​ខ្ញុំ​ធ្វើ​គឺ​អ្វី​ដែល​ត្រូវ​តាម​គោលការណ៍​របស់​សមាគម​អាដហុក ​ហើយ​ត្រឹម​ត្រូវ​តាម​គោល​ការណ៍​ច្បាប់»។

រូបឯកសារ៖ កញ្ញា ខំ ចាន់តារ៉ាទី ឬ ឈ្មោះ ស្រីមុំ ដែល​ត្រូវ​បាន​គេ​ចោទ​ថា​ជា​ស្រី​កំណាន់​របស់​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​ជំទាស់ បាន​បង្ហាញ​ខ្លួន​បំភ្លឺ​ករណី​ចោទ​ប្រកាន់​នេះ នៅ​ឯ​ស្នាក់ការ​អង្គការ​អាដហុក ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី៩ ខែមីនា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)
រូបឯកសារ៖ កញ្ញា ខំ ចាន់តារ៉ាទី ឬ ឈ្មោះ ស្រីមុំ ដែល​ត្រូវ​បាន​គេ​ចោទ​ថា​ជា​ស្រី​កំណាន់​របស់​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​ជំទាស់ បាន​បង្ហាញ​ខ្លួន​បំភ្លឺ​ករណី​ចោទ​ប្រកាន់​នេះ នៅ​ឯ​ស្នាក់ការ​អង្គការ​អាដហុក ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី៩ ខែមីនា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)

នាង ​ខុម ចាន់តារ៉ាទី​ បាន​កែប្រែ​ចម្លើយ​របស់​នាង​នៅ​អង្គការ​អាដហុក​ នៅ​ពេល​នាង​ត្រូវ​តុលាការ​រាជធានី​ភ្នំពេញ​កោះហៅ​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន។ នាង​បាន​ដាក់​ពាក្យ​ប្តឹង​នៅ​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ​ទាមទារ​ជំងឺ​ចិត្ត​គិត​ជា​ទឹក​ប្រាក់​ចំនួន​៣០​ម៉ឺន​ដុល្លារ​ពី​លោក ​កឹម សុខា ​និង​ជន​ពាក់​ព័ន្ធ​ដទៃ​ទៀត។​

លោក​ អំ សំអាត​ ប្រធាន​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​ដែល​ចូលរួម​សន្និសីទ​នៅ​ថ្ងៃ​អង្គារ​នេះ ​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​សិទ្ធិ​មនុស្ស​កម្ពុជា​(CHRAC)​ បាន​ប្រាប់​ VOA​ ថា ​ករណី​របស់​នាង ខុម ចាន់តារ៉ាទី ដែល​បាន​កែប្រែ​ចម្លើយ​ចុះ​ឡើង​នេះ​ បង្ហាញ​ពី​ការ​ភ័យ​ខ្លាច​របស់​នាង​ដែល​មាន​ន័យ​ថា​ ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ទន់ខ្សោយ។​

លោក អំ សំអាត ថ្លែង​ប្រាប់ VOA ថា៖ «ជា​ធម្មតា​ដែល​ខ្ញុំ​សង្កេត​ឃើញ​ជា​រឿយៗ​មក​ ការ​ដូរ​ចម្លើយ​នេះ​វា​ច្រើនតែ​ទទួល​នូវ​បញ្ហា​ផ្សេងៗ​ ដូច​ជា​ការ​មាន​សម្ពាធ​ ឬក៏​ការ​សន្យា​អ្វីមួយ​សម្រាប់​មនុស្ស​ណា​ម្នាក់។​ យើង​ឃើញ​ថា​ ម្នាក់ៗ​គាត់​ចេះតែ​ផ្លាស់​ប្តូរ​ចម្លើយ​នេះ ​ចម្លើយ​នោះ​ទៅ​តាម​អ្វី​ដែល​ជា​ផល​ប្រយោជន៍​របស់​គាត់​ចង់​បាន។​ អា​នេះ​ដែល​យើង​សង្កេត​ឃើញ​កន្លង​មក​នោះ​ណា៎»។

លោក​និយាយ​ថា ​តាម​បទ​ពិសោធន៍ ​ព័ត៌មាន​ដំបូង​ពេលជនរងគ្រោះ​មក​សុំ​ឲ្យ​អង្គការ​សិទ្ធិ​មនុស្ស​ជួយ​នោះ ​ច្រើន​ជា​រឿង​ពិត ​ដែលមិន​មាន​ការ​គាប​សង្កត់។

មន្ត្រី​សិទ្ធិ​មនុស្ស​៥នាក់​របស់​អង្គការ​អាដហុក​ ដែល​ត្រូវអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កោះ​ហៅ​នោះ​ រួម​មាន​លោក​ នី សុខា ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​ អ្នកស្រី ​លឹម មុនី មន្ត្រី​អង្កេត​ជាន់​ខ្ពស់ ​អ្នកស្រី​ ទ្រី ឈួន​ ធ្លាប់​ជា​មេធាវី​របស់​អ្នក​នាង ខុម ចាន់តារ៉ាទី​ ឬ​ ស្រី​មុំ ​ហើយ​នឹង​លោក​ យី សុខសាន្ត​ និង​លោក ​ណៃ វ៉ង់ដា​ ដែល​អ្នក​ទាំង​ពីរ​ជា​អនុប្រធាន​ផ្នែក​ស៊ើប​អង្កេត។​

ក្រៅ​ពី​មន្ត្រី​សិទ្ធិ​មនុស្ស​៥នាក់​នេះ ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ក៏​បាន​កោះហៅ​លោក​ នី ចរិយា ​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ និង​ជា​អតីតមន្ត្រី​អាដហុក​ អ្នកស្រី ធីតា ឃឹះ ​ប្រធាន​អង្គការ​សីលការ និង​លោក ​សឺន សាលី ​មន្ត្រី​នៃ​ការិយាល័យ​ឧត្ដម​ស្នងការ​អ.ស.ប.​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា។

​បណ្តឹង​របស់​ស្រី​នាង ស្រីមុំ​ ធ្វើ​ឡើងចំ​ថ្ងៃ​ដែល​សមាគម​អាដហុក​ប្រកាស​ឈប់​ផ្តល់​មេធាវី​ការពារ​ក្តី​ឲ្យ​រូប​នាង។​ បណ្តឹង​របស់​នាងធ្វើ​ឡើង​មិន​ដល់​មួយ​សប្តាហ៍​ផង​ ក្រោយ​ពី​នាង​បាន​ចូល​ទៅ​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​ ទាក់​ទិន​នឹង​ខ្សែ​អាត់​សំឡេង​ស្នេហា​ដែល​គេ​សង្ស័យ​ថា​ ជា​សំឡេង​របស់​នាង​ និង​សំឡេង​របស់​លោក​ កឹម​ សុខា។​ ការ​ចូលខ្លួន​របស់​នាង​នា​ពេល​នោះ ​គឺ​ធ្វើ​ទៅ​តាម​បទ​ចោទ​ប្រកាន់​ថា​ នាង​បាន​«ផ្តល់​សក្ខីកម្ម​ក្លែងក្លាយ​ និង​ប្រព្រឹត្ត​អំពើ​ពេស្យាចារ»។ ​ការ​ចោទ​ប្រកាន់​នេះ​ធ្វើ​ឡើង​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ភេរវកម្ម​នៃ​ក្រសួង​មហាផ្ទៃ។

ម៉្យាង​វិញ​ទៀត​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​កាលពី​ថ្ងៃ​អាទិត្យ ​បាន​ឃាត់​ខ្លួន​លោក ស៊ាង ចែត​ មេឃុំ​ស្រក​ ស្រុក​កំពង់សៀម​ ខេត្ត​កំពង់ចាម ​ទាក់ទិន​នឹង​ការ​ចោទ​ប្រកាន់​របស់​នាង​ ខុម ចាន់តារ៉ាទី។​ នាង ខុម ចាន់តារ៉ាទី​ បាន​ចោទ​ប្រកាន់​ថា​ មេឃុំ​រូប​នេះ​ បាន​បញ្ចុះបញ្ចូល​ឪពុក​ម្ដាយ​របស់​នាង​ឲ្យ​ទទួល​យក​លុយ​ចំនួន​៥០០​ដុល្លារ ជា​ថ្នូរ​នឹង​ការ​ណែនាំ​នាង​មិន​ឲ្យ​និយាយ​ការណ៍​ពិត​ដែល​អាច​ប៉ះ​ពាល់​កិត្តិយស​លោក​ កឹម សុខា៕

XS
SM
MD
LG