អង្គការឃ្លាំមើលសិទ្ធិមនុស្សបានរកឃើញថាកងកម្លាំងសន្តិសុខបានប្រើប្រាស់ការរំលោភបំពានផ្លូវភេទដើម្បីបំភ័យស្ត្រី ក្មេងស្រី និងសហគមន៍រ៉ូហ៊ីងយ៉ាទាំងមូល។
អ្នកស្រាវជ្រាវអង្គការឃ្លាំមើលសិទ្ធិមនុស្ស អ្នកស្រី SKYE WHEELER បានថ្លែងថា៖
«ស្ត្រី និងក្មេងស្រីៗជាច្រើនដែលខ្ញុំបាននិយាយជាមួយត្រូវបានគេរំលោភបំពានផ្លូវភេទជាក្រុម ពេលខ្លះពួកគេត្រូវបានឧក្រិដ្ឋជនពី៩ទៅ១០នាក់បំពាន ដែលច្រើនជាទាហាន»។
វីដេអូរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សបានផ្សាយពីស្ត្រីរ៉ូហ៊ីងយ៉ាចែករំលែកពីរឿងរ៉ាវរបស់ពួកគេ។
ស្ត្រីម្នាក់ដែលត្រូវបានគេរំលោភបំពានបាននិយាយថា៖
«ខ្ញុំមានប្អូនស្រីម្នាក់។ ពួកយើងព្យាយាមរត់ប៉ុន្តែត្រូវបានក្រុមទាហានចាប់យើងទៅរំលោភ។ ខ្ញុំមានអារម្មណ៍ដូចស្លាប់»។
របាយការណ៍នោះបានចេញផ្សាយបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson ធ្វើទស្សនកិច្ចដំបូងទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ លោកមិនបានប្រើពាក្យ «បោសសម្អាតជាតិសាសន៍» ប៉ុន្តែបានបង្ហាញការព្រួយបារម្ភពីការបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរទៅលើជនជាតិភាគតិច។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Rex Tillerson បានមានប្រសាសន៍ថា៖
«អាមេរិកស្វាគមន៍ការប្តេជ្ញារបស់រដ្ឋាភិបាលដែលអនុញ្ញាតឲ្យជនភៀសខ្លួនត្រឡប់មកវិញដោយស្ម័គ្រចិត្តហើយអនុម័តការណែនាំរបស់គណៈកម្មការប្រឹក្សាយោបល់របស់រដ្ឋ Rakhine ដើម្បីបង្កើតសន្តិភាពយូរអង្វែងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចនិងគោរពសិទ្ធិមនុស្សនៅរដ្ឋ Rakhine រួមទាំងអ្នកដែលបានផ្លាស់ទីជម្រកហើយក៏ដោយ។ រួមទាំងការផ្តល់សញ្ញាតិដែលទទួលស្គាល់ដោយភាគីពាក់ព័ន្ធទាំងអស់»។
លោកស្រី អង់សាន ស៊ូជី បដិសេធចំពោះការរិះគន់ថាលោកស្រីនៅស្ងៀមមិនខ្វល់ពីភាពឈឺចាប់របស់ពូករ៉ូហ៊ីងយ៉ា។
ប្រធានក្រុមប្រឹក្សារដ្ឋប្រទេសមីយ៉ាន់ម៉ា លោកស្រី អង់សាន ស៊ូជី បានថ្លែងថា៖
«យើងមិនត្រូវភ្លេចថាមានសហគមន៍ច្រើននៅក្នុងរដ្ឋ Rakhine។ យើងមិនអាចឲ្យពួកគាត់ប្រឆាំងគ្នាក្នុងពេលឥឡូវនេះទេ។ យើងមិនអាចធ្វើសេចក្តីថ្លែងការណ៍ណាដែលធ្វើឲ្យពួកគេកាន់តែបែកបាក់គ្នានោះទេ»។
លោក Tillerson បានថ្លែងថាលោកមិនគិតថាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសទាំងមូលគឺជាអ្វីដែលគួរធ្វើទេ ក៏ប៉ុន្តែលោកនឹងពិនិត្យឲ្យបានម៉ត់ចត់ទៅលើច្បាប់ដែលសភាកំពុងពិចារណា។ បើសិនជាច្បាប់នោះត្រូវអនុម័ត អាមេរិកនឹងបញ្ចប់ការហ្វឹកហ្វឺនយោធានិងការហ្វឹកហ្វាត់ក្នុងតំបន់ជាមួយនឹងមីយ៉ាន់ម៉ាទាំងអស់ ហើយនឹងដាក់បំរាមទៅលើពាណិជ្ជកម្មត្បូងជាថ្មីម្តងទៀត ដែលបំរាមនេះត្រូវបានបញ្ចប់រួចទៅហើយកាលពីឆ្នាំមុនដោយអតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា៕
ប្រែសម្រួលដោយ លឹម ហ្គេចហៀង