ក្រុមមេបញ្ជាការអំបូរ Kurd នៅក្នុងប្រទេសស៊ីរី កំពុងធ្វើការទប់ទល់នឹងការបំផ្ទុះគ្រាប់បែកអត្តឃាតនិងការឆ្មក់វាយប្រហារបែបកុម្មង់ដូដោយពួករដ្ឋឥស្លាមដែលជាកលយុទ្ធពីរ ដែលពួកសង្រ្គាមសាសនានេះចូលចិត្តប្រើនៅពេលជិតបើកវាយប្រហារទប់ទល់នឹងការវាយលុកដោយកងកម្លាំងរដ្ឋាភិបាលនៅក្នុងប្រទេសស៊ីរី ឬអ៊ីរ៉ាក់ ឬនៅពេលខ្លួនបាត់បង់ដែនដីទៅក្នុងកណ្តាប់ដៃពួកសត្រូវ។
ជាច្រើនដងមកហើយ ពួករដ្ឋឥស្លាមបានទាញយកអត្ថប្រយោជន៍ពីចលភាពនៃយុទ្ធជនរបស់ខ្លួន ដោយមានរួមបញ្ចូលការចេញចូលពីផ្នែកម្ខាងនៃព្រំដែនរវាងប្រទេសស៊ីរី និងអ៊ីរ៉ាក់ទៅកាន់ផ្នែកម្ខាងទៀត។ ការវាយប្រហារត្រូវបានធ្វើឡើងនៅកន្លែងដែលគេរំពឹងថា មិនសូវមានការវាយប្រហារនិងការប្រើជនគ្រាប់បែកអត្តឃាត និងការឆ្មក់វាយប្រហារយ៉ាងឆាប់រហ័សនៅពីក្រោយខ្សែបន្ទាត់ការពាររបស់ពួកសត្រូវ។
ការណ៍នេះបានត្រូវបង្ហាញឲ្យឃើញកាលពីមួយឆ្នាំមុននេះនៅពេលដែលក្រុមគ្មានការទ្រុឌទ្រោមនេះបានបើកធ្វើការវាយប្រហារតបតមួយដែលបានធ្វើឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ក្រុងបាកដាដ និងក្រុងដាម៉ាស មានភាពស្រឡាំងកាំងដោយវាយយកបានមកវិញនូវក្រុង Ramadi នៃប្រទេសអ៊ីរ៉ាក់នៅពេលពួករដ្ឋឥស្លាមបានប្រឈមមុខនឹងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់ដែលមានចំនួនច្រើន។ នៅស្របពេលជាមួយគ្នានោះដែរ ពួករដ្ឋឥស្លាមក៏វាយយកបានក្រុង Palmyra នៃប្រទេសស៊ីរីពីកងកម្លាំងរដ្ឋាភិបាលស៊ីរី ដែលឋិតនៅចម្ងាយ៩៥គ.ម.ពីក្រុង Ramadi ដែលជាក្រុងមួយក្នុងទីរហោដ្ឋានដែលមានកន្លែងកេរដំណែលរ៉ូម៉ាំងដ៏សំខាន់មួយក្នុងពិភពលោក៕