កងយោធាសហរដ្ឋអាមេរិក បានជួយបង្កើតអាហារសម្រន់ដែលជនជាតិអាមេរិកាំងចូលចិត្តបរិភោគដែលរួមមាន កាហ្វេកញ្ចប់ នំ Cheetos នំ cookies ដាក់ក្នុងកញ្ចប់និងអាហារសម្រន់នាំឱ្យមានថាមពល។
កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានកើនឡើងក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ នៅពេលពួកអ្នកវិទ្យាសាស្ត្រយោធាត្រូវការអភិវឌ្ឍវិធីផលិតអាហារមានទំហំតូចតែមានជីវជាតិល្អសម្រាប់យុទ្ធជន។
អ្នកស្រី Anastacia Marx de Salcedo ជាអ្នកនិពន្ធសៀវភៅអាហារមានចំណងជើងថា «Combat-Ready Kitchen: How the U.S. Military Shapes the Way You Eat»។ អ្នកស្រីនិយាយថា៖
«មានសេចក្តីត្រូវការខ្លាំងសម្រាប់ឱ្យកងយោធាអភិវឌ្ឍស្បៀងអាហារទំនើប។ ហើយការណ៍នេះមិនត្រឹមតែបង្កើតបច្ចេកទេសកែច្នៃអាហារថ្មីៗប៉ុណ្ណោះទេ តែក៏បាននាំឱ្យមានប្រព័ន្ធស្រាវជ្រាវវិទ្យាសាស្ត្រខាងម្ហូបអាហារដែលមានរហូតមកដល់សព្វថ្ងៃនេះផងដែរ។ បច្ចេកទេសនិងអាហារថ្មីៗ បានកើតចេញនៅពេលនោះ ហើយនៅក្រោយសង្គ្រាមបច្ចេកទេស អាហារថ្មីៗទាំងនោះ បានរួមបញ្ចូលទៅក្នុងការផលិតអាហារសម្រន់ជាច្រើន»។
បច្ចេកទេសថ្មីៗទាំងនេះ មានរួមបញ្ចូលការកែច្នៃអាហារដែលប្រើសម្ពាធខ្លាំងដែលធ្វើឲ្យអាហារមិនទាន់ចម្អិនឱ្យបរិភោគបានដោយមានសុវត្ថិភាព។ ដំណើរការនេះ ត្រូវបានប្រើជាអលជ្ជីនៅក្នុងអាហារខ្ចប់ដូចជាគ្រឿងជ្រលក់ guacamole salsa និង hummus ជាដើម។
Cheetos ដែលជាអាហារសម្រន់ ដែលជនជាតិអាមេរិកាំងចូលចិត្ត មានដាក់ cheese និងស្រួយ បានត្រូវផលិតដោយវិធីបង្ហួតដែលកងយោធាបានប្រើប្រាស់ដើម្បីយកទឹកពី cheese។ ការណ៍ធ្វើដូច្នេះបាន នាំឱ្យ cheese នៅបានយូរមិនខូចហើយធ្វើឱ្យស្រាលសម្រាប់ដឹកជញ្ជូនទៅឱ្យពួកទាហាននៅឯប្រទេសក្រៅ។
វិធីស្រូបយកទឹកចេញដែលភាសាអង់គ្លេសហៅថា freeze dehydration ដែលបង្កើតឡើងដើម្បីថែទុកឈាមក្នុងសមរភូមិសម្រាប់ឱ្យពួកពេទ្យអាចព្យាបាលពួកទាហានក្នុងសមរភូមិ ក៏បានត្រូវប្រើក្នុងវិស័យផលិតអាហារដែរ។
អ្នកស្រី Anastacia Marx de Salcedo ថ្លែងទៀតថា៖
«ក្រោយសង្គ្រាមវិធីសាស្ត្រស្រូបយកទឹកចេញនេះ លែងមានសេចក្តីត្រូវការទៀតហើយ។ ដូច្នេះកងយោធាក៏បានពិនិត្យមើលហើយបានសម្រេចយកបច្ចេកទេសនេះទៅអភិវឌ្ឍអាហារវិញ។ ដូច្នេះលោកអ្នកក៏មានភេសជ្ជៈ លោកអ្នកមានកាហ្វេ តែនិងស៊ុបផលិតដោយរបៀបស្រូបយកទឹកចេញសព្វថ្ងៃនេះ»។
នៅពេលដែលយានិកអវកាសនៃទីភ្នាក់ងារ NASA មិនចូលចិត្តរសជាតិនៃអាហារផលិតតាមបែបស្រូបយកទឹកចេញនេះ កងយោធា បានស្រាវជ្រាវរកវិធីធ្វើឱ្យស្បៀងអាហារមានរសជាតិជាងមុន។ ពួកអ្នកវិទ្យាសាស្ត្រយោធាបានដឹងថា ក្រុមហ៊ុនផលិតអាហារសត្វចិញ្ចឹមក្នុងផ្ទះ កំពុងស្វែងរកវិធីដើម្បីបន្ថយកម្រិតទឹកឱ្យបានល្មមគ្រប់គ្រាន់ដើម្បីបញ្ចៀសកុំឱ្យមានបាក់តេរីនិងដុះផ្សិត ហើយធ្វើឱ្យអាហារមានសុវត្ថិភាព។
អ្នកស្រី Anastacia Marx de Salcedo និយាយថា «ក្រោយពីកងយោធាបានរកឃើញវិធីនេះ គេអាចរក្សាទុកអាហារដែលនៅមានជាតិសើមក្នុងបន្ទប់មានសីតុណ្ហភាពធម្មតាជាមួយការវេចខ្ចប់ធម្មតា។ ជាការពិតរបៀបនេះ មិនមែនត្រូវប្រើសម្រាប់តែអាហារមានទំហំតូចតែមានជីវជាតិធ្វើធ្វើឱ្យរាងកាយមានកម្លាំងប៉ុណ្ណោះទេ គេថែមទាំងយកវិធីនេះទៅប្រើប្រាស់នៅក្នុងនំផងដែរ។ ប្រសិនបើលោកអ្នកទៅកន្លែងលក់អាហារលោកអ្នកឃើញនុំ cookies មានសំណើម និងស្រួលទំពារដែលបានត្រូវផលិតតាមបច្ចេទេសបានមកពីការស្រាវជ្រាវរបស់កងយោធា»។
កងយោធា ក៏បានបង្កើតអាហារសម្រន់មានសូកូឡាខាងក្រៅដែលគេបានឃើញនៅអឺរ៉ុបដែលពួកទាហានដាក់ក្នុងហោប៉ៅហើយសូកូឡាមិនរលាយភ្លាមៗទេ។ នេះជារបៀបដែលស្ករគ្រាប់ M&M ចាប់កំណើត។ សព្វថ្ងៃនេះ បណ្តាក្រុមហ៊ុនធំៗដែលចុះកុងត្រាជាមួយកងយោធានៅតែស្រាវជ្រាវតទៅទៀតដើម្បីបង្កើតសូកូឡាមិនរលាយនៅពេលមានសីតុណ្ហភាពខ្ពស់ខ្លាំង។
អ្វីដែលវិទ្យាសាស្ត្រអាហាររបស់កងយោធាបានរកឃើញថ្មី គឺអាហារតូចៗដែលបានត្រូវបង្រួមឲ្យមកនៅត្រឹមមួយភាគបីនៃទំហំធម្មតា តែនៅណែនតាន់។
អ្នកស្រី Anastacia Marx de Salcedo និយាយថា៖
«ពួកគេប្រើ microwave ដើម្បីបន្ថយសារធាតុទឹកក្នុងអាហារគឺធ្វើឱ្យអាហារមានទំហំតូច។ លោកអ្នកនឹងមានការ៉ុតតូចៗដែលស្រស់។ ការ៉ុតនេះជីវជាតិដដែលទោះណាមានទំហំតូចក៏ដោយ»។
គេនៅមិនទាន់ដឹងថាតើនៅថ្ងៃណាទើបពលរដ្ឋអាមេរិកាំង អាចរៀបចំប្រអប់អាហារថ្ងៃត្រង់យ៉ាងតូចមួយ ដើម្បីងាយស្រួលយកទៅធ្វើការរាល់ថ្ងៃទេ។
ប្រែសម្រួលដោយលោក ឈឹម សុមេធ