ការរំលោភផ្លូវភេទ កើតមានឡើងនៅគ្រប់ប្រទេសទាំងអស់ក្នុងពិភពលោក។ សេចក្តីរាយការណ៍ព័ត៌មានថ្មីៗនេះអំពីការរំលោភភេទដោយមនុស្សទាំងក្រុមនៅក្នុងប្រទេសឥណ្ឌា និងអំពើហិង្សាផ្លូវភេទនៅក្នុងសកលវិទ្យាល័យនៃសរអាបានរុញច្រានបញ្ហានេះឲ្យឡើងជាបញ្ហាចម្បងមួយ។ វីអូអេ ធ្វើការពិនិត្យមើលមធ្យោបាយខ្លះៗដែលប្រជាពលរដ្ឋអាមេរិកាំង កំពុងប្រឈមមុខនឹងបញ្ហានេះ មានតាំងពីការយល់ដឹង ការធ្វើសកម្មភាព និងការផ្តើមគំនិតនៅថ្នាក់ខ្ពស់បំផុតនៃរដ្ឋាភិបាល។
នាង Lindsay Aramayo កំពុងរៀនវិធីការពារខ្លួន នៅមហាវិទ្យាល័យមួយនៅជាយក្រុងវ៉ាស៊ីនតោន (Washington)។ នាងពន្យល់ថា៖
«ការរៀននេះជាវិធីសាស្ត្រល្អសម្រាប់ខ្ញុំ ព្រោះខ្ញុំអាចដឹងពីហេតុការណ៍នៅក្នុងសាលារៀនឯទៀត ហើយអាចការពារខ្លួនបាន»។
ជាការងាយយល់ណាស់ ថាហេតុអ្វីបានជាស្ត្រីក្មេងទាំងនេះចង់ចេះការពារខ្លួន។
ការស្រាវជ្រាវថ្មីៗនេះរបស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកឲ្យដឹងថា រវាងឆ្នាំ១៩៩៥ នឹង២០១៣ ស្រ្តីក្មេងអាយុពី ១៨ ឆ្នាំ ទៅ ២៤ ឆ្នាំ បានជូបប្រទះការរំលោភភេទ និងអំពើហិង្សាផ្លូវភេទ ខ្ពស់បំផុត ប្រៀបធៀបនឹងក្រុមស្ត្រីវ័យផ្សេងទៀត។
ករណីជាច្រើនបានកើតឡើង នៅតាមមហាវិទ្យាល័យនិងសាកលវិទ្យាល័យនៃប្រទេសអាមេរិក។ អ្នកគ្រប់គ្រងសន្តិសុខបរិវេណសាលា លោក Daniel Carter ឲ្យដឹងថា វិធីការពារខ្លួនជាផ្នែកមួយនៃការទប់ស្កាត់អំពើហិង្សាផ្លូវភេទ តែមិនដោះស្រាយឬសគល់នៃបញ្ហានេះទេ។
«យើងត្រូវតែផ្លាស់ប្តូរវប្បធម៌នៃការអត់អោន ដែលបើកឲ្យជនដៃដល់ ដែលជាមនុស្សចម្លែកផងនិងអ្នកស្គាល់គ្នាផង អាចរំលោភភេទបានជាថ្មីទៀត។ យើងមានសង្គមមួយដែលទទួលយករឿងអពមង្គលបែបនេះ ហើយបែរជាធ្វើមិនឃើញ»។
នៅខែតុលា ឆ្នាំ២០០៨ នាង Kassie Edwards ត្រូវបានគេចាប់រំលោភនៅសាកលវិទ្យាល័យរបស់នាង នៅរដ្ឋ Florida ពេលនាងកំពុងធ្វើការនៅបណ្ណាល័យ។
«ខ្ញុំកាន់សៀវភៅជាច្រើនក្បាល ដើម្បីយកទៅដាក់ក្នុងទូសៀវភៅវិញ។ ពេលនោះខ្ញុំឃើញបុរសម្នាក់ ពាក់អាវមានមួក ឋិតនៅមិនឆ្ងាយខ្ញុំ។ ខ្ញុំមិនចាប់អារម្មណ៍ទេ ហើយបានដើរយកសៀវភៅទៅទុក។ ភ្លាមនោះ បុរសនោះដើរមកពីក្រោយខ្ញុំ ក្រៀកកផ្តួលខ្ញុំ ហើយចាប់រំលោភខ្ញុំ»។
នាង Kassie បានរាយការណ៍ទៅប៉ូលីស តែជននោះមិនត្រូវចាប់ខ្លួនភ្លាមទេ ព្រោះក្រោយមកគាត់បានរំលោភស្ត្រីបីនាក់ទៀត មុននឹងប៉ូលិសចាប់ខ្លួនហើយកាត់ឲ្យមានទោស ពីបទរំលោភភេទនិងសម្លាប់មិត្តស្រីរបស់គាត់។
ក្រោយពីការរំលោភភេទ នាង Kassie បានទាក់ទងជាមួយជនរងគ្រោះផ្សេងទៀត។
«ការដែលខ្ញុំនិយាយចេញ បានជួយឲ្យជនរងគ្រោះឯទៀតយល់ថា ពួកគេមិនត្រូវអៀនខ្មាស់ទេ។
នាង Kassie បានធ្វើការជាមួយនឹងរដ្ឋបាលលោក អូបាម៉ា ដើម្បីធ្វើយុទ្ធនាការបញ្ឈប់អំពើហិង្សាផ្លូវភេទនៅតាមសាកលវិទ្យាល័យ។
យុទ្ធនាការនេះ មានរួមសេចក្តីប្រកាសជាសេវាកម្មសាធារណៈ ដោយតារាភាពយន្ត តន្ត្រីករ និងអ្នកនយោបាយ រួមទាំងលោកប្រធានាធិបតី។
«ទាំងក្នុងវិស័យកីឡា វប្បធម៌ប្រជាប្រីយ និងវិស័យនយោបាយ សង្គមរបស់យើងនៅតែមិនផ្តល់តម្លៃគ្រប់គ្រាន់ឲ្យស្ត្រីទេ។ យើងនៅតែមិនទាន់ផ្តន្ទាទោសការរំលោភផ្លូវភេទឲ្យបានខ្លាំងក្លាទេ។ យើងនៅតែរកលេស។ យើងបែរមុខចេញ។ សារទាំងអស់នេះ ធ្វើឲ្យស្ត្រីវ័យក្មេងរបស់យើងមានការភិតភ័យ»។
ពេលនេះ ក្តីសង្ឃឹមគឺថា នៅថ្ងៃណាមួយ ស្ត្រីគ្រប់វ័យទាំងអស់ នឹងអាចដើរតាមផ្លូវ និងក្នុងបរិវេណសាលារបស់សហរដ្ឋអាមេរិក ដោយមិនមានការភ័យខ្លាចអ្វីទាំងអស់៕
ប្រែសម្រួលដោយ កែរ យ៉ាន