ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ចេញ​ផ្សាយ​របាយការណ៍​ពី​អំពើ​ហិង្សា​លើ​កុមារ


មន្ត្រី​រដ្ឋាភិបាល​ ​មន្ត្រីសង្គម​ស៊ីវិល​​ធ្វើសន្និសីទ​​អំពី​ការ​​របាយ​ការណ៍​​​ស្តីពី​​អំពើ​ហិង្សា​លើ​កុមារ។​​
មន្ត្រី​រដ្ឋាភិបាល​ ​មន្ត្រីសង្គម​ស៊ីវិល​​ធ្វើសន្និសីទ​​អំពី​ការ​​របាយ​ការណ៍​​​ស្តីពី​​អំពើ​ហិង្សា​លើ​កុមារ។​​

របាយការណ៍​ស្រាវជ្រាវ​ថ្មី​មួយ​បាន​រក​ឃើញ​ថា​មាន​កុមារ​កម្ពុជា​ជាង​ពាក់​កណ្ដាល​ធ្លាប់​ទទួល​រង​អំពើ​ហិង្សា​យ៉ាង​ហោច​ណាស់មួយ​ទម្រង់​នៅ​មុន​ពេល​ដែល​ពួកគេ​មាន​អាយុ​១៨​ឆ្នាំ។​ ហើយ​មាន​កុមារ​កម្ពុជា​ប្រមាណ​ជា​មួយ​ភាគ​បួន​ទទួលរង​ការ​រំលោភ​បំពាន​ផ្លូវចិត្ដ​ និង​៥​ភាគរយ ​ទទួល​រង​ការរំលោភ​បំពាន​ផ្លូវភេទ​មុន​អាយុ១៨​ឆ្នាំ។​

របាយការណ៍​នេះ​រៀបចំ​ឡើង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ជំនួយ​របស់​អង្គការសហប្រជា​ជាតិនិង​សហរដ្ឋ​អាមេរិក​ហើយត្រូវ​បាន​ចេញ​ផ្សាយ​នៅថ្ងៃ​ពុធ​នេះ​បន្ទាប់​ពី​ធ្វើ​ការ​ស្រាវជ្រាវ​ក្នុង​ឆ្នាំ​២០១៣។

ការស្រាវជ្រាវ​ផ្តោ​ត​លើ​កុមារ​និង​មនុស្ស​វ័យក្មេង​ ដែល​មាន​អាយុ​ពី​១៣ ​ដល់​២៤​ឆ្នាំ ​ចំនួន​ ២.៣៧៦​នាក់​មកពី​ទូទាំង​ប្រទេស​ដោយ​ស្នើ​ឱ្យ​ពួកគេ​ប្រាប់​ពី​បទពិសោធអំពើ​ហិង្សា​ផ្លូវកាយ ​ផ្លូវចិត្ដ​ និង​ផ្លូវភេទ​ដែល​ពួកគេ​ធ្លាប់​ជួប​ប្រទះ​មុន​អាយុ​១៨​ឆ្នាំ។

ការអង្កេត​លើ​អំពើ​ហិង្សា​លើ​កុមារ​នៅ​កម្ពុជា​បាន​បង្ហាញ​ថា ​ជា​ធម្មតា ​កុមារ​ទទួល​រង​ការរំលោភ​បំពាន​លើ​ផ្លូវកាយ​ពី​មនុស្ស​ដែល​ពួកគេ​ស្គាល់​និង​ជឿ​ទុកចិត្ដ ពោល​គឺ​ឪពុកម្ដាយ​ (ជាពិសេស​ម្ដាយ)​ និង​គ្រូបង្រៀន​ (ជាពិសេស​គ្រូ​ប្រុស) ​តែម្ដង។ អ្នក​ជិតខាង ​មិត្ដភក្ដិ​ គូកំណាន់ ​និង​សមាជិក​គ្រួសារ​ ត្រូវ​បាន​រកឃើញ​ថា​ជា​អ្នក​ដែលប្រព្រឹត្ដ​ការរំលោភ​បំពាន​ផ្លូវ​ភេទ​ញឹកញាប់​ជាង​គេ​លើ​កុមារ​ - ពោល​គឺ​មិន​មែន​ជា​ជនចម្លែក​ដែល​កុមារ​មិន​ស្គាល់​នោះ​ទេ។

តំណាង​ពិសេស​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​អំពើ​ហិង្សា​លើ​កុមារ​ លោកស្រី​ ម៉ាតា សានតូប៉េស ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​៖ ​«ការលុប​បំបាត់​រាល់​ទម្រង់​នៃ​អំពើ​ហិង្សា​លើ​កុមារ​ ត្រូវតែ​ជា​សូចនាករ​ស្នូល​មួយ​នៃ​ការលើក​កម្ពស់​សេវា​សង្គម​របស់​ជាតិ។ សូចនាករ​នេះ​គួរតែ​ជា​ព័ត៌មាន​យោង ​សម្រាប់​គ្រប់​វិស័យ​ទាំងអស់​របស់​រដ្ឋាភិបាល​ សម្រាប់​ការរៀបចំ​ថវិកា​ផង ​និង​យន្ដការ​សម្រប​សម្រួល​ដែល​ពាក់ព័ន្ធ​ ដោយ​មាន​ការដាក់ចេញ​នូវ​ផែនការ ពិនិត្យ​តាមដាន​ និង​វាយ​តម្លៃ​ច្បាស់​លាស់​ ដើម្បី​វាយ​តម្លៃ​វឌ្ឍនភាព ​និង​រក្សា​នូវ​ជោគជ័យ​ដែល​សម្រេច​បាន​កន្លង​មក»៕

XS
SM
MD
LG