នាពេលបច្ចុប្បន្ននេះ អ្នកស្រី Maria Ressa ដែលជានិពន្ធនាយកនៃគេហទំព័រព័ត៌មាន Rappler.com កំពុងប្រឈមនឹងបទចោទប្រកាន់បរិហារកេរ្តិ៍តាមអ៊ីនធឺណិត។
អ្នកតាមដានស្ថានការណ៍នានាបាននិយាយថា រដ្ឋាភិបាលរបស់លោក Duterte ដែលគ្រប់គ្រងអំណាចបានជិត ៣ ឆ្នាំមកហើយ បានប្រឆាំងទៅនឹងអត្ថបទមួយចំនួនរបស់គេហទំព័រ Rappler.com ដែលបានរិះគន់យុទ្ធនាការបង្ក្រាបគ្រឿងញៀនរបស់រដ្ឋាភិបាល និងរិះគន់លើបញ្ហានានានៅក្នុងវិស័យយោធាហ្វីលីពីន ក្នុងចំណោមបញ្ហារសើបផ្សេងៗទៀត។
លោក Ramon Casiple នាយកប្រតិបត្តិនៃវិទ្យាស្ថានកំណែទម្រង់នយោបាយ និងការបោះឆ្នោត (Institute for Political and Electoral Reform) ដែលជាអង្គការតស៊ូមតិមួយនៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន និយាយថា៖ «បញ្ហាមួយចំនួនក្នុងចំណោមនេះគឺពិតជាធ្វើឲ្យការិយាល័យប្រធានាធិបតីមិនសប្បាយចិត្ត។ ឧទាហរណ៍ដូចជាបញ្ហាផ្ទៃក្នុងរបស់យោធាជាដើម ដែលវាទំនងជាធ្វើឲ្យរដ្ឋាភិបាលមានការក្ដៅក្រហាយ»។
អ្នកស្រី Maria Ressa ដែលជានាយិកាគ្រប់គ្រងគេហទំព័រ Rappler.com នេះផងដែរ បានចំណាយពេលពេញមួយយប់នៅមន្ទីរឃុំឃាំងរបស់ការិយាល័យជាតិស៊ើបអង្កេត រហូតដល់ពេលដែលចៅក្រមតុលាការក្រុងម៉ានីលអនុញ្ញាតឲ្យអ្នកស្រីដាក់ប្រាក់ធានាចំនួន ១.៩០៥ ដុល្លារអាមេរិក ដើម្បីបាននៅក្រៅឃុំ កាលពីថ្ងៃទី ១៣ ខែកុម្ភៈកន្លងទៅនេះ។ នេះបើយោងតាមគេហទំព័រ Rappler.com។
លោក Eduardo Araral សាស្ត្រាចារ្យមហាវិទ្យាល័យគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យជាតិសិង្ហបុរី បាននិយាយថា អ្នករិះគន់ដែលមានបញ្ហាផ្លូវច្បាប់ពីមុនស្រាប់គឺងាយស្រួលនឹងត្រូវគេចោទប្រកាន់ចាប់ខ្លួនណាស់ ហើយអ្នកស្រី Ressa ក៏ស្ថិតក្នុងចំណោមនោះផងដែរ។
ក្រុមហ៊ុនព័ត៌មាន Rappler របស់អ្នកស្រី បានប្រឈមនឹងបទចោទប្រកាន់គេចមិនបង់ពន្ធរួចមកហើយ ដែលអាចឲ្យគេបិទក្រុមហ៊ុននោះបាន។
លោក Araral និយាយដូច្នេះថា៖ «មានអ្នករិះគន់លោក Duterte ជាច្រើន ប៉ុន្តែពួកគេគ្មានកត្តាងាយរងគ្រោះដូចជាអ្នកស្រី Maria Ressa នោះទេ ហេតុដូច្នេះហើយបានជាលោក Duterte មិនបានចាត់វិធានការប្រឆាំងនឹងអ្នករិះគន់ផ្សេងទៀត»។
រឿងរសើប
គេហទំព័រព័ត៌មាន Rappler បានចេញផ្សាយរឿងជាច្រើនដែលរិះគន់រដ្ឋាភិបាលហ្វីលីពីនទាក់ទងនឹងការសម្លាប់ក្រៅប្រព័ន្ធតុលាការនៅក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់លោក Duterte និងទាក់ទងនឹងគម្លាតនៅក្នុងការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេស។
សេចក្ដីរាយការណ៍របស់គេហទំព័រ Rappler នេះអំពីយោធាហ្វីលីពីន បានចោទសួរមន្ត្រីយោធាទាក់ទិននឹងការពិចារណាអំពីការចរចាឡើងវិញនៃកិច្ចព្រមព្រៀងជំនួយទៅវិញទៅមកជាមួយនឹងសហរដ្ឋអាមេរិក និងបានចោទប្រកាន់លោក Duterte ថាបានបំភ្លេចពាក្យសម្ដីបែបឆ្វេងនិយមរបស់លោកនៅក្នុងការប្រយុទ្ធប្រឆាំងនឹងពួកឧទ្ទាមកុម្មុយនិស្ត។
អ្នកវិភាគនានាជឿថា អ្នកស្រី Ressa ដែលជាអតីតអ្នករាយការណ៍ព័ត៌មានបែបស៊ើបអង្កេតឲ្យទូរទស្សន៍ CNN និងជាសហស្ថាបនិកគេហទំព័រព័ត៌មាន Rappler កាលពី ៦ ឆ្នាំមុន មានទំនាក់ទំនងជាមួយនឹងប្រភពក្នុងជួររដ្ឋាភិបាល ដែលអាចជួយផ្ដល់ព័ត៌មានដល់គេហទំព័រព័ត៌មានរបស់អ្នកស្រី។
លោក Fabrizio Bozzato អ្នកសិក្សាស្រាវជ្រាវនៃអង្គការស្រាវជ្រាវយុទ្ធសាស្ត្រតៃវ៉ាន់ (Taiwan Strategy Research) និយាយថា លោកប្រធានាធិបតី Duterte ខឹងសម្បារនឹងរឿងទាំងនេះ។
លោក Bozzato បញ្ជាក់ដូច្នេះថា៖ «គេហទំព័រ Rappler គឺពិតជាឆ្អឹងទទឹងករបស់រដ្ឋាភិបាលលោក Duterte។ ខ្ញុំយល់ថា លោក Duterte មិនចូលចិត្តការរិះគន់នោះទេ ដូច្នេះវិធានការប្រឆាំងនឹងអ្នកស្រី Maria Ressa គឺជាអ្វីដែលគេបានគិតថានឹងកើតឡើង»។
ក្រសួងយុត្តិធម៌ហ្វីលីពីនបានចោទប្រកាន់អ្នកស្រី Ressa និងក្រុមហ៊ុនគេហទំព័រព័ត៌មានរបស់អ្នកស្រីកាលពីថ្ងៃទី ៦ ខែកុម្ភៈ ទាក់ទិននឹងអត្ថបទមួយកាលពី ៧ ឆ្នាំមុន អំពីទំនាក់ទំនងដែលអាចទៅរួចរវាងពាណិជ្ជករហ្វីលីពីនម្នាក់ និងអតីតប្រធានតុលាការកំពូលហ្វីលីពីន។ អ្នកស្រីប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១២ ឆ្នាំ ប្រសិនបើត្រូវបានផ្ដន្ទាទោសពីបទបរិហារកេរ្តិ៍តាមអ៊ីនធឺណិត។
អ្នកកាសែត និងអង្គការសិទ្ធិមនុស្សបរទេសនានាបានការពារអ្នកស្រី Ressa តាំងពីអ្នកស្រីត្រូវបានចាប់ខ្លួនម្ល៉េះ។
លោក Christophe Deloire អគ្គលេខាធិការអង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders) បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសមួយថា ការចោទប្រកាន់លើអ្នកស្រី Ressa គឺជារឿង «អយុត្តិធម៌ និងជាការប៉ុនប៉ងដើម្បីរារាំងប្រព័ន្ធផ្សព្វផ្សាយមួយ និងនិពន្ធនាយករបស់ប្រព័ន្ធផ្សព្វផ្សាយនោះ ដែលគេទទួលស្គាល់ជាអន្តរជាតិថាមានវិជ្ជាជីវៈ និងឯករាជ្យភាព»។
វិធានការតឹងតែងលើប្រព័ន្ធផ្សព្វផ្សាយ
របាយការណ៍របស់អង្គការអ្នកកាសែតគ្មានព្រំដែនស្ដីពីសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ ២០១៨ បានបញ្ជាក់ថា ប្រទេសហ្វីលីពីនមានចំណាត់ថ្នាក់ទី ១៣៣ ក្នុងចំណោមប្រទេសចំនួន ១៨០ ទាក់ទិននឹងសេរីភាពសារព័ត៌មាន។
អ្នកជំនាញផ្នែកនយោបាយនានាបាននិយាយថា ជាទូទៅ លោក Duterte វាយប្រហារលើអ្នករិះគន់ដោយការរិះគន់ជាពាក្យសម្ដី ឬតាមមធ្យោបាយផ្លូវច្បាប់នានា។
លោក Duterte បានហៅអតីតប្រធានាធិបតីអាមេរិកលោក Barack Obama ថា «កូនស្រីពេស្យា» កាលពីឆ្នាំ ២០១៦ ទាក់ទិននឹងការលើកឡើងរបស់លោក Obama អំពីយុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់លោក។
អ្នកស្រី Leila de Lima ដែលជាសមាជិកព្រឹទ្ធសភានិយាយមិនសំចៃមាត់ខាងគណបក្សប្រឆាំងហ្វីលីពីន ត្រូវបានគេស្រង់សម្ដីដោយនិយាយថា រដ្ឋាភិបាលបានបង្កើតបទចោទប្រកាន់មួយចំនួន ដើម្បីចាប់ខ្លួនអ្នកស្រីកាលពីឆ្នាំ ២០១៧។ អ្នកស្រីត្រូវបានចោទប្រកាន់ថាបានផ្ដល់ទីជម្រកដល់មេខ្លោងគ្រឿងញៀន៕
ប្រែសម្រួលដោយ ភី សុភាដា