អ្នកស្រី ទេព វន្នី ម្ចាស់ពានរង្វាន់ Vital Voices Global Partnership នៅសហរដ្ឋអាមេរិក និងសកម្មជនដីធ្លីនៃសហគមន៍បឹងកក់ដ៏ល្បីល្បាញ សកម្មជនចំនួនប្រាំមួយនាក់ផ្សេងទៀតត្រូវតុលាការក្រុងភ្នំពេញផ្តន្ទាទោសនៅថ្ងៃអង្គារនេះឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗចំនួនមួយឆ្នាំនិងពិន័យជាប្រាក់ក្នុងម្នាក់ៗពីរលានរៀលឬស្មើនឹងប្រមាណ៥០០ដុល្លារអាមេរិក។
ស្ត្រីទាំងប្រាំពីរនាក់រួមមានអ្នកស្រីទេព វន្នី អ្នកស្រីង៉ែត ឃុន ហៅម៉ាំមី អ្នកស្រីគង់ ចន្ថា អ្នកស្រីបូ ឆវី អ្នកស្រីសុង ស្រីលាភ អ្នកស្រីណង ស្រេង និងអ្នកស្រីផាន ឈុនរ៉េតត្រូវបានចាប់ខ្លួនកាលពីថ្ងៃច័ន្ទម្សិលមិញនេះ ក្រោយពីពួកគាត់បានប៉ុនប៉ងបិទកំណាត់មហាវិថីព្រះមុន្នីវង្សដើម្បីជំរុញឲ្យអាជ្ញាធរសាលារាជធានីភ្នំពេញដោះស្រាយប្រព័ន្ធបង្ហូរទឹកជំនន់ដែលធ្វើឲ្យលិចលំនៅដ្ឋានរបស់ពួកគាត់។
តុលាការបានចោទប្រកាន់ពួកគាត់ពីបង្កឧបសគ្គធ្វើឲ្យរាំងស្ទះចរាចរណ៍សាធារណៈ។
ក្រោយពីសវនាការអស់រយៈពេលជាងបីម៉ោង លោកចៅក្រមម៉ុង មុន្នីសោភាបានប្រកាសថា ស្ត្រីទាំងប្រាំពីររូប«បង្កឧបសគ្គដល់ចរារចរណ៍»សាធារណៈតាមមាត្រាទី៧៨នៃច្បាប់ស្តីពីចរាចរណ៍ជើងគោក ហើយពួកគាត់គឺជាអ្នកទទួលខុសត្រូវចំពោះទង្វើនេះ។
លោកចៅក្រមជំនុំជម្រះក៏បានបង្គាប់ឲ្យឃុំខ្លួនសកម្មជនដីធ្លីទាំងប្រាំពីរនាក់នៅពន្ធនាគារព្រៃសភ្លាមៗ ក្រោយពីសម្រេចដាក់ទោសពួកគាត់រួចមក។
ក្នុងចំណោមស្ត្រីទាំងនេះមានប្រាំនាក់ធ្លាប់ត្រូវបានតុលាការក្រុងភ្នំពេញផ្តន្ទាទោសឲ្យជាប់ពន្ធនាគារចំនួនពីរឆ្នាំ ប៉ុន្តែត្រូវដោះលែងឲ្យមានសេរីភាពជាបណ្តោះអាសន្ន។
ស្ត្រីទាំងប្រាំពីរនាក់ ដែលបានប្រកាសនៅក្នុងបន្ទប់ជំនុំជម្រះដោយត្រៀមខ្លួនចូលគុកជាមុននោះ បានស្រែកថា នោះគឺជាការសម្រេចក្តីដោយភាពអយុត្តិធម៌។
សកម្មជនដីធ្លីជាច្រើនបានរង់ចាំនិងស្រែកទាមទារឲ្យដោះលែងជនជាប់ចោទពីក្រៅរបងតុលាការ។
ដោយឡែកសកម្មជនដីធ្លីដែលត្រូវផ្តន្ទាទោសបានស្រែកលាពួកគេ នៅពេលដែលរថយន្តដឹកជញ្ជូនពួកគេឆ្ពោះទៅកាន់មន្ទីរឃុំឃាំងព្រៃស។
នៅក្នុងសវនាការ មេធាវីចំនួនបួនរូបបានស្នើឲ្យតុលាការកាត់ទោសកូនក្តីរបស់ខ្លួន ដោយប្រើច្បាប់ស្តីពីការធ្វើបាតុកម្មឲ្យស្របទៅនឹងសកម្មភាពតវ៉ារបស់ស្ត្រីសកម្មជនបឹងកក់ទាំងប្រាំពីររូប។ ប៉ុន្តែតុលាការមិនបានទទួលយកសំណើនេះទេ។ ច្បាប់ស្តីពីបាតុកម្មមិនមានការចែងដាក់ទោសពន្ធនាគារនោះទេ។
ក្រុមសហគមន៍បឹងកក់បានបដិសេធថា ពួកខ្លួនមិនបានបង្កឲ្យមានការស្ទះចរាចរណ៍ដូចការចោទប្រកាន់របស់ព្រះរាជអាជ្ញាលោកស៊ាង សុខនោះទេ ដោយសារក្នុងអំឡុងការតវ៉ារបស់ពួកខ្លួន យានជំនិះផ្សេងៗនៅតែធ្វើដំណើរទៅមកបាន។ ម្យ៉ាងវិញទៀត ស្ត្រីជាប់ចោទនិងមេធាវីបានទម្លាក់កំហុសថា ការធ្វើឲ្យរំខានដល់ការធ្វើដំណើរលើដងផ្លូវគឺបង្កដោយកងសន្តិសុខខណ្ឌដូនពេញ ដែលមានចំនួនច្រើនលើសលុបខុសពីចំនួនអ្នកតវ៉ា។ កងសន្តិសុខទាំងនេះបានរោមព័ទ្ធចាប់ក្រុមអ្នកតវ៉ា។ ដោយឡែកលោកព្រះរាជអាជ្ញាស៊ាង សុខ និងលោកវរសនីយ៍ទោចេវ ហេង ប្រធានការិយាល័យនគរបាលចរាចរណ៍ជើងគោកក្រុងភ្នំពេញ បានដាក់កំហុសថា ក្រុមអ្នកតវ៉ា ដែលត្រូវចាប់ខ្លួននោះ មានកំហុសពីបទមានចេតនាបិទផ្លូវនិងបានបង្កឲ្យមានការរាំងស្ទះការធ្វើដំណើររបស់ប្រជាពលរដ្ឋតាមដងផ្លូវ។
លោកហម ស៊ុនរិទ្ធ មេធាវីម្នាក់ក្នុងចំណោមមេធាវីទាំងបួននាក់របស់ស្ត្រីអ្នកភូមិបឹងកក់ និយាយក្រោយពីការសម្រេចទោសថា ការដាក់ទោសស្ត្រីបឹងកក់ទាំងប្រាំពីររូបនឹងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅក្នុងគ្រួសាររបស់ពួកគេដែលជាស្ត្រីមេផ្ទះ។
«យើងមានការសោកស្តាយដែលជនជាប់ចោទទាំងអស់ត្រូវបញ្ជូនទៅដាក់ពន្ធនាគារ។ អ្នកទាំងអស់គឺជាមេផ្ទះដែលផ្គត់ផ្គង់ជីវភាពគ្រួសារ»។
ដោយឡែក លោកអំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូអធិប្បាយថា នេះជាការសម្រេចចិត្តដែលមិនមានយុត្តិធម៌។
«វាជារឿងអយុត្តិធម៌ជាទីបំផុតដោយសារគាត់ទាមទារនូវសិទ្ធិសេរីភាពនិងជីវភាព ឲ្យមានការរំដោះទឹកលិចនោះ។ រដ្ឋធម្មនុញ្ញចែងច្បាស់ថា រដ្ឋត្រូវធានានូវសុខុមាលភាពរបស់ប្រជាពលរដ្ឋ»។
សូមបញ្ជាក់ថា នៅក្នុងពេលដែលសាលាដំបូងរាជធានីភ្នំពេញកំពុងសាកសួរជនជាប់ចោទដែលជាសកម្មជនទំនាស់ដីធ្លីបឹងកក់ទាំងប្រាំពីរនាក់នៅព្រឹកថ្ងៃអង្គារនេះ មានប្រជាពលរដ្ឋប្រមាណជា៥០នាក់មកពីសហគមន៍បឹងកក់និងសហគមន៍ដែលរងគ្រោះដោយសារទំនាស់ដីធ្លីក្នុងទីក្រុងភ្នំពេញបានតវ៉ាទាមទារឲ្យតុលាការដោះលែងជនជាប់ចោទ។
ក្នុងពេលជាមួយគ្នានោះ កងសន្តិសុខ រួមទាំងកងនគរបាលបង្រ្កាបបាតុកម្មផង បានបង្រ្កាបនិងចាប់ក្រុមអ្នកតវ៉ាចំនួនបួននាក់ ក្នុងនោះមានព្រះសង្ឃមួយអង្គផងដែរ។ ព្រះសង្ឃត្រូវកងបង្រ្កាបបាតុកម្មនិងសន្តិសុខវាយសំពងនឹងដំបងផងដែរ៕