រដ្ឋសភាសហរដ្ឋអាមេរិកដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ កាលពីថ្ងៃព្រហស្បតិ៍បានអនុម័តសេចក្តីព្រាងច្បាប់មួយ ដែលនឹងដាក់បម្រាមដល់សាលារៀននិងមហាវិទ្យាល័យនានា ដែលគាំទ្រដោយរដ្ឋាភិបាលសហព័ន្ធ មិនអនុញ្ញាតឱ្យក្រុមកីឡាការិនី ដែលបានកែភេទមកពីបុរស ចូលរួមប្រកួតនៅក្នុងក្រុមកីឡាករស្រ្តីនោះឡើយ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
សេចក្តីព្រាងច្បាប់នេះ ដែលត្រូវបានអនុម័តដោយសំឡេងឆ្នោតគាំទ្រចំនួន២១៩ ទល់នឹង២០៣សំឡេងនោះ ប្រហែលមិនអាចធ្វើដំណើរទៅមុខហួសពីនេះទេ ពីព្រោះព្រឹទ្ធសភាសហរដ្ឋអាមេរិក ដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ នឹងមិនគាំទ្រសេចក្តីព្រាងច្បាប់នេះឡើយ ហើយសេតវិមានក៏និយាយផងដែរថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ក៏នឹងមិនចុះហត្ថលេខាយល់ព្រមលើច្បាប់នេះដែរ។
ក្រុមអ្នកគាំទ្រច្បាប់នេះនិយាយថា ច្បាប់នេះគឺមានភាពចាំបាច់ដើម្បីធានាឱ្យមានការប្រកួតប្រជែងមួយដោយស្មើភាពនិងត្រឹមត្រូវ។ ពួកគេលើកឡើងថាការបោះឆ្នោតគាំទ្រច្បាប់នេះ គឺគាំទ្រដល់ក្រុមកីឡាការិនី ដែលត្រូវចូលរួមប្រកួតដោយចាញ់ប្រៀប នឹងក្រុមកីឡាករដែលបានកែភេទពីភេទប្រុសទៅភេទស្រីនោះ។ ប៉ុន្តែអ្នករិះគន់ច្បាប់នេះវិញនិយាយថា នេះជាការផាត់ចេញនូវក្រុមមនុស្សដែលងាយទទួលរងគ្រោះពីការមាក់ងាយរួចទៅហើយនោះ ដើម្បីចំណេញខាងនយោបាយតែប៉ុណ្ណោះ។
ការបោះឆ្នោតអនុម័តរបស់រដ្ឋសភាសហរដ្ឋអាមេរិកនេះ កើតមានឡើង បន្ទាប់ពីរដ្ឋយ៉ាងតិចណាស់ក៏២០រដ្ឋដែរ បានដាក់បម្រាមប្រហាក់ប្រហែលគ្នានេះផងដែរ ទៅលើក្រុមកីឡាការិនី ដែលបានកែភេទពីកំណើតរបស់ខ្លួន ក្នុងកម្រិតថ្នាក់មត្តេយ្យដល់ថ្នាក់ទី១២ ឬមហាវិទ្យាល័យ។
សមាជិករដ្ឋសភាខាងគណបក្សសាធារណរដ្ឋ តំណាងឱ្យរដ្ឋ Florida លោក Greg Steube ដែលជាស្ថានិកនៃច្បាប់នេះ បានលើកយកករណីកីឡាការិនីហែលទឹកមកពីមណ្ឌលរបស់លោក គឺនាង Emma Weyant ដែលជាសមាជិកក្រុមអ្នកហែលទឹកអូឡាំពិកសហរដ្ឋអាមេរិកម្នាក់ក្នុងឆ្នាំ២០២០ ដែលបានទទួលជ័យលាភីលេខ២ ក្នុងការប្រកួតវិញ្ញាសាហែលទឹកដោយសេរីក្នុងចម្ងាយជាង៤០០ម៉ែត្រ របស់សមាគមកីឡាមហាវិទ្យាល័យជាតិ។ នាងបានហែលទឹកចាញ់កីឡាករកែភេទស្រី លោក Lia Thomas ដែលធ្លាប់បានប្រកួតអស់ពេល៣ឆ្នាំនៅក្នុងក្រុមកីឡាករហែលទឹកបុរសរបស់សាកលវិទ្យាល័យPennsylvania មុនពេលចូលរួមជាមួយក្រុមកីឡាករស្រី្តនោះ។
សមាជិករដ្ឋសភាអាមេរិកខាងគណបក្សសាធារណរដ្ឋរូបនេះ និយាយថា សុច្ចរិតភាពរបស់កីឡាការិនីពិតប្រាកដ ត្រូវតែទទួលបានការការពារ។
លោកស្រី Pramila Jayapal សមាជិករដ្ឋសភានៃគណបក្សប្រជាធិបតេយ្យ មកពីរដ្ឋវ៉ាស៊ីនតោន ដែលមានកូនស្រីកែភេទ បាននិយាយថា គណបក្សសាធារណរដ្ឋបានកេងចំណេញលើកុមារកែភេទយ៉ាងឃោរឃៅ ដើម្បីយកផលប្រយោជន៍នយោបាយ។ លោកស្រីបាននិយាយថា សិស្សកែភេទបីភាគបួនរាយការណ៍ថាបានជួបប្រទះការបៀតបៀន ឬការរើសអើងនៅសាលារៀន ហើយមនុស្សជាច្រើនចង់ធ្វើអត្តឃាត៕