ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិកពង្រឹង​ច្បាប់​ពាណិជ្ជកម្ម​​ថ្មី​សង្ឃឹម​ថា​នឹង​កាត់​បន្ថយ​អំពើទាសភាព​ក្នុង​ខ្សែ​សង្វាក់​ផលិតកម្ម​សកលលោក


រូបឯកសារ៖ ពលករ​ចំណាក​ស្រុក​ធ្វើ​ការ​នៅ​លើ​ទូក​នេសាទ​នៅ​កំពង់​ផែ​មួយ​នៅ​ខេត្ត Prachuabkhirikhant ភាគ​ខាង​ត្បូង​ប្រទេស​ថៃ កាលពី​ថ្ងៃ​អង្គារ ទី៤ ខែ​មីនា ឆ្នាំ​២០១៤។
រូបឯកសារ៖ ពលករ​ចំណាក​ស្រុក​ធ្វើ​ការ​នៅ​លើ​ទូក​នេសាទ​នៅ​កំពង់​ផែ​មួយ​នៅ​ខេត្ត Prachuabkhirikhant ភាគ​ខាង​ត្បូង​ប្រទេស​ថៃ កាលពី​ថ្ងៃ​អង្គារ ទី៤ ខែ​មីនា ឆ្នាំ​២០១៤។

យោងតាម​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) ក្រុមហ៊ុន​ពហុជាតិ​ទទួល​បាន​ប្រាក់​ចំណេញ​ប្រមាណ​១សែន​៥ម៉ឺន​លាន​ដុល្លារ ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​លើ​ផលិតផល​ដែល​បាន​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​របស់​កម្មករ​ជា​រៀងរាល់​ឆ្នាំ។

ថ្មីៗ​នេះ រដ្ឋាភិបាល​អាមេរិក​បាន​ចាត់​វិធានការ​ដ៏​តឹងរ៉ឹង ដោយ​ចេញ​ច្បាប់​ពង្រឹង​ការ​នាំចេញ​នាំចូល​ផលិតផល​មក​អាមេរិក ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម។ អ្នក​ជំនាញ​មួយ​ចំនួន​ធំ សង្ឃឹម​ថា​ច្បាប់​នេះ​នឹង​កាត់​បន្ថយ​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​ដែល​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​របស់​ពលករ និង​ជួយ​សង្គ្រោះ​ជនរងគ្រោះ​នៃ​ការងារ​បែប​ទេសភាព​នៅ​ជុំវិញ​ពិភពលោក។

រដ្ឋបាល​លោក​ប្រធានា​ធិបតី អូបាម៉ា កាលពី​ពេល​ថ្មីៗ​នេះ​ បាន​ពង្រឹងការ​ត្រួតពិនិត្យ​ទំនិញ និង​ប្រព័ន្ធ​និយតកម្ម​របស់​ខ្លួន លើ​ផលិតផល​ដែល​នាំចូល​សហរដ្ឋ​អាមេរិក ដើម្បី​ធានា​ថា ផលិតផល​ទាំង​នោះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម ការ​ជួញដូរ​មនុស្ស និង​ការងារ​បែប​ទាសភាព រួម​មាន​ឧស្សាហកម្ម​គ្រឿង​សមុទ្រ​ថៃ ដែល​មាន​ពលករ​ចំណាក​ស្រុក​ជា​ច្រើន​ធ្វើ​ការ​ក្នុង​ឧស្សាហកម្ម​នេះ។

ការ​ពង្រឹង​នេះ​ធ្វើ​ឡើង​តាមរយៈ​ការ​ធ្វើ​ច្បាប់​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា​«‍ច្បាប់​ពង្រឹង និង​សម្រួល​ដល់​ការ​នាំចេញ​នាំចូល» ឬ “Trade Facilitation and Enforcement Act”។

ជា​រៀង​រាល់ឆ្នាំ ទំនិញ​ដែល​នាំ​ចូល​សហរដ្ឋ​អាមេរិក​មាន​តម្លៃ​ប្រមាណ​១សែន​លាន​ដុល្លារ។ យោង​តាម​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) ក្រុមហ៊ុន​ពហុជាតិ​ទទួល​បាន​ប្រាក់​ចំណេញ​ប្រមាណ​១សែន​៥ម៉ឺន​លាន​ដុល្លារ ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​លើ​ផលិតផល​ដែល​បាន​បង្កើត​ឡើង​ពី​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​របស់​កម្មករ​ជា​រៀងរាល់​ឆ្នាំ។

អ្នកស្រី Karen Stauss នាយិកា​នៃ​គម្រោង​របស់​អង្គការ​ដោះលែង​ទាសករ​ដែល​មាន​ទីស្នាក់​ការ​នៅ​សហរដ្ឋ​អាមេរិក បាន​ឲ្យ​ដឹង​ថា ច្បាប់​នេះ​បាន​ផ្ញើ​សារ​ដ៏​ផុសផុល​មួយ​ដល់​ក្រុមហ៊ុន​ធំៗ​ថា ផលិតផល​ដែល​បាន​ចេញ​ពី​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​នឹង​មិន​ត្រូវបាន​ស្វាគមន៍​តទៅ​ទៀត​ទេ​នៅ​សហរដ្ឋ​អាមេរិក។

«‍ក្រុមហ៊ុន​ទាំង​នោះ​ត្រូវ​តែ​បំពេញ​ទៅ​តាម​ដំណើរការ​ផ្លូវ​ច្បាប់​នេះ ដើម្បី​ធានា​ថា ​អំពើ​ទាសភាព ឬ​ក៏​ការ​ជួញដូរ​មនុស្ស​មិនមាន​ជាប់​ពាក់ព័ន្ធ​នឹង​ផលិតផល​ដែល​ពួកគេ​ចង់​នាំ​យក​មក​លក់​នៅ​សហរដ្ឋ​អាមេរិក​នេះ»។

អ្នកស្រី​បាន​បន្ត​ថា ច្បាប់​ថ្មី​នេះ​នឹង​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ជា​ច្រើន ដូច​ជា​ក្រុមហ៊ុន​នាំចេញ​អាហារ​គ្រឿង​សមុទ្រ​របស់​ប្រទេស​ថៃ ផ្លាស់ប្តូរ​ឥរិយាបថ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​របស់​ពួកគេ។

«‍ដូច្នេះ ក្រុមហ៊ុន​នឹង​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ផ្លាស់ប្តូរ​ឥរិយាបថ​របស់​ខ្លួន ដើម្បី​ធានា​ថា​ពួក​គេ​អាច​បន្ត​លក់​ផលិតផល​របស់​ខ្លួន​នៅ​ក្នុង​ទីផ្សារ​អាមេរិក ដែល​នៅ​ទីនេះ​អំពើ​ទាសភាព​ដែល​មាន​ពាក់ព័ន្ធ​នឹង​ផលិតផល​របស់​ពួកគេ​មិន​ត្រូវបាន​អត់ឱន​តទៅ​ទៀត​ឡើយ»។

ការ​ទប់ស្កាត់​ការ​នាំចូល​ផលិតផល​ដែល​ពឹងផ្អែក​លើ​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​នេះ​គឺជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ដ៏​យូរ​អង្វែង​របស់​សហរដ្ឋ​អាមេរិក។ នេះ​បើ​យោង​តាម​លោក David Ambramowitz អនុប្រធាន​ផ្នែក​ទំនាក់ទំនង​រដ្ឋាភិបាល និង​គោលនយោបាយ​នៃ​អង្គការ​មនុស្សធម៌​រួម និង​ជា​អតីត​ប្រធាន​ក្រុមប្រឹក្សា​គណៈកម្មការ​ទទួល​បន្ទុក​កិច្ចការ​ការបរទេស​នៃរដ្ឋសភា​អាមេរិក។

«‍បញ្ហា​នេះ​គឺជា​គោលដៅ​នៃ​កិច្ចការ​គាំពារ​មតិ​ដ៏​ចម្បង​របស់​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ធំ​នៅ​សហរដ្ឋ​អាមេរិក​នេះ។ បើសិន​ជា​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​នេះ​បាន​តឹងរ៉ឹង​ល្អ នោះ​វា​អាច​នឹង​ធ្វើ​ឲ្យមាន​ការ​ផ្លាស់ប្តូរ​នៅ​ជុំវិញ​ពិភពលោក»។

លោក​បាន​សង្កត់​ធ្ងន់​ថា ច្បាប់​នេះ​នឹង​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​អាមេរិក​«‍ដាក់​សម្ពាធ​បន្ថែម» លើ​ប្រទេស​ជា​ដៃគូ​ពាណិជ្ជកម្ម​របស់​ខ្លួន ឲ្យ​យក​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស​ធ្វើ​ជា​គម្រូ​នៃ​ការ​ធ្វើ​អាជីវកម្ម​នៅ​ជុំវិញ​ពិភពលោក។ សម្ពាធ​នេះ​ក៏​បាន​កើត​មាន​ឡើង​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​សមុទ្រ​ប៉ាស៊ីហ្វិក ដែល​ប្រទេស​សិង្ហបុរី ម៉ាឡេស៊ី ព្រុយណេ និង​វៀតណាម​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ជា​សមាជិក។

«‍មាត្រា​មួយ​នៃ​កិច្ច​ព្រមព្រៀង​ TPP ទាមទារ​ឲ្យ​បណ្តា​ប្រទេស​ចូល​ជា​សមាជិក​បោះបង់​ចោល​ការ​នាំចូល​ទំនិញ​ដែល​ពាក់ព័ន្ធ​នឹង​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម»។

រីឯ អ្នកស្រី Annick Febrey ជំនួយការ​ជាន់​ខ្ពស់​នៃ​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​របស់​អង្គការ Human Rights First យល់​ថា ច្បាប់​នេះ​នឹង​រឹតបន្តឹង​លើ​ការ​ត្រួត​ពិនិត្យ​ទំនិញ​នាំ​ចូល​សហរដ្ឋ​អាមេរិក​កាន់​តែ​ខ្លាំង​ឡើង។

«‍ក្តី​សង្ឃឹម​របស់​យើង​គឺ​ថា នៅពេល​ដែល​ច្បាប់​នេះ​ត្រូវបាន​ពង្រឹង នោះ​វា​នឹង​កាត់​បន្ថយ​ប្រាក់​ចំណូល​របស់​ជន​ដៃដល់ ដែល​ជួញដូរ​មនុស្ស ឧទាហរណ៍​ដូច​ជា​ករណី​ជួញដូរ​មនុស្ស​លើ​ទូក​នេសាទ​របស់​ប្រទេស​ថៃ​ជា​ដើម»។

ប្រទេស​ថៃ​គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​នាំមុខ​គេ​ខាង​នាំចេញ​ផលិតផល​អាហារ​គ្រឿង​សមុទ្រ​ទៅ​កាន់​សហរដ្ឋ​អាមេរិក និង​សហភាព​អ៊ឺរ៉ុប។ ការ​ស៊ើប​អង្កេត​កាល​ពី​ឆ្នាំ​មុន​បាន​រកឃើញ​ ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម ការ​ជួញដូរ​មនុស្ស និង​ការ​បង្ខំ​ឲ្យ​ធ្វើ​ការងារ​បែប​ទាសភាព​មក​លើ​ពលករ​ចំណាក​ស្រុក​ពី​ប្រទេស​កម្ពុជា ភូមា ឬ​មីយ៉ាន់ម៉ា បង់ក្លាដេស និង​ជនជាតិ​ភាគតិច​រូហ៊ីងយ៉ា ដែល​ធ្វើការ​នៅ​លើ​ទូក​នេសាទ​នៅ​ក្នុង​ប្រទេស​ថៃ។ ការ​ស៊ើប​អង្កេត​នេះ​បាន​ជំរុញ​ឲ្យ​មាន​អន្តរាគមន៍​ជា​អន្តរជាតិ​ ដោយ​បាន​ជួយ​រំដោះ​ជន​រងគ្រោះ​ជាប់​លើ​ទូក​នេសាទ​ថៃ និង​ពី​កោះមួយ​នៃ​ប្រទេស​ឥណ្ឌូនេស៊ី។

លោក Ambramowitz នៃ​អង្គការ​មនុស្សធម៌​រួម បាន​អះអាង​ថា ការ​ពង្រឹង​ច្បាប់​នាំចេញ​នាំចូល​របស់​អាមេរិក​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​នេះ ក៏នឹង​បង្កើត​ជា​សម្ពាធ​បន្ថែម​ដល់​រដ្ឋាភិបាល​ថៃ​ឲ្យ​ពង្រឹង​ច្បាប់​ពាណិជ្ជកម្ម​របស់​ខ្លួន។

«‍ច្បាប់​ពាណិជ្ជកម្ម​អាមេរិក​ដែល​កាន់​តែ​មាន​ប្រសិទ្ធភាព​ជាង​មុន​នេះ​ច្បាស់​ជា​ដាក់​សម្ពាធ​បន្ថែម​ទៀត​លើ​រដ្ឋាភិបាល​ថៃ ឲ្យ​អនុវត្ត​ច្បាប់​របស់​ខ្លួន​ក្នុង​ការ​លុប​បំបាត់​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​នៅ​ក្នុង​ខ្សែ​សង្វាក់​ផលិតកម្ម​របស់​ខ្លួន។ ច្បាស់ណាស់ ប្រទេស​ថៃ​ត្រូវតែ​ធានា​ថា​កម្មករ ពលករ​លើ​ទូក​នេសាទ ដែល​ជា​ជន​ចំណាកស្រុក​ទាំង​អស់​នោះ​មិន​ធ្វើការ​នៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក​តទៅ​ទៀត​ឡើយ»។

លោក ជុំ ផល្លី អ្នក​ប្រឹក្សា​ខាង​គោល​នយោបាយ និង​គាំពារ​មតិ​នៃ​គម្រោង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​របស់​អង្គការ​អន្តរជាតិ Winrock ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​បញ្ជាក់​ថា ការ​ធ្វើ​អន្តរាគមន៍​ជា​អន្តរជាតិ​លក្ខណៈ​រួម​គ្នា​នេះ គឺជា​វិធីសាស្ត្រ​នៃ​ការ​ពង្រឹង​ច្បាប់​ត្រួត​ពិនិត្យ​ដ៏​មាន​ប្រសិទ្ធភាព​មួយ ក្នុង​ការ​លុប​បំបាត់​ខ្សែ​សង្វាក់​ផលិតកម្ម​សកលលោក ដែល​ពឹងផ្អែក​លើ​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម។ លោក​បាន​បន្ថែម​ថា អន្តរាគមន៍​បែប​នេះ​មិន​ត្រូវបាន​កំណត់​ជា​អចិន្ត្រៃយ៍​នៅ​ឡើយ​ទេ។

«‍យើង​ឃើញ​ថា ការ​ចាត់​វិធានការ​ជា​អន្តរជាតិ​នេះ វា​មាន​ប្រសិទ្ធភាព​ ហើយ​វា​ជះ​ឥទ្ធិពល​ជា​វិជ្ជមាន​ទៅ​ដល់​ការ​គោរព​សិទ្ធិមនុស្ស និង​ការ​លើក​កម្ពស់​ការ​ការពារ​សិទ្ធិ​ពលករ។ ខ្ញុំ​សង្ឃឹម​ថា ច្បាប់​ពង្រឹង​ការ​ត្រួតពិនិត្យ​លើ​ទំនិញ​នាំ​ចូល​មក​សហរដ្ឋ​អាមេរិក​នេះ​នឹង​ចូលរួម​ចំណែក​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស ក៏​ដូច​ជា​ការ​ជួញ​ដូរ​កម្លាំង​ពលកម្ម»។

ក៏​ប៉ុន្តែ លោក​សង្កត់​ធ្ងន់​ថា កត្តា​ប្រឈម​ដ៏​សំខាន់​មួយ​ទៀត​គឺ​ការ​ផ្តន្ទាទោស​ជន​ដៃដល់ ដោយសារ​តែ​ខ្សែ​សង្វាក់​ផលិតកម្ម​សកលលោក​មាន​ទំហំ​ធំ​ពេក និង​មាន​បណ្តាញ​ច្រើន។

ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​គឺជា​ឧក្រិដ្ឋកម្ម​ដែល​ប្រឈម​នឹង​ទោស​តិចតួច​បំផុត។ នេះ​បើ​យោង​តាម​ការ​អះអាង​របស់​អ្នកស្រី Annick Febrey នៃ​អង្គការ Human Rights First។ អ្នក​ស្រី​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​មុន ជន​រងគ្រោះ​នៃ​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​មាន​ចំនួន​លើស​ពី​២៣លាន​នាក់ នៅ​ទូទាំង​ពិភពលោក។ ក៏​ប៉ុន្តែ ការ​ផ្តន្ទាទោស​លើ​ជន​ដៃដល់​មាន​ចំនួន​ត្រឹម​តែ​ជាង​៤០០០​ករណី​ប៉ុណ្ណោះ។

‍«‍ដូច្នេះ យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​ឧក្រិដ្ឋកម្ម​នេះ​ប្រឈម​នឹង​គ្រោះថ្នាក់​ឲ្យ​ខ្លាំង​ជាង​នេះ​ដល់​ជន​ដៃដល់ ដើម្បី​ធ្វើឲ្យ​ប្រាក់​ចំណូល​របស់​ពួក​គេ​បាត់បង់ និង​ដើម្បី​ឲ្យ​មាន​ជន​ដៃដល់​កាន់​តែ​ច្រើន​ទៀត​ប្រឈម​មុខ​នឹង​ច្បាប់»។

ច្បាប់​ពង្រឹង​ការ​នាំចេញ​នាំចូល​នេះ​មាន​គោលដៅ​ចម្បងៗ ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់​របស់​អាមេរិក​ក្នុង​ការ​ត្រួត​ពិនិត្យ​ផលិតផល​នាំ​ចូល​អាមេរិក និង​ប្រព័ន្ធ​និយតកម្ម​ពាណិជ្ជកម្ម ដែល​ក្នុង​នោះ​រួម​មាន ការ​បង្កើត​ឲ្យ​មាន​«‍ក្រុម​ត្រួតពិនិត្យ​ថ្មី​លើ​ការ​អនុវត្ត​ច្បាប់​ពាណិជ្ជកម្ម​ដោយ​តំណាង​រាស្ត្រ​ទទួល​បន្ទុក​ផ្នែក​ពាណិជ្ជកម្ម​អាមេរិក ការ​បង្កើត​មជ្ឈមណ្ឌល​អន្តរ​ភ្នាក់ងារ​ស្តីពី​ការ​អនុវត្ត ត្រួត​ពិនិត្យ និង​ពង្រឹង​ច្បាប់​ពាណិជ្ជកម្ម និង​ការ​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​ព្រមាន​ទុក​ជា​មុន ដែល​កំណត់​ការ​កើន​ឡើង​នៃ​ពាណិជ្ជកម្ម​ដែល​មិន​ស្រប​ច្បាប់»។

យ៉ាង​ណា​ក៏​ដោយ អ្នក​ជំនាញ​ទាំង​នេះ​ថា សហរដ្ឋ​អាមេរិក​ត្រូវ​ចាប់ផ្តើម​អនុវត្ត​ផែនការ​សកម្មភាព​ពិត​ប្រាកដ​របស់​ខ្លួន ដើម្បី​ធ្វើ​ឲ្យ​ច្បាប់​នេះ​មាន​ប្រសិទ្ធភាព៕

XS
SM
MD
LG