បុរសហុងកុងអាយុ២៤ឆ្នាំម្នាក់កាលពីថ្ងៃពុធបានក្លាយជាជនជាប់ចោទដំបូងគេដែលត្រូវបានកាត់ទោសក្រោមច្បាប់សន្តិសុខជាតិអាយុជិតមួយឆ្នាំ។ លោក Tong Ying-kit ត្រូវបានចាប់ខ្លួនបន្ទាប់ពីគាត់បើកម៉ូតូចូលទៅក្នុងហ្វូងប៉ូលិសកាលពីថ្ងៃទី១ខែកក្កដាឆ្នាំមុនមួយថ្ងៃបន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំងបានដាក់ច្បាប់ដ៏តឹងរ៉ឹងនេះលើទីក្រុងពាក់កណ្តាលស្វយ័តនេះ។
អតីតចុងភៅភោជនីយដ្ឋាននេះត្រូវបានចោទប្រកាន់ពីបទភេរវកម្មនិងញុះញង់ឲ្យមានអបគមន៍ដោយដាក់ទង់នៅលើម៉ូតូរបស់គាត់ដែលសរសេរថា«រំដោះហុងកុងបដិវត្តសម័យកាលយើង»។
នេះជាពាក្យស្លោកមួយដែលត្រូវបានគេនិយមប្រើក្នុងកំឡុងពេលបាតុកម្មទ្រង់ទ្រាយធំប្រឆាំងនឹងរដ្ឋាភិបាលកាលពីឆ្នាំ២០១៩ដែលបានជំរុញឱ្យរដ្ឋាភិបាលក្រុងប៉េកាំងដាក់ឲ្យមានច្បាប់ថ្មីនេះ។
លេខាធិការក្រសួងយុត្តិធម៌ហុងកុងបានបញ្ជាឱ្យក្រុមប្រឹក្សាចៅក្រមពិសេសបីរូបដែលត្រូវបានចាត់តាំងកាត់ទោសលោក Tong គឺមិនមែនអង្គចៅក្រមអព្យាក្រឹតទេដែលនាំឲ្យមានការរិះគន់ថា ធ្វើឲ្យខូចប្រព័ន្ធតុលាការឯករាជ្យរបស់ក្រុងហុងកុង។
លោក Tong ដែលបានជាប់ឃុំឃាំងតាំងពីពេលចាប់ខ្លួនដោយគ្មានការធានានោះបានតវ៉ាថាគ្មានកំហុសនៅពេលចាប់ផ្តើមសវនាការនៅថ្ងៃពុធ។គាត់អាចជាប់ពន្ធនាគារមួយជីវិត។គាត់ក៏កំពុងប្រឈមនឹងការចោទប្រកាន់ដាច់ដោយឡែកពីបទបង្កគ្រោះថ្នាក់ដោយការបើកបរដែលអាចជាប់ពន្ធនាគារអតិបរមា៧ឆ្នាំ។
អ្នកដែលត្រូវបានគេជឿថាកំពុងធ្វើអំពើភេរវកម្មធ្វើអបគមន៍ ធ្វើវិទ្ធង្សនាអំណាចរដ្ឋឬឃុបឃិតជាមួយកម្លាំងបរទេសអាចត្រូវបានកាត់ទោសនិងប្រឈមមុខនឹងការជាប់ពន្ធនាគារប្រសិនបើត្រូវបានផ្តន្ទាទោសតាមច្បាប់សន្តិសុខជាតិនេះ។
អ្នកនយោបាយនិងសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យរាប់សិបនាក់ត្រូវបានចាប់ខ្លួនក្រោមច្បាប់នេះចាប់តាំងពីច្បាប់ចូលជាធរមាន៕