ក្រុមមេដឹកនាំបាតុកម្មនៅក្នុងទីក្រុងហុងកុងបានប្រកាសពីគម្រោងធ្វើបាតុកម្មទ្រង់ទ្រាយធំមួយទៀតនៅ ថ្ងៃអាទិត្យខាងមុខនេះ ដើម្បីបន្ថែមយុទ្ធនាការប្រឆាំងនឹងសំណើច្បាប់បត្យាប័ន។ ការប្រកាសនេះបានធ្វើឡើងមួយថ្ងៃក្រោយមក បន្ទាប់ពីប៉ូលិសបានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រដើម្បីបំបែកការតវ៉ារបស់ពួកគេនៅតាមដងផ្លូវ។
ការប្រកាសនេះបង្កើតនូវការតតាំងថ្មីមួយទៀតប្រឆាំងនឹងរដ្ឋាភិបាលក្រុងហុងកុង ដែលបដិសេធមិនព្រមលុបចោលសំណើច្បាប់នេះ។ ពាក់ព័ន្ធនឹងសំណើច្បាប់នេះ រដ្ឋាភិបាលក្រុងហុងកុងមានការគាំទ្រខ្លាំងក្លាពីប្រទេសចិន ដោយរដ្ឋាភិបាលចិនហៅការតវ៉ានេះថាជា «កុប្បកម្ម»។
រដ្ឋាភិបាលក្រុងហុងកុងបានព្យាយាមបន្ធូរបន្ថយកំហឹងរបស់អ្នកតវ៉ា ដោយបានពន្យារពេលការប្រជុំរបស់សភាអំពីសំណើច្បាប់នេះ ដែលបានគ្រោងធ្វើឡើងកាលពីថ្ងៃពុធម្សិលមិញ។
ប៉ុន្តែក្រុមអ្នកតវ៉ាបានសច្ចាថានឹងបង្កើនការតវ៉ាបន្ថែមទៀត ដោយអំពាវនាវឲ្យមានការជួបជុំតវ៉ាទ្រង់ទ្រាយធំនៅថ្ងៃអាទិត្យខាងមុខនេះ និងធ្វើកូដកម្មនៅទូទាំងទីក្រុងហុងកុងនៅថ្ងៃចន្ទបន្ទាប់។
លោក Jimmy Sham នៃអង្គការសិទ្ធិមនុស្ស Civil Human Rights Front ដែលជាអង្គការចម្បងមួយនៅក្នុងការដឹកនាំបាតុកម្មនេះ និយាយដូច្នេះថា៖ «យើងនឹងតស៊ូជាមួយនឹងប្រជាពលរដ្ឋហុងកុងរហូតដល់ទីបញ្ចប់»។ លោកបានបន្ថែមថា ពួកគេបានដាក់ពាក្យដល់អាជ្ញាធរដើម្បីសុំសិទ្ធិធ្វើបាតុកម្មនៅថ្ងៃអាទិត្យខាងមុខនេះហើយ។
លោកបានប្រាប់អ្នកកាសែតដូច្នេះថា៖ «នៅពេលប្រឈមនឹងការធ្វើព្រងើយកន្តើយ ការមិនធ្វើតាមការទាមទារ និងការគាបសង្កត់ គឺវាមានតែធ្វើឲ្យយើងកាន់តែខ្លាំងក្លាបន្ថែមទៀតតែប៉ុណ្ណោះ គឺប្រជាពលរដ្ឋហុងកុងកាន់តែច្រើនជាងមុន [នឹងចូលរួមនៅក្នុងការតវ៉ានេះ]»៕