បាតុកម្មដ៏ធំមួយនៅខាងក្រៅទីស្នាក់ការធំរបស់រដ្ឋាភិបាលក្រុងហុងកុង បានក្លាយទៅជាហិង្សា កាលពីថ្ងៃពុធ នៅពេលដែលប៉ូលិសបានប៉ះទង្គិចជាមួយក្រុមបាតុករដែលបានប្រមូលផ្តុំគ្នានៅខាងក្រៅទីស្នាក់ការរបស់រដ្ឋាភិបាល ដើម្បីជំទាស់ប្រឆាំងសេចក្តីព្រាងច្បាប់បត្យាប័ន។
ក្រុមមន្រ្តីប៉ូលិស ដែលពាក់មួកដែក និងកាន់ប្រដាប់ការពារបានឈរជាជួរ នៅតាមផ្លូវនានា បានបាញ់ឧស្ម័នបង្ហូទឹកភ្នែក គ្រាប់កាំភ្លើងជ័រ និងបានប្រើទឹកម្ទេសបាញ់ភ្នែក ដើម្បីរុញបាតុករឲ្យត្រឡប់ទៅវិញ បាតុករខ្លះនៃបាតុករទាំងនោះបានរុញរបាំងការពារ និងគប់របស់របរដាក់ប៉ូលិស។ បាតុកម្មបានបង្ខំឲ្យអង្គការនីតិបញ្ញតិ្តពន្យារពេលសម័យប្រជុំកាលពីថ្ងៃពុធ ដែលនៅទីនោះ ក្រុមសមាជិកសភាមានគម្រោងពិភាក្សាសេចក្តីព្រាងច្បាប់ដែលបានស្នើឡើងនោះ។
នៅពេលដែលក្រុមបាតុករបានដកថយទៅជិតហាងលក់ដូរទំនិញ ហើយបានដើរតាមផ្លូវ ពួកគេជាច្រើនបាននិយាយថា ការដោះស្រាយរបស់ពួកគេមិនទាន់បរាជ័យនៅឡើយទេ។
អ្នកស្រី Raven Tse ជាបាតុករម្នាក់ដែលបានឈប់សម្រាកការងារមួយថ្ងៃដើម្បីចូលរួមបាតុកម្មនេះ បាននិយាយថា៖ «យើងកំពុងព្យាយាមការពារក្រុងហុងកុង។ នេះជាផ្ទះរបស់យើង»។
អ្នកស្រីបាននិយាយថា អ្នកស្រី ខឹង ពិបាកចិត្ត និងអន់ចិត្តចំពោះរដ្ឋាភិបាល «ដែលមិនព្រមស្តាប់ក្រុមបាតុករ បន្ទាប់ពីបាតុកររាប់ពាន់ម៉ឺននាក់បានចេញមកតាមផ្លូវនានាកាលពីចុងសប្តាហ៍»។
អ្នកស្រី Tse និងអ្នកស្រី Tracy Lee ដែលជាមិត្តភក្តិ ដែលអ្នកទាំងពីរបានពាក់ម៉ាសនិងវ៉ែនតាសម្រាប់ការពារភ្នែក បាននិយាយថា ពួកគេមានការភ័យខ្លាចអំពីច្បាប់បត្យាប័នសម្រាប់ទីក្រុងហុងកុង។
អ្នកស្រី Tse បាននិយាយថា៖ «សេរីភាពក្នុងការនិយាយស្តីរបស់យើងកាន់តែតិចជាងមុន។ នេះជាអ្វីដែលពិសេសសម្រាប់ទីក្រុងហុងកុង។ នេះជាអ្វីដែលពលរដ្ឋជាច្រើនចង់មកទីក្រុងហុងកុង»។
ពេលដែលមេឃងងឹតគ្របដណ្តប់ក្នុងក្រុងហុងកុង ពួកបាតុករបានត្រូវប៉ូលិសបង្ក្រាប ហើយបណ្តេញចេញពីតំបន់នានានៅជុំវិញក្រុមប្រឹក្សានីតិប្រតិបត្តិ។ ទោះជាយ៉ាងណាក៏ដោយមនុស្សជាច្រើននៅតែស្ថិតនៅជុំវិញជិតទីកន្លែងបាតុកម្ម អ្នកខ្លះជាបាតុករនិស្សិត ខណៈដែលអ្នកផ្សេងទៀត ជាពលរដ្ឋធម្មតាដែលបង្ហាញការគាំទ្ររបស់ខ្លួន។
កាលពីដំបូង លោកស្រី Laurel Lee បានប្រាប់ VOA ថា លោកស្រីបានចូលរួមបាតុកម្មនេះនៅពេលដែលក្រុមជួយគាំទ្របានជួយអ្នកទាំងនោះដើម្បីប្រយុទ្ធនៅជួរមុខ។
លោកស្រី Leeបាននិយាយទៀតថា៖ «ខ្ញុំធ្លាប់ទទួលបរាជ័យ ដូច្នេះខ្ញុំមិនមានការអាក់អន់ចិត្តទេ ប្រសិនបើពេលនេះ យើងទទួលបរាជ័យម្តងទៀតនោះ។ យើងប្រុងប្រៀបខ្លួនត្រឡប់មកវិញនៅពេលណាមួយ»។
កាលពីថ្ងៃពុធ ពាណិជ្ជកររាប់រយនាក់បានបិទទ្វាររបស់ខ្លួន ដើម្បីអនុញ្ញាតឲ្យបុគ្គលិកចូលរួមបាតុកម្មនោះ ខណៈដែលពាណិជ្ជករដទៃទៀតបាននិយាយថា ពួកគេនឹងអនុញ្ញាតឲ្យមានធ្វើការផ្លាស់ប្តូរម៉ោងធ្វើការបាន ឬសុំច្បាប់ឈឺ។
ការធ្វើបត្យាប័នបញ្ជូនមនុស្សទៅកាន់ប្រទេសចិនដីគោក ដែលជាអ្វីដែលគេរំពឹងទុកជាពិសេសនៅក្នុងសំណើច្បាប់នេះគឺជា អ្វីដែលធ្វើឲ្យពលរដ្ឋក្រុងហុងកុង ដែលមានតាំងពីក្រុមហ៊ុនអាជីវកម្មអន្តរជាតិនានារហូតដល់ក្រុមអ្នកច្បាប់ និងសកម្មជនប្រជាធិបតេយ្យជាដើម មានការព្រួយបារម្ភ។
បាតុកម្មនេះធ្វើឲ្យនឹកឃើញឡើងវិញយ៉ាងខ្លាំងនូវបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យនៅឆ្នាំ ២០១៤ ដោយលោក Claudia Mo សមាជិកសភាគាំទ្រលទ្ធិប្រជាធិបតេយ្យបានហៅថា «ឆ័ត្រ ២.0»។
លោកស្រី Carrie Lam ប្រធានប្រតិបត្តិក្រុងហុងកុង មិនអាចធ្វើមិនដឹងឮដោយនិយាយថា មិនមានអ្វីកើតមានឡើងច្រើននោះទេ។
ថ្វីបើមានការតវ៉ាប្រឆាំងយ៉ាងខ្លាំងក៏ដោយ លោកស្រី Lam បន្តគាំទ្រសេចក្តីព្រាងច្បាប់បត្យាប័ននោះ។
ការផ្លាស់ប្តូរដល់ច្បាប់ក្រុងហុងកុងនោះបានធ្វើឲ្យមានការរិះគន់មកពីសហគមន៍អន្តរជាតិ រួមមាន សហរដ្ឋអាមេរិកផងដែរ។ ចិនបានចោទប្រកាន់សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារពីការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន។
ទីក្រុងហុងកុង ដែលត្រូវបានចក្រភពអង់គ្លេសប្រគល់ឲ្យប្រទេសចិនវិញកាលពីឆ្នាំ ១៩៩៧ ទទួលបានសិទ្ធិជាតំបន់ស្វយ័តពិសេសរយៈពេល ៥០ ឆ្នាំ។ ក៏ប៉ុន្តែពលរដ្ឋភាគច្រើននៅក្នុងទីក្រុងហុងកុងមានការព្រួយបារម្ភថា ប្រទេសចិនកំពុងទន្ទ្រានបន្តិចម្ដងៗលើសិទ្ធិស្វយ័តនេះ និងពង្រីកការគ្រប់គ្រងរបស់ខ្លួនលើទីក្រុងនេះ។
ការតវ៉ាប្រឆាំងរបស់ចលនាឆ័ត្របានចាប់ផ្តើមនៅឆ្នាំ ២០១៤ ទាមទារឲ្យមានការបោះឆ្នោតផ្ទាល់ ដើម្បីជ្រើសរើសមេដឹកនាំកំពូលរបស់ទីក្រុងនោះបន្ទាប់ពីចិនមិនរក្សាការសន្យាសិទ្ធិបោះឆ្នោតសាកលនៅកំណត់ឆ្នាំ២០១៧។ ការតវ៉ាប្រឆាំងបានបញ្ចប់ដោយមិនមានការផ្តល់សម្បទានណាមួយពីរដ្ឋាភិបាលក្រុងហុងកុង៕