ប៉ូលិសក្រុងហុងកុង បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនៅក្នុងទីកន្លែងជាច្រើនកាលពីថ្ងៃអាទិត្យនៅពេលដែលបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យរាប់ម៉ឺននាក់ បានចេញមកតាមផ្លូវនានាដោយបានបំពានការហាមឃាត់ការពាក់ម៉ាសបិទមុខ។
ពួកបាតុករ អាចត្រូវបានគេមើលឃើញធ្វើដំណើរកាត់តាមទីក្រុងដោយបាំងឆ័ត្រនៅពេលដែលកំពុងធ្លាក់ភ្លៀង។
រដ្ឋាភិបាលក្រុងហុងកុងកាលពីថ្ងៃសុក្រសប្តាហ៍មុន បានហាមឃាត់ពលរដ្ឋមិនឲ្យពាក់ម៉ាសបិទមុខនៅឯការតវ៉ាសាធារណៈដោយបានអំពាវនាវឲ្យអនុវត្តច្បាប់ច្បាប់គ្រាអាសន្នក្នុងសម័យអាណានិគមអង់គ្លេសដែលត្រូវប្រើជាលើកចុងក្រោយដើម្បីបង្ក្រាបកុប្បកម្មនៅឆ្នាំ១៩៦៧។
ពួកបាតុករ រួមមានអ្នកពាក់ម៉ាសបិទមុខខ្លះ បានដើរទូទាំងទីក្រុងបន្ទាប់ពីការសម្រេច ដែលបាននាំឲ្យមានបាតុកម្ម និងការប៉ះទង្គិចដោយហិង្សា។
លោកស្រី Carrie Lam ប្រធាននីតិប្រតិបត្តិក្រុងហុងកុង និយាយថា បទបញ្ញត្តិថ្មី ដែលបានចូលជាធរមានកាលពីថ្ងៃសប្តាហ៍មុន បានហាមឃាត់ការគ្របមុខ ហើយមានគោលបំណងដើម្បីដៅលើពួកកុបករ ឬអ្នកដែលប្រើអំពើហិង្សា។
ច្បាប់ថ្មីនោះ គំរាមជនណាដែលពាក់ម៉ាសបិទមុខនៅពេលធ្វើការតវ៉ាប្រឆាំងដោយមានការជាប់គុករហូតដល់មួយឆ្នាំ។ ពួកអ្នកក្រុងហុងកុង អាចនៅពាក់ម៉ាសនៅតាមផ្លូវ ក៏ប៉ុន្តែ នៅក្រោមច្បាប់ថ្មី ពួកគេត្រូវតែ ដោះម៉ាសបិទមុខនោះចេញ ប្រសិនបើត្រូវបានស្នើសុំដោយប៉ូលិស។
ការហាមឃាត់ការពាក់ម៉ាសបិទមុខក៏ត្រូវបានលើកលែងសម្រាប់អ្នកដែលមានតម្រូវការតាមផ្លូវច្បាប់ឲ្យពាក់ម៉ាសបិទមុខនោះដែរ៕