ទីក្រុងហុងកុងបានឲ្យដឹងកាលពីថ្ងៃសុក្រថា ខ្លួននឹងពន្យារពេលការជ្រើសរើសមេដឹកនាំថ្មី ដើម្បីត្រៀមធ្វើតេស្តកូវីដ១៩ដល់ប្រជាជនរបស់ខ្លួនទាំងអស់ ខណៈដែលទីក្រុងនេះជួបបញ្ហាក្នុងការដោះស្រាយបញ្ហារលកឆ្លងថ្មីនៃជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ទីក្រុងហុងកុងដែលជាទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសចិននេះ បច្ចុប្បន្នកំពុងមានការផ្ទុះឆ្លងជំងឺកូវីដ១៩ដ៏ធ្ងន់ធ្ងរបំផុត ដោយមានករណីឆ្លងរាប់ពាន់ករណីក្នុងមួយថ្ងៃ ហើយមន្ទីរពេទ្យនានាមានអ្នកជំងឺច្រើនរកកន្លែងដាក់មិនបាន ចំណែកឯគោលនយោបាយតម្រូវឲ្យគ្មានកូវីដរបស់ចិនវិញកំពុងតែបរាជ័យ។
គណៈកម្មាធិការតូចមួយដែលគាំទ្ររដ្ឋាភិបាលក្រុងប៉េកាំងត្រូវបានបង្កើតឡើងដើម្បីជ្រើសរើសនាយកប្រតិបត្តិថ្មីរបស់ទីក្រុងហុងកុង នៅចុងខែមីនា ដោយកាលបរិច្ឆេទនៃការតែងតាំងបេក្ខជននឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យនេះ។
ប៉ុន្តែមេដឹកនាំបច្ចុប្បន្ន គឺអ្នកស្រី Carrie Lam បានប្រកាសកាលពីថ្ងៃសុក្រថា ការជ្រើសរើសមេដឹកនាំថ្មីនេះនឹងត្រូវពន្យារពេលដល់ថ្ងៃទី៨ ខែឧសភា។
អ្នកស្រីបានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ «ការសម្រេចនេះគឺដោយសារតែទីក្រុងហុងកុងប្រឈមនឹងស្ថានភាពធ្ងន់ធ្ងរបំផុត ចាប់តាំងពីការរាតត្បាតជំងឺកូវីដ១៩បានចាប់ផ្ដើមកាលពីពីរឆ្នាំមុនមក។ វាស្ថានភាពធ្ងន់ធ្ងរណាស់នៅពេលនេះ»។
អ្នកស្រី Lam បានបញ្ជាក់ថា ក្រុមអាជ្ញាធរកំពុងតែត្រៀមធ្វើតេស្តប្រជាជនទាំង ៧ លាន ៥ សែននាក់របស់ខ្លួន។
អ្នកស្រីបានថ្លែងថា៖ «វិធានការមួយដែលយើងកំពុងតែត្រៀមយ៉ាងយកចិត្តទុកដាក់នោះគឺការតម្រូវឲ្យធ្វើតេស្តគ្រប់ៗគ្នា។ ដូច្នេះយើងធ្វើតេស្តប្រជាជនគ្រប់គ្នានៅក្នុងទីក្រុងហុងកុង»។
ក៏ប៉ុន្តែជាថ្មីម្ដងទៀត អ្នកស្រីនៅតែច្រានចោលការបិទទីក្រុងទាំងមូល៕
ហុងកុង —