សភាក្រុងហុងកុងបានអនុម័តជាឯកច្ឆន្ទនិងយ៉ាងឆាប់រហ័សលើច្បាប់សន្តិសុខជាតិរបស់ខ្លួន កាលពីថ្ងៃអង្គារ ដើម្បីពង្រឹងសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការបំបិទមាត់អ្នកប្រឆាំង។
អាជ្ញាធរក្រុងហុងកុងនិយាយថាច្បាប់នេះជាសេចក្តីត្រូវការដើម្បីការពារទីក្រុង ក៏ប៉ុន្តែអ្នករិៈគន់និយាយថា ភាសារឹតបន្តឹងនិងមិនច្បាស់លាស់របស់ច្បាប់នេះ អាចរារាំងដល់កិច្ចការរបស់អ្នកកាសែត អាជីវករ និងបព្វជិត។
ច្បាប់ការពារសន្តិសុខជាតិនេះត្រូវបានអនុម័តកាលពីថ្ងៃអង្គារ ដោយសំឡេងគាំទ្រ ៩០ ទល់ ០ ដោយសភាដែលគាំទ្ររដ្ឋាភិបាលក្រុងប៉េកាំង មិនដល់ពីរសប្តាហ៍ក្រោយពីបានតាក់តែង។ ច្បាប់នេះតឹងរ៉ឹងជាងច្បាប់ស្រដៀងគ្នាមួយទៀត ដែលប្រទេសចិនបានដាក់ កាលពីឆ្នាំ ២០២០ ក្រោយពីមានបាតុកម្មទាមទារលទ្ធិប្រជាធិបតេយ្យ។ ច្បាប់នោះត្រូវបានយកទៅប្រើប្រាស់ដើម្បីចាប់ខ្លួនសកម្មជនទាមទារលទ្ធិប្រជាធិបតេយ្យរាប់រយនាក់ ដាក់ពន្ធនាគារ នាំឱ្យសង្គមស៊ីវិលដែលធ្លាប់តែរស់រវើក បាត់បង់សេរីភាព។
ច្បាប់ថ្មីនេះមានរួមបញ្ចូលទាំងការក្បត់ជាតិ ការបះបោរ ចារកម្ម ការលួចព័ត៌មានសម្ងាត់របស់ជាតិ ឥទ្ធិពលនិងការជ្រៀតជ្រែករបស់បរទេស និងការបំផ្លិចបំផ្លាញដែលរួមមានការប្រើប្រាស់ម៉ាស៊ីនកុំព្យូទ័រ និងប្រព័ន្ធអេឡិកត្រូនិក ដើម្បីធ្វើសកម្មភាពដែលធ្វើឱ្យមានគ្រោះថ្នាក់ដល់សន្តិសុខជាតិ។ ជនណាដែលត្រូវរកឃើញថាមានទោសនៅក្រោមច្បាប់ថ្មីនេះ អាចជាប់ពន្ធនាគាររហូតដល់អស់មួយជីវិត៕
សេវាភាសាចិនកុកងឺរបស់វីអូអេបានផ្តល់ព័ត៌មានសម្រាប់សេចក្តីរាយការណ៍នេះ។ ព័ត៌មានខ្លះត្រូវបានដកស្រង់ពីទីភ្នាក់ងារសារព័ត៌មានAssociated Press, Reuters និង Agence France-Presse។
វេទិកាបញ្ចេញមតិ