សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យហុងកុងនៅក្រៅប្រទេសប្រាប់វីអូអេថា ពួកគេនឹងមិនផ្លាស់ប្តូរជំហរដោយសារប្រាក់រង្វាន់ថ្មីផ្តល់ឱ្យដោយមន្ត្រីនៅទីក្រុងហុងកុង ដែលគាំទ្រដោយរដ្ឋាភិបាលក្រុងប៉េកាំងសម្រាប់ការផ្តល់ព័ត៌មានដែលអាចនាំទៅរកការចាប់ខ្លួនពួកគេពាក់ព័ន្ធនឹងការចោទប្រកាន់ថា បានរំលោភច្បាប់សន្តិសុខជាតិចិននោះទេ។
នៅក្នុងបទសម្ភាសន៍ជាមួយវីអូអេផ្សាយជាភាសាចិនកាតាំង សកម្មជនម្នាក់ក្នុងចំណោមសកម្មជនដែលមានឈ្មោះក្នុងសេចក្តីប្រកាសនាពេលថ្មីៗនេះ បានហៅប្រាក់រង្វាន់នេះថា «ចម្លែក» ខណៈអ្នកផ្សេងទៀតបានហៅការចេញដីកាចាប់ខ្លួនអ្នកប្រឆាំងបន្ថែមទៀតថាជា «ការគំរាមជាសាធារណៈ»។
កាលពីថ្ងៃទី ១៤ ខែធ្នូ ក្រសួងសន្តិសុខជាតិនៃកងកម្លាំងប៉ូលិសហុងកុងបានប្រកាសជាសាធារណៈនូវប្រាក់រង្វាន់ចំនួន ១លានដុល្លារហុងកុង (ប្រមាណ ១២៨.២០០ ដុល្លារអាមេរិក) ក្នុងម្នាក់ៗ សម្រាប់ការចាប់ខ្លួនសកម្មជនចំនួន ៥ នាក់ ដែលថ្មីៗនេះត្រូវបានដាក់នៅក្នុងបញ្ជីផ្តល់ប្រាក់រង្វាន់របស់អាជ្ញាធរ។
អ្នកទាំង ៥ នាក់នោះបានចាកចេញពីទីក្រុងហុងកុង ហើយឥឡូវនេះរស់នៅក្រៅប្រទេស។ ម្នាក់ក្នុងចំណោមពួកគេជាពលរដ្ឋអាមេរិកាំង។
អ្នកទាំង ៥ នាក់នោះរួមមានលោក Simon Cheng Man-kit អ្នកនាង Frances Hui Wing-ting នាង Joey Siu Nam លោក Johnny Fok Ka-chi និងលោក Tony Choi Ming-da។
បើតាមអាជ្ញាធរក្រុងហុងកុង នាង Hui អាយុ ២៤ ឆ្នាំ ត្រូវបានគេសង្ស័យថា«បានឃុបឃិតជាមួយបរទេសឬកងកម្លាំង ដើម្បីបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ»។ បច្ចុប្បន្ន នាងជាប្រធានក្រុមតស៊ូមតិឈ្មោះថា «We The Hong Kongers» នៅសហរដ្ឋអាមេរិក។
នាង Hui បាននិរទេសខ្លួនទៅសហរដ្ឋអាមេរិកនៅឆ្នាំ ២០២០ ហើយបានទទួលសិទ្ធិជ្រក កោនផ្នែកនយោបាយនៅឆ្នាំ ២០២២ និងបានក្លាយជាពលរដ្ឋហុងកុងដំបូងគេ ដែលទទួលសិទ្ធិជ្រកកោនផ្នែកនយោបាយពីរដ្ឋាភិបាលសហព័ន្ធសហរដ្ឋអាមេរិក។
នៅក្នុងបទសម្ភាសន៍ជាវីដេអូជាមួយវីអូអេផ្សាយជាភាសាចិនកាតាំង នាង Hui បានថ្លែងថា នាងមិនមានការភ្ញាក់ផ្អើលទេ នៅពេលដឹងព័ត៌មានពីដីការចាប់ខ្លួននាង ដោយសារតែនាងត្រៀមខ្លួនសម្រាប់លទ្ធភាពបែបនេះរួចហើយ នៅពេលប្រកាសនិរទេសខ្លួននៅឆ្នាំ ២០២០។ អ្នកនាង Hui បានថ្លែងថា «រឿងទាំងនេះនឹងកើតឡើងមិនយូរមិនឆាប់» ប្រសិនបើនរណាម្នាក់បន្តតស៊ូមតិដើម្បីសិទ្ធិមនុស្សនៅហុងកុង។
ទោះបីក្រសួងសន្តិសុខជាតិមិនបានបញ្ជាក់ច្បាស់ថា សកម្មភាពណាមួយរបស់នាងខុសច្បាប់ក៏ដោយ នាង Hui ជឿថា វាច្បាស់ជាពាក់ព័ន្ធនឹងច្បាប់ដាក់ទណ្ឌកម្មហុងកុងដែលជាច្បាប់របស់សហរដ្ឋអាមេរិកដែលអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មប្រឆាំងនឹងមន្ត្រីហុងកុង រួមទាំងចៅក្រមនិងរដ្ឋអាជ្ញាផងដែរ។ នាង Hui មានតួនាទីក្នុងការផ្សព្វផ្សាយច្បាប់នេះ ហើយនាងបានពណ៌នារដ្ឋាភិបាលក្រុងហុងកុងថា «ហាក់ដូចជាអាក់អន់ចិត្ត»។
នាង Hui បានថ្លែងថា៖ «វាទំនងជាចំណុចឈឺចាប់សម្រាប់រដ្ឋាភិបាលក្រុងហុងកុង ដែលមានមន្ត្រីរបស់ពួកគេ ជាពិសេសអ្នកនៅក្នុងប្រព័ន្ធតុលាការត្រូវរងការដាក់ទណ្ឌកម្ម។ ពួកគេមានភាពរសើបខ្លាំងចំពោះរឿងនេះ។ ជាក់ស្តែង មនុស្សភាគច្រើនដែលត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីតាមចាប់ខ្លួនចុងក្រោយបំផុតបានជំរុញដោយបើកចំហឱ្យមានការដាក់ទណ្ឌកម្មពីបរទេស»។
កាលពីខែវិច្ឆិកា សមាជិកសភាអាមេរិក ៥ រូបបានស្នើច្បាប់ដាក់ទណ្ឌកម្មហុងកុងទៅកាន់សភាតំណាងរាស្រ្តនិងព្រឹទ្ធសភា ដោយបានដាក់ឈ្មោះមន្ត្រី ចៅក្រមនិងរដ្ឋអាជ្ញាហុងកុងចំនួន ៤៩ នាក់ ដែលភាគច្រើនបានកាត់ទោសឬចូលរួមក្នុងសំណុំរឿងច្បាប់សន្តិសុខជាតិហុងកុង។
ច្បាប់ដាក់ទណ្ឌកម្មហុងកុងតម្រូវឱ្យប្រធានាធិបតីអាមេរិកកំណត់ថា តើមន្ត្រីហុងកុងជាក់ លាក់មួយចំនួនបានរំលោភសិទ្ធិមនុស្សដែរឬទេ ហើយថា តើទណ្ឌកម្មគួរតែត្រូវបានដាក់ដោយអនុលោមតាមច្បាប់ស្តីពីគណនេយ្យភាពសិទ្ធិមនុស្ស Global Magnitsky ឬច្បាប់ស្តីពីសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យហុងកុងឆ្នាំ ២០១៩ ឬច្បាប់ស្តីពីស្វ័យភាពហុងកុង។
នាង Hui បានថ្លែងថា សន្និសីទកាសែតរបស់ការិយាល័យសន្តិសុខជាតិហុងកុងច្បាស់ណាស់ជា«សារនយោបាយ»ដែលចង់បំភិតបំភ័យនាង។
នាងបានប្រាប់វីអូអេផ្សាយជាភាសាចិនកាតាំងថា៖ «សម្រាប់ខ្ញុំ ប្រាក់រង្វាន់១លានដុល្លារ ដីកាចាប់ខ្លួននិងការបង្រ្កាបឆ្លងដែន ទាំងអស់នេះគ្រាន់តែជាការបំភាន់សាធារណៈតែប៉ុណ្ណោះ»។
កាលពីខែកក្កដា ក្រសួងសន្តិសុខជាតិបានប្រកាសផ្តល់ប្រាក់រង្វាន់ដូចគ្នាសម្រាប់មនុស្ស ៨ នាក់។ នៅពេលនោះ លោក Steve Li Kwai-wah ប្រធានសន្តិសុខជាតិក្រុងហុងកុងបានថ្លែងថា ប្រាក់រង្វាន់នេះមិនមែនជាការបំភាន់នោះទេ ប៉ុន្តែជាការអនុវត្តច្បាប់។
នាង Hui បានថ្លែងថា នាងនឹងបន្តការងារតស៊ូមតិរបស់នាងសម្រាប់ទីក្រុងហុងកុង រួមទាំងការជំរុញឱ្យមានការដាក់ទណ្ឌកម្មលើមន្ត្រីហុងកុង ក៏ដូចជាការកសាងសហគមន៍ហុងកុងនៅក្រៅប្រទេសនិងការលើកកម្ពស់វប្បធម៌ក្នុងមូលដ្ឋានរបស់ក្រុងហុងកុងផងដែរ។
នាង Joey Siu Nam អាយុ ២៤ ឆ្នាំ ជាមនុស្សម្នាក់ទៀតក្នុងចំណោមមនុស្ស ៥ នាក់ដែលត្រូវបានតាមចាប់ខ្លួននិងជាពលរដ្ឋអាមេរិកាំង។ នេះជាលើកទី ១ ហើយ ដែលពលរដ្ឋអាមេរិកាំងត្រូវបានរដ្ឋាភិបាលហុងកុងតាមចាប់ខ្លួន ដោយបានចោទថាបានបំពានច្បាប់សន្តិសុខជាតិហុងកុង។
នាង Siu ជាអតីតអ្នកនាំពាក្យក្រុមសកម្មជនហុងកុង HKIAD ដែលបានបញ្ចុះបញ្ចូលបរទេសឱ្យដាក់ទណ្ឌកម្មប្រឆាំងនឹងហុងកុង។
នៅក្នុងការបង្ហោះនៅលើគណនី Instagram របស់ខ្លួនថា ការអំពាវនាវឱ្យមានការចាប់ខ្លួនពលរដ្ឋអាមេរិកាំងបង្ហាញថាហុងកុងមិនមែនជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ដែលមានប្រព័ន្ធតុលាការឯករាជ្យនិងនីតិរដ្ឋទៀតនោះទេ។
នាងបានសរសេរថា៖ «ការឆ្លើយតបរបស់ខ្ញុំចំពោះការបំភិតបំភ័យរបស់របបកុម្មុយនិស្តចិនគឺខ្លីណាស់៖ ខ្ញុំនឹងមិននៅស្ងៀមទេ ខ្ញុំនឹងមិនដកថយឡើយ»។
ជនបរទេសម្នាក់ទៀតដែលត្រូវបានតាមចាប់ខ្លួនគឺលោក Simon Cheng Man-kit អាយុ ៣៣ ឆ្នាំ ដែលជាអតីតបុគ្គលិកនៃស្ថានអគ្គកុងស៊ុលអង់គ្លេសប្រចាំនៅក្រុងហុងកុង។ លោក Cheng បានចាកចេញពីទីក្រុងហុងកុងទៅរស់នៅចក្រភពអង់គ្លេស ក្នុងឆ្នាំ ២០១៩។
យោងតាមក្រសួងសន្តិសុខជាតិក្រុងហុងកុង លោក Cheng រួមជាមួយអ្នកផ្សេងទៀតបានបង្កើតអង្គការនយោបាយដូចជា «សមាគមពលរដ្ឋហុងកុងនៅចក្រភពអង់គ្លេស» និង «សភាហុងកុងស្រមោល» បានតស៊ូមតិម្តងហើយម្តងទៀត ដើម្បីឯករាជ្យភាពរបស់ហុងកុងនៅលើវេទិកាបណ្តាញសង្គម ហើយបានស្នើទៅបរទេសឱ្យដាក់ទណ្ឌកម្មមន្ត្រីហុងកុងនិងមន្ត្រីតុលាការ។
រដ្ឋាភិបាលក្រុងហុងកុងបានចេញដីកាចាប់ខ្លួនលោក Cheng ក្នុងឆ្នាំ ២០២០។ ចំពោះមូល ហេតុដែលគេផ្តល់ប្រាក់រង្វាន់ចំពោះការផ្តល់ព័ត៌មានអំពីរូបលោកនោះ លោក Cheng បានប្រាប់វីអូអេផ្សាយជាភាសាចិនកាតាំងថា លោកគិតថាបក្សកុម្មុយនិស្តចិនមានការគិតគូរយ៉ាងខ្លាំងចំពោះការពិតដែលថា ពលរដ្ឋហុងកុងនៅក្រៅប្រទេសនិងពលរដ្ឋចិនផ្សេងទៀតបានបង្កើតអង្គការឯករាជ្យមិនស្ថិតក្រោមឥទ្ធិពលរបស់ចិន។
លោក Cheng បានថ្លែងថា៖ «អ្វីដែលយើងបានធ្វើគឺដើម្បីផលប្រយោជន៍ពលរដ្ឋ។ បំណងប្រាថ្នារបស់យើងគឺធ្វើឱ្យសង្គមនេះកាន់តែប្រជាធិបតេយ្យ សេរីនិងបើកចំហ»៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន