សកម្មជនទាមទារឯករាជ្យដ៏សំខាន់ម្នាក់របស់ទីក្រុងហុងកុងគឺលោកEdward Leung ត្រូវបានដោះលែងពីពន្ធនាគារហើយកាលពីថ្ងៃពុធ បន្ទាប់ពីបានជាប់ពន្ធនាគារ៤ឆ្នាំចំពោះការចូលរួមក្នុងការប្រឆាំងតវ៉ាមួយកាលពីឆ្នាំ២០១៦។
សកម្មជនដែលមានអាយុ៣០ឆ្នាំរូបនេះ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា លោកត្រូវបានដោះលែងពីពន្ធនាគារShek Pikនៅព្រឹកព្រលឹមស្រាងៗ ហើយពេលនេះកំពុងស្ថិតនៅផ្ទះរបស់លោកជាមួយក្រុមគ្រួសារ។
លោកបានសរសេរខណៈដែលសម្តែងនូវអំណរគុណដល់ពួកអ្នកគាំទ្រចំពោះការព្រួយបារម្ភនិងការស្រឡាញ់របស់ពួកគេថា «បន្ទាប់ពីរយៈពេល៤ឆ្នាំ ខ្ញុំចង់ប្រើពេលវេលាដ៏រីករាយនេះ នៅជួបជុំជាមួយក្រុមគ្រួសារនិងបន្តជីវភាពធម្មតាវិញជាមួយពួកគេ»។
លោកLeungបានក្លាយជាបុគ្គលដែលលេចមុខមាត់ខ្លាំងនៅឆ្នាំ២០១៦ នៅពេលដែលលោកធ្វើជានាំពាក្យឲ្យក្រុមជនជាតិដើមហុងកុងដែលជាក្រុមមួយដែលបានអំពាវនាវឲ្យរក្សាទុកនូវអត្តសញ្ញាណជនជាតិដើមភាគតិចសម្រាប់ក្រុងហុងកុងហើយនឹងផ្តាច់ខ្លួនទាំងស្រុងចេញពីប្រទេសចិនដីគោក។ លោកបានចូលរួមនៅក្នុងការប្រឆាំងតវ៉ាមួយដែលមានឈ្មោះថា បដិវត្តន៍ Fishball ប្រឆាំងទៅនឹងការបង្ក្រាបរបស់ក្រុមប៉ូលិសទៅលើអ្នកលក់ម្ហូបអាហារនៅតាមដងផ្លូវដែលគ្មានការអនុញ្ញាតនៅក្នុងសង្កាត់ Mong Kokនៃទីក្រុងហុងកុងដែលបណ្តាលឲ្យមានអំពើហិង្សា។
លោកLeung ត្រូវបានកាត់ទោសនៅឆ្នាំ២០១៨ពីបទបានវាយដំលើមន្ត្រីប៉ូលិសម្នាក់និងបានចូលរួមនៅក្នុងកុប្បកម្មពាក់ព័ន្ធនិងហេតុការណ៍នៅក្នុងសង្កាត់Mong Kokហើយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន៦ឆ្នាំ។ បណ្តាញព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ការជាប់ពន្ធនាគារនោះ ត្រូវបានកាត់បន្ថយចំនួន២ឆ្នាំ ដោយសារលោកមានអាកប្បកិរិយាល្អក្នុងពេលជាប់ពន្ធនាគារ។
លោកLeung បានប្រើពាក្យស្លោកដែលមានន័យថា«រំដោះទីក្រុងហុងកុង បដិវត្តន៍នៃសម័យ កាលរបស់យើង» សម្រាប់យុទ្ធនាការស្វែងរកអាសនៈសភាក្នុងទីក្រុងហុងកុងនៅឆ្នាំ២០១៦ ដែលត្រូវបានបញ្ចប់មុនពេលកំណត់ ព្រោះលោកត្រូវបានដកសិទ្ធិចូលរួមដោយសារតែជំហររបស់លោកដែលគាំទ្រឲ្យមានឯករាជ្យភាពដល់ទីក្រុងហុងកុង៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះ ដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន AP, Reuters និង AFP។