ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពាក្យបណ្តឹង​ជា​ប្រវត្តិសាស្ត្រ​ប្រឆាំងនឹង​រោងចក្រ​ផលិត​ចំណី​សត្វ​នៅ​សេណេហ្គាល់​ត្រូវបាន​ច្រានចោល


រូបឯកសារ៖ ប្រជាជន​សេណេស្គាល់​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​ក្រៅតុលាការ​ក្នុង​​ទីក្រុង Thies នៅ​ពេល​ចៅក្រម​ច្រានចោល​ពាក្យ​បណ្ដឹង​មួយ​របស់​ក្រុម​អ្នក​នេសាទដែល​បាន​ប្ដឹង​រោងចក្រផលិត​ចំណី​សត្វ​ដែល​ពួកគេ​បាន​ចោទប្រកាន់​ថា បាន​បំពុល​ភូមិ​របស់​ពួកគេ និង​បំផ្លាញ​ជីវភាព​របស់​ពួកគេ។
រូបឯកសារ៖ ប្រជាជន​សេណេស្គាល់​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​ក្រៅតុលាការ​ក្នុង​​ទីក្រុង Thies នៅ​ពេល​ចៅក្រម​ច្រានចោល​ពាក្យ​បណ្ដឹង​មួយ​របស់​ក្រុម​អ្នក​នេសាទដែល​បាន​ប្ដឹង​រោងចក្រផលិត​ចំណី​សត្វ​ដែល​ពួកគេ​បាន​ចោទប្រកាន់​ថា បាន​បំពុល​ភូមិ​របស់​ពួកគេ និង​បំផ្លាញ​ជីវភាព​របស់​ពួកគេ។

កាលពី​ថ្ងៃទី៣ ខែវិច្ឆិកា​កន្លង​ទៅ​នេះ មនុស្ស​រាប់​សិប​នាក់ បាន​នាំ​គ្នា​ចូល​ទៅ​បន្ទប់​សវនាការ​ក្នុង​ទីក្រុង Thies ដែល​ជា​ទីក្រុង​ឧស្សាហកម្ម​មួយ​ដើម្បី​ស្តាប់​ការប្រកាស​សាលក្រម​របស់​ចៅក្រម។

ពាក្យ​បណ្តឹង​ដែល​ប្តឹង​ដោយ​សមាគម Taxawu Cayar Collective ប្រឆាំង​នឹង​រោងចក្រ​ផលិត​ចំណី​សត្វ​ធ្វើ​ពី​ត្រី Touba Protéine Marine បាន​ចោទប្រកាន់​រោងចក្រ​នេះ​ថា​បានបំពុល​ខ្យល់ ដី និង​ទឹក​ក្នុង​តំបន់​ទីប្រជុំជន Cayar។

សមាគម​នេះ​បាន​ស្នើសុំ​ឱ្យ​បិទ​រោងចក្រ​នេះ​ជា​បណ្តោះអាសន្ន​ជា​បន្ទាន់។ ទីក្រុង Thies ជា​ទីក្រុង​ធំ​បំផុត​ទី៣​នៅ​ក្នុង​ប្រទេស​សេណេហ្គាល់​ និង​មាន​ចម្ងាយ​ប្រមាណ ៧៥ គ.ម.​នៅ​ភាគ​ខាង​កើត​នៃ​រដ្ឋធានី​ដាកា។

ក្នុង​នីតិវិធី​ច្បាប់ សមាគម​បាន​បង្ហាញ​វីដេអូ​មួយ​ដែល​ក្នុង​នោះ​រថយន្ត​រោងចក្រ​បាន​ចាក់​កាកសំណល់​ត្រី​ចូល​ទៅ​ក្នុង​បឹង​ក្នុង​តំបន់​ទីប្រជុំជន Cayar។ ការ​វិភាគ​នៅ​មន្ទីរ​ពិសោធន៍​ឯករាជ្យ​មួយ​បង្ហាញ​ឱ្យ​ឃើញ​ថា មាន​ជាតិ​ដែក​ដែល​មាន​សារធាតុ​ពុល​ខ្ពស់​ក្នុង​បឹង​ ហើយ​គេ​ក៏​រកឃើញ​សារធាតុ​នេះ​នៅ​ក្នុង​ទឹក​ទុយោ​ក្នុង​តំបន់​ទីប្រជុំជន​នេះ​ផង​ដែរ។

ឥឡូវនេះ សមាគម​នេះ​កំពុង​សម្រេច​ចិត្ត​ថា​តើ​ត្រូវ​ប្តឹង​ឧទ្ធរណ៍​លើ​សេចក្តីសម្រេច​នេះ ឬ​ដាក់​ពាក្យ​បណ្តឹង​ថ្មី​ដែល​អាច​នឹង​បិទ​រោងចក្រ​នេះ​ជា​រៀងរហូត។

លោក Alle Sy ជា​សមាជិក​ម្នាក់​នៃ​សមាគម​អ្នក​នេសាទ​នេះ។ លោក Alle Sy បាន​ថ្លែង​ថា៖
«យើង​នឹង​បន្ត​គ្រប់​មធ្យោបាយ​ច្បាប់​ដែល​អាច​ធ្វើ​បាន​ ដោយ​គោរព​តាម​ច្បាប់​នៃ​ប្រទេស​នេះ។ យើង​នឹង​មិន​បោះបង់​ឱកាស​នោះ​ទេ ដោយសារ​នេះ​ជា​ការប្រយុទ្ធ​ដែល​មាន​សារៈសំខាន់​យ៉ាងខ្លាំង​ចំពោះ​ពួកយើង»។

លោក Boubacar Cissé ជា​មេធាវី​តំណាង​ឱ្យ​រោងចក្រ​ផលិត​ចំណីសត្វ​ធ្វើ​ពី​ត្រី​ដែល​កាលពី​មុន​ត្រូវ​បាន​គេ​ស្គាល់​ថា Barna Senegal។ លោក​បាន​ថ្លែង​ថា រោងចក្រ​នេះ​ឥឡូវ​មាន​គម្រោង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​សមាគម​អ្នក​នេសាទ​វិញ។

លោក Boubacar Cissé បាន​ថ្លែង​ថា៖

«រោងចក្រ​មាន​ចម្ងាយ​ជាង ៣ គ.ម.​ពី​តំបន់​ទីប្រជុំជន Cayar ដូច្នេះ​តើ​អាជីវកម្ម​នេះ​អាច​បំពុល​ខ្យល់ និង​ធ្វើ​ឱ្យ​ពួកគេ​ពិបាក​ដកដង្ហើម​ដោយ​របៀប​ណា។ ច្បាស់​ណាស់ ក្រុមហ៊ុន Barna Senegal នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​តបត​វិញ​លើ​ពលរដ្ឋ​ដែល​បាន​បង្ខូច​ឈ្មោះ​របស់​រោងចក្រ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​រោងចក្រ»។

រោងចក្រ​នេះ​ជា​រោងចក្រ​មួយ​ក្នុង​ចំណោម​រោងចក្រ​ផលិត​ចំណី​សត្វ​ធ្វើ​ពី​ត្រី​យ៉ាង​ហោច​ណាស់​ចំនួន ៦ ដែល​កំពុង​ប្រតិបត្តិការ​នៅ​ប្រទេស​សេណេហ្គាល់៕

XS
SM
MD
LG