លោកស្រី Hillary Clinton បានធ្វើការប្រជុំមហាជនធំមួយជាលើកដំបូងនៃការឈរឈ្មោះរបស់លោកស្រីសម្រាប់តំណែងជាន់ខ្ពស់ក្នុងសេតវិមានដោយលោកស្រីបានថ្លែងសុន្ទរកថាមួយដែលមានភាពអ៊ឹកធឹក បែបកំប្លែង និងមានភាពផ្ទាល់ខ្លួនដោយបានគូសបញ្ជាក់របៀបវារៈជឿនលឿនមួយព្រមទាំងបានសន្យាថានឹងឧបត្ថម្ភផ្ចុងផ្តើមឱ្យមានឱកាសស្មើគ្នា និងធ្វើការប្រយុទ្ធដើម្បីប្រជារាស្ត្រអាមេរិកាំងថ្នាក់កណ្តាលដែលមានការលំបាកច្រើន។
នៅក្នុងសុន្ទរកថាមួយផ្សាយតាមទូរទស្សន៍នៅទូទាំងប្រទេសនៅឯកោះ Roosevelt ក្នុងរដ្ឋ New York លោកស្រី Clinton បានមានប្រសាសន៍ប្រាប់ក្រុមអ្នកគាំទ្រលោកស្រីរាប់ពាន់នាក់ថា លោកស្រីឈរឈ្មោះជាប្រធានាធិបតីសម្រាប់ប្រជារាស្ត្រអាមេរិកាំងទាំងអស់គ្នាដោយមានរួមបញ្ចូលទាំងក្រុមជនដែលបានទុកចោល នៅពេលដែលសេដ្ឋកិច្ចរបស់ប្រទេសមិនមានដំណើរការល្អ។
លោកស្រីបានមានប្រសាសន៍ទៅកាន់ក្រុមមនុស្សដែលអបអរសាទរ និងស្រែកបន្ទរថា «Hillary Hillary» ដោយលោកស្រីបានថ្លែងថា «ប្រទេសអាមេរិកមិនអាចមានជោគជ័យបានទេលុះត្រាតែលោកអ្នកមានជោគជ័យ ព្រោះហេតុនេះហើយបានជាខ្ញុំឈរឈ្មោះសម្រាប់តំណែងប្រធានាធិបតីស.រ.អា.»។
លោកស្រី Clinton បានមានប្រសាសន៍ថា «ភាពសំបូររុងរឿងមិនមែនសម្រាប់តែនាយកប្រតិបត្តិក្រុមហ៊ុន និងអ្នកវិនិយោគនោះទេ។ លទ្ធិប្រជាធិបតេយ្យមិនមែនសម្រាប់តែអ្នកមានប្រាក់រាប់ពាន់លានដុល្លារទេ។ ភាពសំបូររុងរឿង និងលទ្ធិប្រជាធិបតេយ្យជាផ្នែកនៃការតថ្លៃជាមូលដ្ឋានរបស់លោកអ្នកដែរ»៕