ក្រុមអ្នកគាំទ្រកីឡានៅជុំវិញពិភពលោកពិបាកនឹងរកពាក្យមកថ្លែងដើម្បីរៀបរាប់អំពីអារម្មណ៍របស់ពួកគេទាក់ទិននឹងការស្លាប់ភ្លាមៗរបស់ជើងឯកបាល់បោះអាមេរិកាំងចូលនិវត្តន៍លោក Kobe Bryant។
លោក Bryant អាយុ ៤១ ឆ្នាំ និងកូនស្រីរបស់លោកអាយុ ១៣ ឆ្នាំ ឈ្មោះ Gianna ស្ថិតក្នុងចំណោមមនុស្ស ៩ នាក់ ដែលបានស្លាប់កាលពីថ្ងៃអាទិត្យម្សិលមិញ នៅក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រនៅតាមតំបន់ភ្នំក្រៅទីក្រុង Los Angeles។ គេបានរាយការណ៍ថា អ្នកទាំងនេះកំពុងធ្វើដំណើរទៅចូលរួមការប្រកួតកីឡាបាល់បោះរបស់យុវជនក្មេងៗ។
លោក Bryant ត្រូវបានគេស្គាល់ថាតែងតែជិះឧទ្ធម្ភាគចក្រពីផ្ទះរបស់លោកទៅកាន់កន្លែងប្រកួតកីឡានៅក្នុងទីក្រុង Los Angeles ដើម្បីគេចពីចរាចរកកស្ទះនៅក្នុងទីក្រុង។
នាយកដ្ឋានប៉ូលិសស្រុកទីក្រុង Los Angeles បានបញ្ជាក់ថា ការស៊ើបអង្កេតកំពុងបន្តធ្វើឡើងជាមួយនឹងការជួយជ្រោមជ្រែងពីមន្ត្រីសហព័ន្ធ ប៉ុន្តែមកទល់នឹងពេលនេះ នាយកដ្ឋាននេះមិនទាន់បានផ្ដល់ព័ត៌មានណាមួយអំពីមូលហេតុដែលបណ្ដាលឲ្យមានការធ្លាក់ឧទ្ធម្ភាគចក្រនេះកើតឡើងនោះទេ។
មន្ត្រីប៉ូលិសលោក Alex Villanueva បានបដិសេធមិនបង្ហាញអត្តសញ្ញាណរបស់ជនរងគ្រោះណាម្នាក់ ដោយលោកបាននិយាយថា ការិយាល័យរបស់លោកនឹងរង់ចាំដល់ពេលដែលអ្នកធ្វើកោសលវិច័យសាកសពបញ្ចប់កិច្ចការរបស់ខ្លួនជាមុនសិន។ លោកហៅការរាយការណ៍ព័ត៌មានរបស់គេហទំព័រព័ត៌មាន TMZ អំពីការស្លាប់នេះ មុនពេលអាជ្ញាធរអាចជូនដំណឹងដល់ក្រុមគ្រួសាររបស់ជនរងគ្រោះនោះ ថាជារឿង «មិនសមរម្យទាល់តែសោះ»។
លោកប្រធានាធិបតី Donald Trump បានបញ្ជាក់ថា នេះគឺជា «ដំណឹងដ៏អាក្រក់»។ ចំណែកឯភរិយារបស់លោកគឺអ្នកស្រី Melania Trump វិញ បានចូលរួម «រំលែកទុក្ខ» ជាមួយនឹងក្រុមគ្រួសាររបស់ជនរងគ្រោះ៕