ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សៀមរាប៖ ជនជាតិ​ខ្មែរ​៣នាក់ និង​ជប៉ុន​១នាក់កំពុង​នៅ​​ដាច់ដោយឡែកក្នុង​​មន្ទីរពេទ្យបង្អែកខេត្ត​រង់​ចាំលទ្ធផល​តេស្ត​រក​កូវីដ​១៩​​​​​​​


រូបថតទាញយកពីទំព័រហ្វេសប៊ុក «នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC» ដែលត្រូវបានបង្ហោះឡើងនៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែមីនាអំពីការសួរនាំអ្នកប៉ះពាល់ជាមួយនឹងជនជាតិជប៉ុនម្នាក់ដែលបានចាកចេញពីកម្ពុជា ដោយមានផ្ទុកវីរុសកូរ៉ូណា។
រូបថតទាញយកពីទំព័រហ្វេសប៊ុក «នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC» ដែលត្រូវបានបង្ហោះឡើងនៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែមីនាអំពីការសួរនាំអ្នកប៉ះពាល់ជាមួយនឹងជនជាតិជប៉ុនម្នាក់ដែលបានចាកចេញពីកម្ពុជា ដោយមានផ្ទុកវីរុសកូរ៉ូណា។

បន្ទាប់ពី​មាន​ការ​បញ្ជាក់​លទ្ធផល​វិជ្ជមាន​នៃ​ជំងឺ​រលាក​សួត​កូវីដ​១៩​លើ​ជនជាតិ​ជប៉ុនម្នាក់​ ដែល​ជា​អ្នកជំនួញ​ស្នាក់​នៅ​ខេត្ត​សៀមរាប ​ អាជ្ញាធរ​កម្ពុជាថា ​ពួកគេ​បាន​ដាក់​មនុស្ស ​៤នាក់​ឲ្យនៅ​ដាច់ដោយឡែក​នៅមន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​។​

ប្រធានមន្ទី​រ​សុខាភិបាលខេត្តសៀមរាប​ លោកវេជ្ជ​បណ្ឌិត ក្រុស សារ៉ាត់ បាន​ប្រាប់​វីអូអេ​ថា បុគ្គលិក​របស់​បុរស​ជនជាតិជប៉ុន​នោះ​ មានជនជាតិ​ខ្មែរ​ជាស្ត្រី​ ១រូប​ និង​បុរស ​២រូប​ និងជនជាតិជប៉ុនជា​ស្ត្រី​ ១រូប​ កំពុង​ស្ថិត​នៅ​ក្នុង​ការ​តាមដានពិនិត្យ​សុខភាព​ ហើយ​ការិយាល័យ​និង​បន្ទប់ជួលរបស់​បុរសជប៉ុននោះ​ត្រូវបាន​បាញ់ថ្នាំសម្លាប់មេរោគរួចរាល់​ហើយ​នៅ​ថ្ងៃនេះ​។ ​ឯមនុស្ស ​៤០​នាក់​ទៀត​ ដែល​ប៉ះពាល់​ដោយ​ប្រយោល​ជាមួយ​បុរស​ជនជាតិ​ជប៉ុន​នោះក៏ត្រូវ​ដាក់​ដោយឡែកផងដែរ​ តែ​មិនទាន់​មាន​ការបញ្ជាក់អំពីទីតាំងដែល​ពួកគាត់ត្រូវស្នាក់នៅ​នោះទេ​។​

«គាត់​មក​កន្លែង​ការិយា​ល័យ​ហ្នឹង​ជួប​ជា​មួយ​បុគ្គលិក​គាត់ទៅ​ យើង​ទៅបាញ់ថ្នាំ​បាញ់អីនៅកន្លែង​ហ្នឹង។​ យើងបាញ់​សម្អាត​ហើយ​យើងនាំយក​បុគ្គលិកគាត់ ​៤ នាក់​ដែល​បាន​ជួប​គាត់​ហ្នឹង​ ក្នុងរយៈពេល២ថ្ងៃ​ដែល​ជួប​គាត់​ហ្នឹង យើង​យកទៅដាក់ដាច់​ដោយឡែក​»។​

លោកក្រុស សារ៉ាត់បញ្ជាក់ថា បុរសជនជាតិ​ជប៉ុន​អាយុ ​៤០ ឆ្នាំរូបនេះ​ ស្នាក់នៅ​បន្ទប់ជួល​មួយ​នៅក្រុងសៀមរាប​តែ​ម្នាក់ឯង​។ ប្រធាន​មន្ទីរសុខាភិបាលសៀមរាបរូបនេះបន្តទៀត​ថា លោកដឹងថា​ បុរសនេះមក​ដល់​ខេត្ត​សៀមរាប​នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ​ និងសម្រាកនៅផ្ទះ​រហូត​ដល់ថ្ងៃ ទី១ ខែមីនា​ ទើប​លោក​ចេញ​ជួប​បុគ្គលិក​ជា​ស្ត្រី​ជនជាតិ​ជប៉ុន​ និង​នៅ​ថ្ងៃទី​២ ខែមីនា​ លោក​ជួបបុគ្គលិកជាជន​ជាតិខ្មែរ ៣នាក់ ​នៅការិយាល័យ​។​

លោកបន្តថា មុន​ពេល​លោកធ្វើដំណើរចាកចេញពីខេត្តសៀមរាប​នៅថ្ងៃ​ទី៣ ខែមីនា​ លោកបាន​ទៅពេទ្យ​ពិនិត្យសុខភាព​ មុននឹង​ឡើង​យន្ត​ហោះ​ទៅប្រទេស​ជប៉ុន ឆ្លងកាត់​តាម​ព្រលាន​យន្តហោះ​នៅទីក្រុងហូជីមិញ នៃប្រទេសវៀតណាម​។

«គាត់ទៅ​ពិនិត្យ​ផ្តាសាយ​ ហើយ​គេ​ Recommend [ណែនាំ] ទៅ។ គាត់​បារម្ភខ្លួនគាត់ គាត់ទិញ​សំបុត្រ​យន្ត​ហោះ​ ហោះ​ទៅវិញ​ទៅ»។​

លោក​ពុំបញ្ជាក់ថា​ បុរសនោះបានទៅពិនិត្យ​សុខភាព​នៅ​ពេទ្យ​មួយណា​ទេ។ ហើយ​សកម្មភាពមុនថ្ងៃទី២៨​ ខែ​កុម្ភៈ​ លោកពុំទាន់ដឹងទេ​។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន​និង​វៀតណាម​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ជប៉ុន​ និង​វៀតណាម​បាន​បញ្ជាក់នៅ​ថ្ងៃ​ពុធ​ម្សិល​មិញ​ថា ​ជនជាតិ​ជប៉ុន​ម្នាក់​ដែល​បាន​ចេញ​ពី​ខេត្ត​សៀមរាប​តាម​ជើង​ហោះហើរកាត់តាម​ទីក្រុង​ហូ​ជីមិញនៃ​ប្រទេស​វៀតណាមទៅ​កាន់​ទីក្រុង​ណាហ្កូយ៉ា​នៃ​ប្រទេសជប៉ុន​ ​មានផ្ទុក​មេរោគ​កូរ៉ូណាថ្មី ឬ​ជំងឺកូវីដ​១៩​។​

បុរស​ជនជាតិ​ជប៉ុន​រូប​នេះធ្វើដំណើរ​ចេញពីជប៉ុនមក​កម្ពុជានៅ​ថ្ងៃទី​ ១៦​ ខែកុម្ភៈ ​ហើយ​បាន​ធ្វើដំណើរ​ទៅហ្វីលីពីន​នៅថ្ងៃទី២១ ខែកុម្ភៈ។​ លោក​រាយការណ៍​ថា​ មិន​សូវ​ស្រួល​ខ្លួន​នៅ ​ថ្ងៃ​ទី​២១​ ខែ​កុម្ភៈ​។ ​នៅ​ថ្ងៃ​ទី​២៨​ ខែ​កុម្ភៈ ​លោក​ត្រឡប់​មក​ស្នាក់​នៅ​កម្ពុជា​វិញ​ហើយ​នៅ​ថ្ងៃ​ទី​៣ ​ខែ ​មីនា ​លោក​បាន​ទៅ​ពេទ្យ​មួយ​នៅ​ខេត្ត​សៀមរាប​។​ នៅ​យប់​ថ្ងៃ​ដដែល​លោក​ហោះ​ចេញ​ពី​កម្ពុជា​ តាម​ជើង​ហោះហើរ​ VN814​ កៅអី ​33D​ ទៅ​អាកាសយាន​ដ្ឋាន​ Tan Son Nhat ​ទីក្រុងហូជីមិញ ​រួច​ប្តូរ​ជើង​ហោះហើរ​ទៅ ​VN340​ កៅអី​2C ​មក​ទី​ក្រុង ​Nagoya​។ ​នេះ​បើយោង​តាម​លិខិត​ «ប្រញ៉ាប់ណាស់»​ របស់ស្ថាន​ឯកអគ្គរាជ​ទូតកម្ពុជា​ប្រចាំ​ប្រទេសជប៉ុន​ផ្ញើ​ជូន រដ្ឋមន្ត្រី​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិរបស់​កម្ពុជា​លោក​ប្រាក់ ​សុខុន។

មនុស្ស​៥១​នាក់​ រួម​ទាំង​បុគ្គលិក​បម្រើ​លើ​យន្តហោះ ​រួមដំណើរជាមួយ​បុរសជនជាតិ​ជប៉ុននោះ​ពីសៀមរាប​ទៅវៀតណាមត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ដាក់​អោយ​ស្ថិត​ដោយ​ឡែក​នៅ​ទី​ក្រុង​ហូជីមីញ​។ នេះ​បើយោង​តាម​សារព័ត៌មាន​ក្នុង​ស្រុក​របស់​វៀតណាម។​

បុរស​ជន​ជាតិ​ជប៉ុន​នោះ​បាន​រាយការណ៍​អំពី​ស្ថានភាព​សុខភាព​របស់​ខ្លួន​ទៅកាន់​អាជ្ញាធរ​ភ្លាម​ៗ​ ពេល​ដែល​រូប​លោក​ទៅដល់​ព្រលាន​យន្តហោះ​ Chubu Centrair International Airport។ លោក​មានអាការៈ​ផ្តាសាយ​ ឡើងកំដៅ​ខ្លួន​ និង​ពិបាក​ដកដង្ហើម​ ហើយ​ត្រូវ​បាន​ដឹក​បញ្ចូន​ទៅកាន់​មន្ទីរពេទ្យ​។ ក្រោយ​ក្រុម​គ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ​ គេ​បញ្ជាក់​ថា​ បុរស​ជប៉ុន​រូប​នោះ​មាន ជំងឺ​កូវីដ​១៩​។

អាជ្ញាធរ​វៀតណាម​និង​ជប៉ុនកំពុងស៊ើប​អង្កេត ដើម្បី​ផ្ទៀងផ្ទាត់​ប្រវត្តិ​ដំណើរ​របស់​អ្នក​ដំណើរ​ជប៉ុននោះនៅ​ក្នុង​ប្រទេស​កម្ពុជា។​

លោក​ ទៀ សីហា​ ជា​អភិបាល​ខេត្ត​សៀមរាប​ បាន​ឲ្យដឹងថា​ បុរសជប៉ុននោះ​ជាអ្នកជំនួញនៅ​ខេត្ត​សៀមរាប​ រកស៊ី​រយៈ​ពេល​ ៤ឆ្នាំហើយ។ លោកបើ​ក​ក្រុមហ៊ុនមួយ​ដែល​ជួយនាំពលករ​ខ្មែរ​ទៅធ្វើការនៅប្រទេសជប៉ុន។​

​ចំពោះមនុស្ស​ ៤០​នាក់ទៀត​ដែលមានទំនាក់ទំនង​ដោយប្រយោលជាមួយនឹងជនជាតិជប៉ុននោះ លោក លី សូវ៉ាន់​បញ្ជាក់ថា៖

«យើង​ឲ្យគាត់​នៅ​ដាច់​ដោយឡែក​ពីបងប្អូន​របស់​គាត់​ កូនក្មួ​យរបស់គាត់​ ហើយតាម​ដាន​សុខភាព​របស់​គាត់​។ ប្រសិន​បើគាត់ចេញ​រោគសញ្ញា​ យើង​យកវត្ថុវិភាគជាបន្ទាន់​។ ​ពួកគាត់​ទាំងអស់​មិនទាន់មាន​អ្នកចេញ​រោគសញ្ញានៅ​ឡើយទេ។ សូមផ្តាំផ្ញើទៅបង​ប្អូន​ផ្សេងទៀត​ដែល​ធ្លាប់ជួបគាត់សូមទាក់ទង​មកលេខ ១១៥»។

មក​ដល់ល្ងាចថ្ងៃ​ព្រហស្បតិ៍នេះ​អាជ្ញាធរ​មិនទាន់បញ្ជាក់ថា​ នៅ​ពេល​ណា​គេ​នឹងយកវត្ថុវិភាគរបស់​ពួកគេទៅ​ធ្វើ​តេស្ត​ទេ​ ហើយបច្ចុប្បន្នកំពុង​តាមដាន​រោគសញ្ញា​។ ​

ជំងឺកូវីដ១៩​ បានសម្លាប់​មនុស្ស​ជាង៣០០០​នាក់ ដែល​ភាគ​ច្រើន​នៅ​ក្នុង​ប្រទេស​ចិន​ ហើយ​ក្នុងនោះ​ជិត ​ ២៧០នាក់​ នៅ​ក្រៅ​ប្រទេស​ចិន។ មេរោគ​នេះ​បាន​ឆ្លង​រាល​ដាល​ដល់​ជាង​ ៧០ប្រទេស ហើយមនុស្ស​ជាង​ ៩៥០០០ នាក់ឆ្លង​ជំងឺ​នេះ៕ ​

XS
SM
MD
LG